website_news:2016150805

ឯកឧត្តម ឈាង វុន៖ អាជ្ញាធរថៃបានសន្យាថានឹងចាប់ផ្តើមធ្វើលិខិត ឆ្លងដែនជូនប្រជាពលករកម្ពុជាឡើងវិញនៅដើមខែកញ្ញាខាងមុខ

(http://www.akp.gov.kh/kh) AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦

យន្តការនៃការផ្តល់លិខិតឆ្លងដែន អាជ្ញាធរថៃបានជូនដំណឹង និង សន្យាថា នឹងបន្ត ចាប់ផ្តើមបើកធ្វើជូនប្រជាពលករកម្ពុជាឡើងវិញនៅដើមខែកញ្ញាខាងមុខនេះ បន្ទាប់ ពីបាន ផ្អាក មួយរយៈពេលចាប់តាំងពីខែមីនា ឆ្នាំ២០១៦ កន្លងមកនោះ ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាពលករ កម្ពុជាអាចឆាប់បានលិខិតឆ្លងដែនបានទៅធ្វើការស្របច្បាប់នៅប្រទេសថៃ។

នេះបើតាមប្រសាសន៍ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានឱ្យអ្នកសារព័ត៌មានដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ក្រោយពេលដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រុមតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជាធ្វើ មាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីចេញទៅធ្វើ ទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសថៃ ដើម្បីជំរុញផលប្រយោជន៍ដល់កម្មករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ។ ឯកឧត្តម ឈាង វុន បានឱ្យដឹងបន្តទៀតថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសថៃ គណៈប្រតិភូតំណាងរាស្រ្ត បានចូលជួបប្រធានរដ្ឋសភាថៃ ប្រធានគណៈកម្មការកិច្ច ការបរទេសនៃរដ្ឋសភាថៃ រដ្ឋមន្ត្រីក្រសួង ការបរទេសថៃ រដ្ឋមន្ត្រីក្រសួងការងារថៃ ប្រធានក្រុមមិត្តភាពសភាថៃ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំនៃប្រទេសថៃផងដែរ។ ជាមួយគ្នានោះ គណៈប្រតិភូ ក៏បានចុះទៅជួបសំណេះសំណាលជាមួយកម្មករពលករកម្ពុជាប្រមាណ ៣០០ នាក់ នៅក្រុមហ៊ុនផលិត ចំណីសត្វដ៏ធំមួយនៅក្នុងប្រទេសថៃ។ ឯកឧត្តម ឈាង វុន បានឱ្យដឹងដែរថា រាល់ជំនួបដែលគណៈប្រតិភូបានជួបពិភាក្សា ក៏បានសំណូមពរដល់ ភាគីថៃឱ្យយកចិត្តទុក្ខដាក់ទ្រទ្រង់ការពារពលករកម្ពុជា ដូចគ្នានឹងអ្នកធ្វើការនៅប្រទេសថៃ មានការធានាទាំង ផ្នែក សុខភាព ម្ហូបអាហារ ការស្នាក់នៅសមរម្យផងដែរ។

ជាការឆ្លើយតបខាងភាគីថៃ បានសន្យាថានឹងជួយជំរុញឱ្យយើងសម្របសម្រួលដើម្បីឱ្យពលករកម្ពុជា ជា ពលករស្របច្បាប់ មានការគាំពារសុខុមាលភាពសង្គមដូចពលករផ្សែងៗទៀតនៅប្រទេសថៃដែរ។ បញ្ហាសំខាន់ មួយទៀត ភាគីថៃគេបានជម្រាបជូនគណៈប្រតិភូថា ភាគីថៃមានបំណងបង្កើតមជ្ឈមណ្ឌល តាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើយ៉ាងណាឱ្យពលករកម្ពុជា មុនចូលទៅធ្វើការនៅប្រទេសថៃ ត្រូវឱ្យមាន ការបណ្តុះបណ្តាលសិន ដូចពលករខ្មែរមុននឹងបញ្ជូនឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ជប៉ុន ជាដើមនោះត្រូវ ទទួលការបណ្តុះបណ្តាលជាមុន។

ឯកឧត្តមបានបន្តថា គោលដៅជាយុទ្ធសាស្ត្រ ជាគោលនយោបាយរបស់ លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ គឺចង់ជំរុញធ្វើយ៉ាងណាជួយដោះស្រាយឱ្យបានឆាប់ ដើម្បីឱ្យពលករកម្ពុជាយើង ដែលធ្វើការនៅប្រទេសថៃបានស្របច្បាប់។ មួយទៀត ចំពោះពលករខ្មែរដែលធ្វើការនៅលើទូកនេសាទ ខាងអ្នកទទួលការខុសត្រូវគ្រប់គ្រងផ្នែកទូកនេសាទនៅប្រទេសថៃកំពុងរៀបចំការគ្រប់គ្រង ដើម្បីធ្វើយ៉ាងណាចៀសវាង កុំឱ្យមាន ការជួញដូរមនុស្ស។ ការរៀបចំនេះភាគីថៃគេតម្រូវឱ្យទូកនេសាទថៃទាំងអស់ត្រូវមកចុះឈ្មោះ ហើយមុននឹងចេញទៅប្រកបរបរនេសាទត្រូវមកប្រកាសពីចំនួនឈ្មោះពលករ ដែលចេញទៅបានដឹងជាមុន ដោយមានបញ្ជីច្បាស់លាស់ផងដែរ ងាយស្រួលក្នុងការតាមដានការត្រួត ពិនិត្យការងារពលករដែលងាយ រងគ្រោះ។ មន្ត្រីក្រសួងការងារថៃ បានជម្រាបជូនឯកឧត្តម ឈាង វុន ថា ពលករកម្ពុជា ដែលកំពុងរស់នៅធ្វើការនៅ ប្រទេសថៃមានចំនួនជាង៧០ម៉ឺននាក់និងមានពលករខ្មែរយើងទៅធ្វើការនៅតាមទូកនេសាទថៃមានជាង៥ម៉ឺននាក់ ដែលភាគច្រើនជាអ្នកមិនស្របច្បាប់ ជាហេតុធ្វើឱ្យពលករមួយចំនួនធ្លាក់រហូតដល់ប្រទេសឥណ្ឌូណេស៊ីក៏មាន។

ឯកឧត្តម ឈាង វុន ក៏បានឱ្យដឹងដែរថា ពេលដែលគណៈប្រតិភូតំណាង រាស្ត្រយើងទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ ចំពេលដែលប្រទេសថៃកំពុងធ្វើប្រជាមតិ ដើម្បីអនុម័ត ឬក៏សម្រេចទៅលើគម្រោងរដ្ឋធម្មនុញ្ញ ថ្មី ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋថៃ បានទៅធ្វើការបញ្ចេញមតិ។ ចំពោះលទ្ធផលនៃការបញ្ចេញមតិនេះ សង្កេតឃើញថា ប្រជាពលរដ្ឋថៃបានទទួលលទ្ធផលដ៏ត្រចះត្រចង់ ដោយទទួលបានសំឡេងគាំទ្រទទួល យករហូតដល់ជាង ៦៣ភាគរយ ដែលនេះគឺជាជ័យជម្នះថៃក្នុងការធ្វើប្រជាមតិ។

ដោយឡែកកម្ពុជាយើងក៏បានអបអរសាទរ និងសង្ឃឹមថា ក្រោយពីការធ្វើប្រជាមតិនេះ គម្រោងគិតគូរការ បោះឆ្នោតថ្នាក់ជាតិនៅប្រទេសថៃ ដែលគ្រោងធ្វើនៅចុងឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅដោយរលូនដើម្បីផ្តល់ សេចក្តីសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនរបស់ខ្លួន៕ ដោយ ប៉ាល់ សុង

website_news/2016150805.txt · Last modified: 2017/03/11 17:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki