website_news:2016150806

CNRP ចុះធ្វើយុទ្ធនាការជំរុញឲ្យពលករខ្មែរធ្វើការនៅថៃមកចុះឈ្មោះបោះឆ្នោត

(http://km.rfi.fr/cambodia) ដោយ អេង គីមហុង14/08/2016

លោកស្រី មួរ សុខហួរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបងនៅព្រឹកថ្ងៃអាទិត្យបានចុះទៅពន្យល់ពលករខ្មែរកំពុង ធ្វើការនៅថៃ ជុំវិញនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតឃុំ សង្កាត់ ដែលនឹងមកដល់នាថ្ងៃទី១កញ្ញាខាងមុខ។ លោកស្រី មួរ សុខហួរ បានចាត់ទុកសកម្មភាពរបស់ខ្លួនថា ជាដំណើរបេសកម្មដើម្បីជូនដំណឹងទៅពលករខ្មែរត្រៀមខ្លួនចុះឈ្មោះ បោះឆ្នោត។

លោកស្រី មួរ សុខហួរ រួមដំណើជាមួយលោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី បានជួបជាមួយពលករខ្មែរម្នាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោកស្រី បានពន្យល់ទៅកាន់ពលករខ្មែរថា ការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១កញ្ញាមានសារៈសំខាន់ដើម្បីបានចូលរួមបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ ដែលជាការបោះឆ្នោតជ្រើសរើសមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់។

តាមរយៈឃ្លីបវិដេអូដែលបង្ហោះនៅទំព័រហ្វេសប៊ុក លោក សម រង្ស៊ី នៅព្រឹកថ្ងៃអាទិត្យនេះលោក សោ ចាន់ដេត គូសបញ្ជាក់ទៅកាន់ពលករខ្មែរថា ត្រូវមានអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតទើបអាចចុះឈ្មោះបោះឆ្នោតបាន។ ដូច្នេះពលករខ្មែរត្រូវមានលិខិតបញ្ជាក់ទាំងពីរនេះ។ បន្ថែមពីលើនេះលោកស្រី មួរ សុខហួរ ក៏អំពាវនាវទៅពលករចំណាកស្រុកចូលរួមចុះឈ្មោះបោះឆ្នោតពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ឲ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា យុទ្ធនាការចុះទៅជួបពលករខ្មែរដើម្បីឲ្យពួកគេត្រៀមមកចុះឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ពីសំណាក់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនាពេលធ្វើឡើងបន្ទាប់ពីគ.ជ.ប ប្រកាសថា មិនពិចារណាលើសំណើរបស់គណបក្សសង្គ្រោះជាតិសុំឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ។

គ.ជ.ប ថា ការស្នើសុំឲ្យមានការរៀបចំការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ អាចប៉ះពាល់ដល់ភាពឯករាជ្យរបស់ គ.ជ.ប និង ប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យជាតិ។ គ.ជ.ប បង្ហាញថា ពលរដ្ឋខ្មែរមានជាង១៥លាននាក់។ ក្នុងនោះអាយុ១៨ឆ្នាំឡើងមានជាង៩លាន៦សែននាក់ហើយអត់ទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានជិត២លាននាក់៕

website_news/2016150806.txt · Last modified: 2017/03/11 17:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki