website_news:2016150901

នគរបាល អះអាងថា ពលរដ្ឋកម្ពុជា បានរងការជួញដូរសរីរាង្គ តែមិនទាន់មានលទ្ធភាពបង្ក្រាបបាន

(http://bayontv.com.kh) 14/09/2016

ភ្នំពេញ ៖ មន្ត្រីនគរបាលជាន់ខ្ពស់ អះអាងថា កន្លងមក ប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូចបានរងនូវ អំពើជួញដូរសរីរាង្គមនុស្សខុសច្បាប់ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចមិនទាន់មានលទ្ធភាពបង្ក្រាបបានច្រើននោះទេ ខណៈច្បាប់ដែលពាក់ព័ន្ធនឹងផ្នែកនេះ នៅមិនទាន់មានចែងឲ្យបានច្បាស់លាស់ ។

ក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ និងជនល្មើសពីការជួញដូរ មនុស្សដែលធ្វើនៅថ្ងៃទី១៤ ខែកញ្ញានេះ នៅក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ត្រី លី តុងហ៊ុយ ប្រធាននាយកដ្ឋាន ការពារជនរងគ្រោះនៃអគ្គលេខាធិការដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ថ្លែងថា កម្ពុជាមានបទល្មើស ជួញដូរសរីរាង្គ ដូចជា ការជួញដូរក្រលៀន ជួញដូរឈាម និងជួញដូរសរីរាង្គមនុស្សផ្នែកផ្សេងៗទៀតជាដើម បានកើតមានឡើងតិចតួច។ ប៉ុន្តែលោក ថ្លែងថាបទល្មើសទាំងនេះ មិនសូវកើតមានក្នុងប្រទេសទេ ភាគច្រើនកើត មាននៅក្រៅប្រទេស។

លោកឧត្តមសេនីយ៍ត្រី លី តុងហ៊ុយ រំពឹងថា នៅថ្ងៃខាងមុខកម្ពុជានឹងមានច្បាប់ទប់ស្កាត់អំពើជួញដូរ សរីរាង្គ និងច្បាប់រត់ពន្ធមនុស្ស ខណៈស្ថានភាពបទល្មើសទាំងនោះបានកំពុងកើតមានឡើងច្រើននៅតាម បណ្តា ប្រទេសចំនួន។ មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា បើទោះកម្ពុជាមិនសូវកើតមានបទ ល្មើស ជួញដូរមនុស្សផ្នែកខាងសរីរាង្គក៏ដោយ តែបទល្មើសជួញដូរមនុស្សផ្នែកខាងពលកម្មខុសច្បាប់កំពុងកើតឡើង ច្រើនជាងគេ ពិសេសការរងការជួញដូរពលកម្ម មនុស្សទៅប៉ែកខាងប្រទេសថៃ ដែលមកដល់ពេលនេះ គេនៅមិន ទាន់ប៉ាន់ប្រមាណកំណត់បាន ច្បាស់លាស់បានទេ។

ឧត្តមសេនីយ៍ត្រី លី តុងហ៊ុយ បន្ថែមថា បទល្មើសជួញដូរមនុស្ស ភាគច្រើនគឺបានកើតឡើង ដោយ ជនល្មើសប្រើវិធីឆបោកតាមរយៈការប្រើវិធីលួងលោម បើលួងលោមមិនព្រម អាចប្រើហិង្សា បង្ខិតបង្ខំ បំពាន និង ប្រើអំណាចរបស់ខ្លួនទៅលើជនរងគ្រោះនិងអាចប្រើប្រាស់តាមវិធីស្មុំកូនខុសច្បាប់ អាពាហ៍ពិពាហ៍ជាដើម។ លោក អះអាងថា ភាគច្រើនគោលបំណងរបស់ជនល្មើសគឺអាចយកជនរងគ្រោះទៅកេងប្រវ័ញ្ចផ្លូវភេទ ទៅធ្វើការងារ ដោយ បង្ខំ ធ្វើជាទាសករ អ្នកសុំទាន និងការយកសរីរាង្គជាដើម។

ឧត្តមសេនីយឯក ថោង សំអាត អគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងថា បទល្មើសជួញដូរមនុស្ស គឺជាបទល្មើសឧក្រិដ្ឋ ដែលអាចជាប់ពន្ធនាគារទៅតាមស្ថានភាពទម្ងន់ទោស ចាប់ពី២ឆ្នាំ រហូតដល់១៥ឆ្នាំ។

តាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៦ សកម្មភាពបង្ក្រាបអំពើជួញដូរមនុស្សអនុវត្តបាន ១៧ករណីថយ ៥ ករណីបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥។ របាយការណ៍បង្ហាញថាជនសង្ស័យ២០នាក់ ក្នុង នោះស្រី១១នាក់ ត្រូវបានឃាត់ខ្លួន។ សមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះបាន៤៣នាក់ ក្នុងនោះ២៥នាក់បញ្ជូន ទៅមន្ទីរសង្គមកិច្ច៕

website_news/2016150901.txt · Last modified: 2017/03/12 16:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki