website_news:2016150903

កុមារកម្ពុជាដែលប្រើប្រាស់ទូរស័ព្ទទំនើប អាចក្លាយជាជនរងគ្រោះនៃការរំលោភបំពាន តាមប្រព័ន្ធអ៊ីនធឺណេត

(http://khmer.voanews.com/) 15 កញ្ញា 2016 ហ៊ាន សុជាតា

កិច្ចពិភាក្សាជំនាញស្តីពី «ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាម ប្រព័ន្ធអ៊ីនធឺណេត» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

អំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតនេះ បានក្លាយជាក្តីបារម្ភថ្មី មួយទៀតដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អជ្ញាធរ និងសង្គមស៊ីវិលជា ដើម ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់។

ភ្នំពេញ ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន និងការប្រើប្រាស់ទូរស័ព្ទដៃទំនើបមានការ ពេញនិយមនោះ អំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត បានក្លាយជាក្តី បារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់។ ទិន្នន័យរបស់ FBI រាយការណ៍ ថា មានរូបភាពចំនួន៤លានរូបដែលពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ កុមារត្រូវបានលុបចេញពីប្រព័ន្ធអ៊ឺនធឺណេត ជារៀងរាល់ឆ្នាំ។

កុមារកម្ពុជាដែលកំពុងប្រើប្រាស់ទូរស័ព្ទទំនើប មានអាយុចន្លោះ ១២ឆ្នាំ ដល់១៦ឆ្នាំ មកពីទីប្រជុំជន និងតំបន់ដាច់ស្រយាល អាចក្លាយជាជនងាយរងគ្រោះនៃការរំលោភបំពានតាមប្រព័ន្ធអ៊ឺនធឺណេត។ ចាប់តាំងឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ននេះ ករណីចំនួន៦៣ហើយទាក់ទងនឹងរូបភាពអាសអាភាសរបស់កុមារ និងមនុស្សធំនៅ លើប្រព័ន្ធអ៊ឺនធឺណេត ដែលទទួលបានការរាយការណ៍ និងស៊ើបអង្កេត នេះបើយោងតាម អង្គការសកម្មភាពដើម្បី កុមារហៅកាត់ថា APLE នាព្រឹកថ្ងៃពុធនេះ។

កិច្ចពិភាក្សាជំនាញមួយ ស្តីអំពី«ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណេត» នាថ្ងៃពុធនេះ ឲ្យដឹងថា បើតាមទិន្នន័យរបស់ FBI រាយការណ៍ថា យ៉ាងហោច ណាស់ រូបភាពចំនួន៤លានរូបដែលពាក់ព័ន្ធនឹងការរំលោភផ្លូវភេទកុមារនៅក្នុងពិភពលោក ត្រូវបានលុបចេញពីប្រព័ន្ធ អ៊ឺនធឺណេតជារៀងរាល់ឆ្នាំ។ អំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតនេះ បានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អជ្ញាធរ និងសង្គមស៊ីវិលជាដើម ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE ដែលធ្វើការ ប្រយុទ្ធប្រឆាំង នឹងការរំលោភផ្លូវភេទលើកុមារកម្ពុជាឲ្យដឹងថា នាពេលចុងក្រោយនេះ ចំនួនបទល្មើសរំលោភ បំពានកុមារកម្ពុជាតាមប្រព័ន្ធអ៊ឺនធឺណេតមានការកើនឡើង ដោយសារការរំលោភបំពានកុមារក្រៅប្រព័ន្ធ អ៊ឺនធឺណេត ឬដោយផ្ទាល់នោះចាប់ផ្តើមមានការថយចុះ។

«បទល្មើសរំលោភកុមារដោយអ្នកទេសចរ បទល្មើសរំលោភសេពសន្ធវៈ និងបទល្មើសផ្លូវភេទក្រៅ ប្រព័ន្ធ អ៊ឺនធឺណេតកំពុងធ្លាក់ចុះ។ ហើយនេះក៏ជាសញ្ញាថា ជនល្មើសផ្លាស់ប្តូរវិធីសាស្ត្រក្នុងការប្រព្រឹត្តិ ទៅជាលក្ខណៈ អានាមិកក្នុងប្រព័ន្ធអ៊ឺនធឺណេតវិញ ដែលជាមធ្យោបាយមួយ ដែលមានសុវត្ថិភាពជាងសម្រាប់អ្នកប្រព្រឹត្តិ ដែល អ្នកអនុវត្តច្បាប់ត្រូវដេញតាម»។

លោក សំលៀង សីលា បន្តថា បើទោះជារូបភាពទាំងនោះត្រូវបានដកចេញពីប្រព័ន្ធអ៊ឺនធឺណេតហើយ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកថា វាក៏អាចមានករណីរូបទាំងនោះ ត្រូវបានបង្ហោះមកប្រព័ន្ធអ៊ឺនធឺណេតវិញដែរ។ ហើយនេះ គឺជាក្តីបារម្ភ ដែលភាគីពាក់ព័ន្ធ កំពុងស្វែងរកដំណោះស្រាយបន្ត។ ជាមួយគ្នានេះដែរ លោកថា ក៏មានផងដែរនូវការលើកកម្ពស់ ការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់ អ៊ីនធឺណេត ដល់អ្នកប្រើប្រាស់ ព្រមទាំងណែនាំដល់អាណាព្យាបាលកុមារឲ្យឃ្លាំមើល និងរារាំងកូនរបស់ពួកគេ កុំឲ្យចូលទៅក្នុងវេបសាយមិនល្អនានា។ កិច្ចពិភាក្សាជំនាញស្តីអំពី«ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើ រំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត»នេះ ធ្វើឡើងដើម្បីកំណត់យុទ្ធសាស្ត្រសំខាន់ៗ កត្តាប្រឈម និងចន្លោះខ្វះខាតនៃក្របខ័ណ្ឌច្បាប់ ព្រមទាំងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិ បង្ក្រាបការជួញដូរ និងផ្លូវភេទលើស្ត្រីនិងកុមារ លើកឡើងថាបច្ចេកវិទ្យា បានធ្វើឲ្យជនខិលខូចកាន់ តែមានភាព ងាយស្រួលក្នុងការលាក់ព័ត៌មាន និងសមាសភាពរបស់ជនល្មើសទាំងនោះ។ លោកស្រី ថ្លែងថា ការណ៍នេះបាន បង្កការលំបាកដល់អជ្ញាធរក្នុងការស៊ើបអង្កេត ការបង្ការទប់ស្កាត់ និងការបង្ក្រាបផងដែរ។

«ការរំលោភបំពានដោយផ្ទាល់មានន័យថាយើងមើលឃើញ ហើយយើងក៏អាចទទួលបានព័ត៌មានឆាប់ និងបង្ក្រាបបានឆាប់។ ប៉ុន្តែការរំលោភបំពានតាមប្រព័ន្ធអ៊ឺនធឺណេតនេះ គឺការផ្ញើសារដែលមានការលាក់លៀម ដែលពេលខ្លះទម្រាំតែយើងបានដឹង គឺគេធ្វើរួចទៅហើយ។ យើងគិតថាការដែលលុបរូបភាពទាំងនោះចេញ គឺជាការងាយស្រួល ប៉ុន្តែអ្វីដែលលំបាកគឺរូបភាពទាំងនោះ បានដិតជាប់រូបភាពរួចទៅហើយ។ ហើយគេអាចទាញ យករូបថ្មីមកទៀត ដែលនៅតែបន្តឲ្យមានគ្រោះថ្នាក់ទៅដល់កុមារ»។

លោកស្រី Amy Crocker អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍបណ្តាញរាយការណ៍ពិសេស នៃមូលនីធិអ៊ីនហូប ដែលជាបណ្តាញ សាកល ធ្វើការលើបញ្ហារំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអ៊ឺនធឺណេតឲ្យដឹងថា មូលនីធិអ៊ីន ហូបបានបង្កើត កម្មវិធី Internet Hotline ដើម្បីឲ្យសាធារណជនអាចធ្វើការរាយការណ៍នូវករណី រំលោភបំពាន ផ្លូវភេទកុមារតាម ប្រព័ន្ធអ៊ឺនធឺណេតនានា ដែលពួកគេបានជួបប្រទះ ដើម្បីអាចឲ្យអជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ អាចស៊ើបអង្កេត និងឈានដល់ការលុបករណីរូបភាពអាសអាភៀសកុមារលើប្រព័ន្ធអ៊ឺនធឺណេតបាន។

ក្រៅអំពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណេត កុមារកម្ពុជាក៏រងគ្រោះក្នុងទម្រង់ផ្សេងៗផងដែរ ជាអាទ៍ ការរំលោភបំពានតាមដងផ្លូវ ការរំលោភបំពានតាមទីតាំងប្រកបរបរផ្លូវភេទ និងការរំលោភបំពាននៅតាមស្ថាប័ន ឬអង្គការសមាគមន៍ជាដើម៕

website_news/2016150903.txt · Last modified: 2017/03/12 16:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki