website_news:2016150904

ពលករខ្មែរ ៣៦នាក់ ដែលទៅស៊ីឈ្នួលបេះផ្លែឈើ គ្មានច្បាប់ទម្លាប់ តម្រួតថៃចាប់ខ្លួន ហើយគ្រោងបញ្ជូនមកវិញ

(http://www.arey-news.com) ថ្ងៃទី 15 September 2016 ម៉ោង 2:37 pm

(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ពលករខ្មែរចំណាកស្រុកចំនួន៣៦នាក់ ដែលទៅស៊ីឈ្នួលបេះផ្លែឈើដោយគ្មានច្បាប់ទម្លាប់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានតម្រួតថៃ ចាប់ខ្លួន ហើយគ្រោងបញ្ជូនមកវិញ តាមច្រកអន្តរជាតិដូង ក្នុងស្រុករវៀង ខេត្តបាត់ដំបង។

តែសម្រាប់ករណីនេះ ត្រូវបានលោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះ នៅឡើយទេ ប៉ុន្តែលោកថា ការចាប់ខ្លួនពលករខ្មែររបស់ភាគីថៃខាងលើនេះ ហើយបញ្ជូនមកវិញ តែងតែកើតឡើងស្ទើជារៀងរាល់ថ្ងៃ ដូចច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងដូច្នេះដែរ។

យោងតាមមន្ត្រីយោធា ដែលប្រចាំការនៅច្រកអន្តរជាតិមួយនេះ បានឲ្យដឹងថា កម្លាំងតម្រួតថៃផ្នែកអន្តោប្រវេសន៍ ប្រចាំខេត្តឈៀងម៉ៃ ត្រៀមនឹងបញ្ជូនខ្លួនពលករខ្មែរ ដែលលបលួនឆ្លងដែនខុសច្បាប់ចំនួន៣៦នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគេទាំងអស់កំពុងធ្វើដំណើរចេញពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើការងារជាកម្មករបេះផ្លែឈើ។

មន្ត្រីយោធាបានបញ្ជាក់ថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កំលាំងតម្រួតនៃអធិការដ្ឋានស្រុកមឿង ខេត្តឡាំភូន ប្រទេសថៃ បានចេញប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រ របស់ខ្លួនបានប្រទះឃើញពលករខ្មែរមួយក្រុម ដែលក្នុងនោះមានក្មេង មានចាស់ កំពុងធ្វើដំណើរលើដងផ្លូវឈៀងម៉ៃក្នុងទិសដៅពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ត្រង់ចំណុច ភូមិ៧ ឃុំអ៊ុំមោង ស្រុកឡាំភូន។

ដោយមានការសង្ស័យព្រោះគេសង្គេតឃើញមានឥវ៉ាន់សំពីងសំពោងផងនោះ ទើបក្រុមតម្រួតបានឃាត់ពួកគេទាំងអស់គ្នាដើម្បីធ្វើការសាកសួរទើបដឹងថា ពួកគេគឺជាពលករខ្មែរកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ព្រមទាំងគ្មានច្បាប់អនុញ្ញាតថែមទៀត ។ ដោយពុំមានច្បាប់ឆ្លងដែននោះឡើយហើយក៏ត្រូវក្រុមតម្រួតថៃឃាត់ខ្លួនតែម្តង ក្នុងនោះមានអនីតិជន៧នាក់ផងដែរ។ ប៉ុន្តែកំលាំងតម្រួតថៃពុំបានធ្វើទារុណកម្មលើរាងកាយ ឬរឹបអូសទ្រព្យសម្បត្តិរបស់ពលករណាម្នាក់ឡើយ ព្រមទាំងបានប្រគល់ទៅឲ្យខាងជំនាញធ្វើការតាមផ្លូវច្បាប់ផងដែរ៕

website_news/2016150904.txt · Last modified: 2017/03/12 16:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki