website_news:2016150905

ស្ថានទូតកម្ពុជា ចេញកំណត់ទូតផ្ញើទៅស្ថាប័នប៉ូលិសតំបន់ភូឆន់ ដើម្បីដាក់បន្ទុក ប្ដឹងទៅជនដៃដល់វាយធ្វើបាបពលករខ្មែរ

(http://www.cen.com.kh) ថ្ងៃទី 15 កញ្ញា 2016, ម៉ោង 10:15:AM) | ដោយ: ដាវុធ

ភ្នំពេញ: នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង និងក្រុមការងារ បានជួបផ្ទាល់ជាមួយ ជនរងគ្រោះគឺ កញ្ញា សួង ស្រីនិច និងស្ដាប់ការលើកឡើង និងសំណូមពរ របស់ជនរងគ្រោះ និងបានផ្ដល់ថវិកា ឲ្យក្រុមការងារស្ថានទូតដើម្បីយកជនរងគ្រោះ ទៅពិនិត្យក្បាល នៅមន្ទីរពេទ្យទាំងយប់ ដែលមានសភាពធ្ងន់ធ្ងរ។ ស្ថានទូត នឹងចេញកំណត់ទូត មួយបន្ថែមទៀត ផ្ញើទៅស្ថាប័នប៉ូលិស តំបន់ភូឆន់ ដើម្បីដាក់បន្ទុក ក្នុងការប្ដឹង ទៅជនដៃដល់។

បើតាមកញ្ញា សួង ស្រីនិច បានរៀបរាប់ប្រាប់លោក ឡុង ឌីម៉ង់ ដោយផ្ទាល់ ដោយបានថ្លែងថា “ជនជាតិចិនរូបនោះបានព្យាយាម ចាប់វាយខ្ញុំជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែខ្ញុំស្មានថា វាធ្វើលេងនោះទេ តែនៅថ្ងៃកើតហេតុនោះ ជនជាតិចិននោះ បានផឹកស្រាស្រវឹង ហើយបានដើរចូលមកក្នុងបន្ទប់របស់ខ្ញុំ ដោយបានចាប់ក និងច្របាច់កខ្ញុំទាញទៅក្រោយ បណ្តាលឲ្យមានការឈឺចាប់ យ៉ាងខ្លាំង រហូតដល់ខ្ញុំយំ ហើយពេលនោះ មិត្តភក្តិខ្ញុំ បានមកជួយទាន់ពេលវេលា ហើយជននោះ បានដេញមិត្តភក្តិខ្ញុំ ចេញក្រៅបន្ទប់។

កញ្ញា បាននិយាយរៀបរាប់ បន្តទៀតថា នៅពេលដែលជននោះ បានដេញមិត្តភក្តិខ្ញុំ ចេញក្រៅបន្ទប់ ហើយនាងក៏បានរត់ទៅរកគូដណ្តឹងរបស់នាង ដើម្បីឲ្យមកជួយខ្ញុំ ប៉ុន្តែក្នុងពេលមិត្តភក្តិរត់ទៅបាត់នោះ ជនជាតិចិននោះ បានចាប់វាយ និងទះកំផ្លៀង យ៉ាងពេញទំហឹងមនុស្សប្រុស បណ្តាលឲ្យខ្ញុំដួល ហើយវាឡើងជិះខ្ញុំពីលើ និងបានទះកំផ្លៀង ជាច្រើនដៃថែមទៀត។ ប៉ុន្តែចៃដន្យ មិត្តភក្តិខ្ញុំ បានមកទាន់ និងគូដណ្តឹង បានមកជួយហើយមិនដឹងថា ជួយខ្ញុំដោយរបៀបណានោះទេ គឺមានតែយកទូរស័ព្ទថត ទុកជាភស្តុតាងតែប៉ុណ្ណោះ។ ចំណែកបុរសម្នាក់ទៀត បានស្ទុះមកជួយ ដោយចាប់ជនជាតិចិននោះ ចេញ។

កញ្ញា បានបញ្ជាក់ថា ក្រោយពេល ដែលគូដណ្តឹង មិត្តភក្តិខ្ញុំ បានមកជួយនោះ គឺខ្ញុំបានរត់ចេញ មកក្រៅបន្ទប់ ហើយជនបង្កនោះបានរត់ទៅតាមខ្ញុំ ហើយបានក្របួចសក់ និងដាល់ក្បាល ឡើងប៉ោងថែមទៀត។ ចំណែកមិត្តភក្តិខ្ញុំ ដែលចូលមកជួយ ក៏ត្រូវវាវៃ់ផងដែរ។ កញ្ញា បានលើកឡើងទៀតថា បន្ទាប់មក នាងខ្ញុំ ក៏បានទៅស្នាក់នៅ ក្នុងបន្ទប់ជាមួយមិត្តភក្តិ ប៉ុន្តែជនជាតិចិននោះ បានស្ទុះទៅធាក់ទម្លុះទ្វារ ដែលចាក់សោជាប់ ឡើង របើកទ្វារ ហើយថែមទាំង បាននិយាយគំរាមនាងខ្ញុំ បន្ថែមទៀត។

បើតាមការផ្សព្វផ្សាយ របស់ស្ថានទូតកម្ពុជា បានលើកឡើងថា នៅវេលាម៉ោង ១០ យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ មានករណី មេការ ជាជនជាតិចិនម្នាក់ បានប្រើអំពើហិង្សា និងបៀតបៀន មកលើពលការិនីខ្មែរម្នាក់ ឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីខេត្តតាកែវ កំពុងបម្រើការងារ ផ្នែកឧស្សាហកម្ម នៅតំបន់ភូឆន់ ខេត្តខ្យងគីដូ។

នៅមុននេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងក្រុមការងារ បានជួបផ្ទាល់ ជាមួយជនរងគ្រោះ ស្ដាប់ការលើកឡើង និងសំណូមពររបស់ ជនរងគ្រោះ និងបានផ្ដល់ថវិកា ឲ្យក្រុមការងារស្ថានទូត ដើម្បីយកជនរងគ្រោះ ទៅពិនិត្យក្បាល នៅមន្ទីរពេទ្យទាំងយប់ ដែលមានសភាពធ្ងន់ធ្ងរ។

បន្ថែមពីលើនេះ ក្រុមការងារស្ថានទូត បានទាក់ទងប្ដឹង ទៅប៉ុស្ដិ៍ប៉ូលិសនៅតំបន់ភូឆន់ ដើម្បីឃាត់ខ្លួនជនដៃដល់ មកទទួលទោសតាមច្បាប់ ហើយនៅព្រឹកស្អែក ស្ថានទូតនឹងចេញកំណត់ទូត មួយបន្ថែមទៀត ផ្ញើទៅស្ថាប័នប៉ូលិស តំបន់ភូឆន់ ដើម្បីដាក់បន្ទុក ក្នុងការប្ដឹងទៅជនដៃដល់។ នៅយប់ថ្ងៃទី១៤ កញ្ញានេះ ស្ថានទូត បានរៀបចំកន្លែង ស្នាក់នៅ និងម្ហូបអាហារ ជូនពួកគាត់។

ជនរងគ្រោះ ឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងបម្រើការងារ ផ្នែកឧស្សាហកម្ម នៅតំបន់អ៊ឺយចុងប៊ូ ត្រូវបានមេការជនជាតិចិនម្នាក់ ប្រើអំពើហិង្សា វាយមកលើខ្លួន ក្នុងផ្ទះបាយ កាលពីម៉ោង ១០ យប់ ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ៕N/S

website_news/2016150905.txt · Last modified: 2017/03/12 16:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki