website_news:2016151201

លោក ស ខេង ព្រមានមន្ត្រីពាក់ព័ន្ធរកស៊ីជួញដូរមនុស្ស

(http://www.postkhmer.com) Wed, 14 December 2016 ម៉ិច ដារ៉ា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីម្សិលមិញ បានព្រមានមន្រ្តីរដ្ឋាភិបាលមួយចំនួនដែលពាក់ព័ន្ធនឹងការរកស៊ីជួញដូរមនុស្ស ឲ្យពួកគេបញ្ឈប់ទង្វើបែបនេះហើយ «កែខ្លួនទៅជាមនុស្សល្អ» បើមិនដូច្នោះទេនឹងត្រូវផ្តន្ទាទោស។

លោក ស ខេង ដែលក្នុងរយៈកាលឆ្នាំចុងក្រោយនេះ បានទទួលស្គាល់អំពីបញ្ហាមួយចំនួន នៅក្នុងរដ្ឋាភិបាលបានថ្លែងក្នុងអំឡុងសុន្ទរកថាមួយ ស្តីពីការជួញដូរមនុស្ស នៅកោះពេជ្រថា បញ្ហានេះត្រូវបានសម្របសម្រួលដោយមនុស្សដែលត្រូវតែកម្ចាត់ចោល។ លោកថ្លែងថា៖ «មន្រ្តីរដ្ឋាភិបាល ដែលកំពុងបង្កើតបញ្ហា និង កំពុងឃុបឃិត ឬ សហការជាមួយក្រុមជួញដូរមនុស្ស ឬ ពាក់ព័ន្ធនៅក្នុង [សកម្មភាពណាមួយបែបនេះ] សូម្បីតែអចេតនា ត្រូវដកខ្លួនចេញជាបន្ទាន់ ហើយត្រូវកែខ្លួនទៅជាមនុស្សល្អ»។ «អ្នកមិនអាចលាក់ខ្លួនធ្វើសកម្មភាពទាំងនេះបានទៀតទេ ហើយអ្នកនឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់»។ ប៉ុន្តែ លោកមិនបានថ្លែងថា តើមន្រ្តីទាំងនោះនឹងត្រូវបានកំណត់អត្តសញ្ញាណដូចម្តេច ឬដាក់ទោសទណ្ឌដូចម្តេចទេ ហើយអ្នកនាំពាក្យក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

ប៉ុន្តែ លោក កែវ ធា ប្រធានមន្ទីរប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា នគរបាលតែងតែស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងការជួញដូរមនុស្ស។ លោកបន្ថែមថា លោកមិនភ័យខ្លាចទេដែលលោក ខេង កំពុងសំដៅទៅនគរបាលប្រឆាំងការជួញដូរដែលពុករលួយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា លោក ខេង គឺត្រឹមត្រូវដែលនិយាយថា មន្រ្តីមួយចំនួន ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស។ «ពួកគេមិនមានការពាក់ព័ន្ធ [នឹងអ្នកជួញដូរមនុស្ស] ដូចសរសៃអំបោះទេពួកគេមានការជាប់ពាក់ព័ន្ធដូចខ្សែពួរធំប៉ុនកជើង»។ «ខ្សែពួរធំតម្រូវឲ្យមានកំណែទម្រង់ធំដើម្បីផ្លាស់ប្តូរ»។ «កាលពីអតីតកាល ខ្ញុំបានឃើញច្បាប់ និងសម្តីជាច្រើន ប៉ុន្តែមិនមាននរណាម្នាក់ស្តាប់ឬអនុវត្តវាទេ..ហើយបញ្ហាកាន់តែធំទៅៗ»។

លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា គ្មានមន្រ្តីណាម្នាក់ភ័យខ្លាចចំពោះការព្រមានរបស់លោក ស ខេង ទេប្រសិនបើមិនមានការចាប់ខ្លួនផ្តន្ទាទោស៕PS

website_news/2016151201.txt · Last modified: 2017/03/16 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki