website_news:2016151202

ម៉ែ-ឪណាមិនភ័យ! សំឡេងកូនស្រីស្រែកក្នុងទូរស័ព្ទ«កំពុងនៅប៉ោយប៉ែត ជួយផងម៉ែ

(https://kohsantepheapdaily.com.kh) ដោយ ៖ យន់ ស៊ីថា ថ្ងៃព្រហស្បតិ៍ (15-12-2016 11:33)

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដោយការបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពរបស់កូនស្រី ឪពុកនិងម្តាយបាននាំគ្នាមកប្តឹងប៉ូលិសនៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៥ ធ្នូ នេះ ដើម្បីសុំការអន្តរាគមន៍ពីប៉ូលិសឱ្យជួយតាមរកកូនស្រីដែលកំពុងបាត់ខ្លួន បន្ទាប់ពីកូនទៅលក់កំពិសនៅឯផ្សារត្រពាំងថ្លឹង ហៅផ្សារ «យាយម៉េវ» ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយអត់ឃើញត្រឡប់ទៅផ្ទះវិញ ។ ប្រភពឱ្យដឹងថា ក្មេងស្រីដែលបាត់ខ្លួននោះ ឈ្មោះហ៊ីន ស្រីណែត អាយុ១៤ឆ្នាំ (ជាកូនស្រីពៅ) មានឪពុកឈ្មោះគង់ ថន អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះជា អាង អាយុ៣៦ឆ្នាំ ពួកគេមានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្បែររោងចក្ររោងចក្រ «ហុងហ្គា» ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ។

បើតាមសម្តីឪពុកម្តាយខាងលើបានរៀបរាប់ថា ក្រុមគ្រួសារគាត់មានមុខរបរជាអ្នកលក់កំពិស និងត្រីនៅក្នុងផ្សារខាងលើ ដោយឱ្យកូនស្រីរូបនោះ ជួយលក់ជារៀងរាល់ព្រឹក ។ នៅថ្ងៃកើតហេតុនោះ ដោយមិនឃើញកូនស្រីត្រឡប់ទៅផ្ទះវិញទេ ដោយពួកគាត់រង់ចាំ និងតាមរកផងដែរ ។ លុះដល់វេលាម៉ោង០៨យប់ថ្ងៃទី១៤ ធ្នូ ក៏៏មានទូរស័ព្ទខលចូលមកពួកគាត់ ហើយឮសំឡេងកូនស្រីគាត់និយាយថា «កំពុងនៅប៉ោយប៉ែត ជួយផងម៉ែ» ហើយក៏បិទទូរស័ព្ទវិញ ។ ពួកគាត់ក៏ព្យាយាមតេទៅវិញរាប់រយដង តែត្រូវលេខនោះបិទទូរស័ព្ទ តេលែងចូលរហូត ។ ឪពុកម្តាយបានបន្តទៀតថា កូនស្រីគាត់នោះ កន្លងមកធ្លាប់រត់ចេញពីផ្ទះ២ដងហើយ ដោយម្តងខឹងគាត់ រត់ទៅខេត្តព្រះសីហនុ តែត្រូវបងប្អូននៅទីនោះ សួរចុះឡើងបានលេខទូរស័ព្ទគាត់ ក៏ជួយខលហៅគាត់មកទទួលកូនវិញ ។ មួយលើកទៀតទៅលេងនៅក្លិបកម្សាន្ត ក៏បាត់ខ្លួនទៀត ។

ទោះបីជាយ៉ាងណា ទោះកូនស្រីមានប្រវត្តិធ្លាប់ចេញពីផ្ទះយ៉ាងណាក៏ដោយ តែការបាត់លើកនេះ ក៏ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិកូនស្រីណាស់ ខ្លាចកូនចាញ់បោក និងជឿតាមការញុះញង់របស់គេ ដូច្នេះ ទើបពួកគាត់មកសុំការអន្តរាគមន៍ពីប៉ូលិស ជួយតាមរកតែម្តង ។

website_news/2016151202.txt · Last modified: 2017/03/16 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki