website_news:2016151203

ខេត្តបាត់ដំបងរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ

(http://ann.com.kh) ដោយ: រៀម សាលី ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នេះ បានរៀបចំទិវាប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ក្រោមអធិបតីភាពលោកជំទាវ ញ៉ឹក សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តបាត់ដំបង និងលោក លោកស្រីសិស្សានុសិស្សចូលរួមសរុប១០១៧នាក់។

លោកជំទាវ ញ៉ឹក សុគន្ធ បានថ្លែងក្នុងឱកាសនោះថា ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១២ ខែធ្នូរៀងរាល់ឆ្នាំហើយគិតមកដល់ឆ្នាំ២០១៦នេះគឺជាឆ្នាំទី១០នៃការប្រារព្ធទិវាជាតិនេះ។ លោកជំទាវបន្តថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៍រ៉ាំរ៉ៃមួយក្នុងចំណោមឧក្រិដ្ឋកម្មដ៍ទៃទៀតដែលកើតមាននៅគ្រប់បណ្តាប្រទេសក្នុងពិភពលោក និងបានធ្វើអោយប៉ះពាល់ដល់សន្តិសុខមនុស្សនិងប្រទេសជាតិ។

ក្នុងនោះផងដែរក្នុងនាម រដ្ឋបាលខេត្តបាត់ដំបងលោកជំទាវបានប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងដៃគូពាក់ព័ន្ធ ទ្វេភាគី និងពហុភាគីទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហាដែលនាំអោយមានការជួញដូរ កេងប្រវ័ញ្ចទៅលើពលកម្មកុមារ។ ពង្រឹងវិធានការគ្រប់គ្រងលំហូរចេញ ចូល តាមព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជិតខាង រួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងពលកម្មលើកុមារគ្រប់រូបភាព៕

website_news/2016151203.txt · Last modified: 2017/03/16 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki