website_news:2016151206

លោក ឡុង ឌីម៉ង់៖ លក្ខខណ្ឌការងារ រវាងថៅកែកូរ៉េ និងពលករខ្មែរផ្នែកកសិកម្ម គឺល្អប្រសើរច្រើន និងមានការគោរពសិទ្ធិគ្នា

(http://dap-news.com/kh) ថ្ងៃពុធ, ១៤ ធ្នូ ២០១៦ 13:49 ដោយ: ស៊ាន កុសល ID:039

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ ខណៈដឹកនាំក្រុមការងារ ស្ថានទូតចុះទៅស្វែងយល់ និងសិក្សាពីស្ថានភាពជាក់ស្ដែង នៃការបំពេញការងារ របស់បងប្អូនពលករខ្មែរនៅកូរ៉េ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំការដំណាំចំនួន ពីរកន្លែង នាជាយទីក្រុងសេអ៊ូល បានសរសើរអំពីឥរិយាបថ និងលក្ខខណ្ឌការងាររវាងថៅកែជនជាតិកូរ៉េនិងពលករខ្មែរគឺមានភាពល្អប្រសើរច្រើននិងគោរពសិទ្ធិគ្នាទៅវិញទៅមក ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់បន្ថែមទៀតថា ក្រោយចុះពិនិត្យជាក់ស្ដែង ក្រុមការងារសង្កេតឃើញថា ឥរិយាបថ និងលក្ខខណ្ឌការងារ រវាងថៅកែ និងពលករ គឺមានភាពល្អប្រសើរច្រើន និងបានគោរពសិទ្ធិគ្នាទៅវិញ ទៅមក តែទន្ទឹមនេះ ក៏នៅមានថៅកែ ឬមេកា មួយចំនួនមិនទាន់បានគោរព លក្ខខណ្ឌការងារនៅឡើយ នេះជាក្ដីកង្វល់របស់ស្ថានទូត ។

ជាមួយគ្នានេះស្ថានទូត បាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើការសហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស របស់សាធារណរដ្ឋកូរ៉េ (HRD) ដើម្បីជួយ អប់រំ ផ្សព្វផ្សាយដល់និយោជក ឲ្យគោរពតាមលក្ខខណ្ឌ ការងារទាំងអស់គ្នា ។

បើតាមលោក ឡុង ឌីម៉ង់ គិតត្រឹមខែមេសា ឆ្នាំ២០១៦ នេះ ពលករខ្មែរមកបម្រើការងារ ផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS-TOPIK) មានចំនួន ១៦.២២៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៧.៣១៥នាក់ ៕

website_news/2016151206.txt · Last modified: 2017/03/16 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki