website_news:2016160301

ពលករាប់សិបនាក់ចាញ់បោកក្រុមហ៊ុន នាំយកទៅធ្វើការនៅប្រទេសអាហ្វ្រិក៣ឆ្នាំអត់បានប្រាក់ខែមួយរៀលលើកគ្នាមកសុំអន្តរាគមន៍ពីមន្ត្រីសិទ្ធមនុស្ស

(http://www.cen.com.kh/) (ថ្ងៃទី 15 មីនា 2016, ម៉ោង 05:04:PM) | ដោយ: បរិបូណ៍

កំពង់ឆ្នាំង: ប្រជាពលរដ្ឋចំនួន២៥នាក់ មកពីស្រុកទឹកផុស និង ស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ បានលើកគ្នាមកកាន់ទីស្នាក់ការរបស់សមាគមន៍ការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំអោយមន្ត្រីសិទ្ធិមនុស្សនៅទីនោះជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់ បានដាក់ពាក្យបណ្តឹងទៅតុលាការមានរយៈពេលរាប់ឆ្នាំមកហើយ មិនទាន់មានចំណាត់ការទៅលើក្រុមហ៊ុនឯកជនមួយ ដែលនាំពលករទៅបម្រើការនៅក្រៅប្រទេស បោកប្រាស់ពួកគាត់មិនបានផ្តល់ប្រាក់ខែតាមកិច្ចសន្យា ។

ប្រជាពលរដ្ឋទាំងនោះបានអោយដឹងថា ពួកគាត់បានចាញ់បោកក្រុមហ៊ុនមួយឈ្មោះ ដ្យាអិនអូសិនអិនធើណេសិនណល ខូអិលធីឌី ដែលបានបោកប្រាស់ពួកគាត់ យកទៅធ្វើជាពលករ នៅប្រទេសអាហ្វ្រិក អស់រយៈពេល៣ឆ្នាំ ដោយក្រុមហ៊ុននោះមិនបានផ្តល់ប្រាក់ខែ អោយពួកគាត់តាមការសន្យាឡើយ ។ ប្រជាពលរដ្ឋទាំងនោះបានប្រាប់អោយដឹងទៀតថា ពួកគាត់ត្រូវបានមេការនៅទីនោះវាយធ្វើបាប បង្ខំអោយធ្វើការលើសម៉ោង ហូបមិនគ្រប់គ្រាន់ធ្វើការកណ្តាលសមុទ្រ ទោះជាចង់ទៅណាមកណាក៍ទៅមិនរួច ។

ក្នុងរយៈពេលបីឆ្នាំនេះ ដែលពួកគាត់ទៅធ្វើការនៅប្រទេសអាហ្វ្រិកតាមរយៈក្រុមហ៊ុនខាងលើ មិនដែលបានទទួលប្រាក់ទាល់តែសោះ សូម្បីតែមួយដុល្លារ ។ ប្រជាពលរដ្ឋទាំងនោះបានអោយដឹងទៀតថា នៅក្នុងអំឡុងឆ្នាំ២០១១ ពួកគាត់ត្រូវគេអោយឡើងគោក ហើយក៏នាំគ្នាលួចរត់ចេញតែម្តង ។ ពេលមកដល់ស្រុកខ្មែរ ពួកគាត់បានមកដាក់ពាក្យបណ្តឹងនៅសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក និង បានដាក់ពាក្យបណ្តឹងទៅតុលាកាផងដែរ ។ ប៉ុន្តែតាំងពីពេលនោះ រហូតមកដល់ថ្ងៃនេះមានរយៈពេលរាប់ឆ្នាំមកហើយនៅពុំទាន់ឃើញមានចំណាត់ការណាមួយចំពោះក្រុមហ៊ុនបោកប្រាស់នោះឡើយ ។

ប្រធានសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគារ បានអោយប្រាប់អោយដឹងថា ចំពោះករណីនេះ មន្ត្រីអាដហុកនិងមេធាវីរបស់អាដហុក និងធ្វើលិខិតជម្រុញទៅសាលាឧទ្ធរ អោយជួយអន្តរាគមន៍ទៅចៅក្រមដែលកាន់សំណុំរឿងនេះ ពន្លឿននីតិវិធីសម្រាប់ដោះស្រាយដល់ពលកររងគ្រោះ។ ហើយនឹងស្នើសុំទៅតុលាការបើកផ្លូវអនុវត្តដោយបង្ខំ ដើម្បីរឹបអូសទ្រព្យសម្បត្តិ និងយកលុយធានា របស់ក្រុមហ៊ុនេះយកមកលក់បែងចែកដល់ពលករដែលរងគ្រោះ ព្រោះនៅពេលនេះពលករទាំងនេះគាត់ជួបការលំបាក ហើយខ្លះកំពុងតែឈឺ និង មានជីវភាពទីទ័លក្រ ៕

website_news/2016160301.txt · Last modified: 2017/02/28 10:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki