website_news:2016160304

ស្រ្តីធ្វើការតាមផ្ទះរាប់ម៉ឺននាក់នៅហុងកុង ត្រូវគេជិះជាន់ជាទាសករ

(http://km.rfi.fr/asia) ដោយ ម៉ម ពិសី15/03/2016

ស្រ្តីបរទេស ដែលធ្វើការបំរើតាមផ្ទះនៅហុងកុង ជាច្រើនម៉ឺននាក់ កំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយត្រូវថៅកែបំបិទសិទ្ធិសេរីភាព និងចាប់បង្ខំឲ្យធ្វើការដូចជាទាសករ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយមជ្ឈមណ្ឌលដើម្បីយុត្តិធម៌នៅហុងកុង ដែលជាអង្គការក្រៅរដ្ឋាភិបាល ធ្វើការឃ្លាំមើលការគោរពសិទ្ធិមនុស្សនៅហុងកុង។ ហុងកុង គ្រាន់តែជាករណីមួយ ក្នុងចំណោមករណីជាច្រើនទៀត ដូចជាម៉ាឡេស៊ី តៃវ៉ាន់ និងកូរ៉េខាងត្បូងជាដើម ដែលមានកម្មករកម្មការិនី ជាច្រើនម៉ឺននាក់ មកពីតាមប្រទេសក្រីក្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងហោចណាស់ មានស្ត្រីបំរើតាមផ្ទះចំនួន ៥ម៉ឺននាក់ ក្នុងចំណោមទាំងអស់៣សែននាក់ ដែលកំពុងធ្វើការនៅតាមផ្ទះប្រជាជនចិនហុងកុង ត្រូវបានគេប្រើជិះជាន់ប្រៀបបាននឹងទាសករ។ ក្នុងចំណោមស្ត្រីរងគ្រោះទាំងនោះ ភាគច្រើន ជាស្ត្រីជនជាតិហ្វីលីពីន និងជនជាតិឥណ្ឌូណេស៊ី។ របាយការណ៍របស់មជ្ឈមណ្ឌលដើម្បីយុត្តិធម៌នៅហុងកុង (www.justicecentre.org.hk) បានបង្ហាញទៀតថា ក្នុងចំណោមស្ត្រីបំរើតាមផ្ទះទាំងអស់នេះ គឺមាន១៤% ត្រូវបានគេលក់បញ្ជូនពីប្រទេសដើម តាមរយៈក្រុមហ៊ុនជួញដូរមនុស្សខុសច្បាប់។ ការចាប់បង្ខំឲ្យធ្វើការ ដែលជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ត្រូវបានរបាយការណ៍នេះពន្យល់ថា គឺជាករណីដែលអ្នកធ្វើការម្នាក់ត្រូវគេចាប់បង្ខំ បញ្ជូនឲ្យទៅធ្វើការ ដែលពួកគេគ្មានសិទ្ធិជ្រើសរើស ហើយគ្មានសិទ្ធិឈប់សំរាកទៅតាមការកំណត់របស់ច្បាប់។ របាយការណ៍ដែលបានធ្វើតាមរយៈបទសម្ភាសន៍ ជាមួយស្ត្រីរងគ្រោះប្រមាណជា១០០០នាក់ បានបង្ហាញផងដែរថា ការជិះជាន់ចាប់បង្ខំ មិនមែនជាទារុណកម្ម ដែលធ្វើឡើងត្រឹមតែទៅលើរូបរាងកាយប៉ុណ្ណោះទេ តែវាក៏ជាទារុណកម្ម ទៅលើផ្លូវចិត្ត សតិអារម្មណ៍របស់ស្រី្តរងគ្រោះទាំងនោះ យ៉ាងធ្ងន់ធ្ងរទៀតផង។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ស្រ្តីបំរើតាមផ្ទះនៅហុងកុង ត្រូវថៅកែបង្ខំឲ្យធ្វើការ មួយសប្តាហ៍៧០ម៉ោង ជាទូទៅ ដោយគ្មានសិទ្ធិឈប់សម្រាកសូម្បីតែមួយថ្ងៃ ដូចដែលច្បាប់នៅហុងកុងបានកំណត់ទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកថៅកែ បានដកហូតយកលិខិតឆ្លងដែនរបស់កម្មការិនី ដើម្បីចាប់បង្ខំមិនឲ្យស្ត្រីទាំងនោះរត់គេច។ លោកស្រី Piya Muqit ប្រធានមជ្ឈមណ្ឌលដើម្បីយុត្តិធម៌ នៅហុងកុងបានអំពាវនាវ ថារដ្ឋបាលក្រុងហុងកុង ត្រូវទទួលស្គាល់ចំណុចអវិជ្ជមាន និងការរំលោភសិទ្ធិមនុស្សទាំងនេះ។ អាជ្ញាធរត្រូវរិតបន្តិងការអនុវត្តច្បាប់ និងសើររើច្បាប់មួយចំនួនចោល ដើម្បីធានាការពារដល់ស្រី្តរងគ្រោះ។

គួររំលឹកផងដែរថា ករណីស្ត្រីអ្នកបំរើជនជាតិឥណ្ឌូណេស៊ី ឈ្មោះ Erwiana Sulistyaningsih ដែលត្រូវបានថៅកែចិនហុងកុងវាយដំ ធ្វើបាបយ៉ាងព្រៃផ្សៃ ត្រូវបានធ្វើឲ្យមតិមហាជន ជាពិសេសតាមបណ្តាញអ៊ីនធើណែត ទូទាំងពិភពលោក មានការអាណិតអាសូរ ព្រមទាំងធ្វើការតវ៉ាដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ។ ស្តី្រជនជាតិហុងកុង ដែលជាថៅកែនោះ ត្រូវបានតុលាការហុងកុង កាត់ទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ។ ដោយឡែក កាលពីខែធ្នូឆ្នាំ២០១៥ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានថ្កោលទោសរដ្ឋាភិបាលហុងកុងផងដែរ ទាក់ទិនទៅនឹងករណីធ្វើទារុណកម្មទៅលើស្រី្តអ្នកបំរើតាមផ្ទះ។ អង្គការសហប្រជាជាតិបានទាមទារ ឲ្យអាជ្ញាធរហុងកុង ចាត់វិធានការអនុវត្តច្បាប់ដើម្បីការពារជនរងគ្រោះ និងផ្តល់ជំនួយផ្លូវច្បាប់ដល់អ្នករងគ្រោះទាំងនោះ។ មួយវិញទៀត ក្រុមហ៊ុនរឺបណ្តាញបញ្ជូនកម្មករបរទេសមកធ្វើការនៅហុងកុង ត្រូវតែធ្វើការត្រួតពិនិត្យឲ្យបានតឹងរឹង។ របាយការណ៍ជាច្រើនបង្ហាញថា បណ្តាញជួញដូរមនុស្ស ដែលរៀបចំប្រទាក់ក្រឡាពីប្រទេសដើម រហូតដល់ហុងកុង បានធ្វើគំនៀបលើស្រ្តីរងគ្រោះ ដែលត្រូវជាប់ជំពាក់បំណុលក្រុមហ៊ុនទុច្ចរិតទាំងនោះ ដោះខ្លួនមិនរួច៕

website_news/2016160304.txt · Last modified: 2017/02/28 10:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki