website_news:2016160306

អាមេរិកពង្រឹងច្បាប់ពាណិជ្ជកម្មថ្មីសង្ឃឹមថានឹងកាត់បន្ថយអំពើទាសភាពក្នុងខ្សែសង្វាក់ផលិតកម្មសកលលោក

(http://khmer.voanews.com/ )15 មិនា 2016 ទែន សុខស្រីនិត

វ៉ាស៊ីនតោនៈ ថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានចាត់វិធានការដ៏តឹងរ៉ឹង ដោយចេញច្បាប់ពង្រឹងការនាំចេញនាំចូលផលិតផលមកអាមេរិក ដែលមានជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ អ្នកជំនាញមួយចំនួនធំ សង្ឃឹមថាច្បាប់នេះនឹងកាត់បន្ថយប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពលករ និងជួយសង្គ្រោះជនរងគ្រោះនៃការងារបែបទេសភាពនៅជុំវិញពិភពលោក។ រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា កាលពីពេលថ្មីៗនេះ បានពង្រឹងការត្រួតពិនិត្យទំនិញ និងប្រព័ន្ធនិយតកម្មរបស់ខ្លួន លើផលិតផលដែលនាំចូលសហរដ្ឋអាមេរិក ដើម្បីធានាថា ផលិតផលទាំងនោះមិនជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស និងការងារបែបទាសភាព រួមមានឧស្សាហកម្មគ្រឿងសមុទ្រថៃ ដែលមានពលករចំណាកស្រុកជាច្រើនធ្វើការក្នុងឧស្សាហកម្មនេះ។ ការពង្រឹងនេះធ្វើឡើងតាមរយៈការធ្វើច្បាប់ថ្មីមួយដែលមានឈ្មោះថា«ច្បាប់ពង្រឹង និងសម្រួលដល់ការនាំចេញនាំចូល» ឬ “Trade Facilitation and Enforcement Act”។ ជារៀងរាល់ឆ្នាំ ទំនិញដែលនាំចូលសហរដ្ឋអាមេរិកមានតម្លៃប្រមាណ១សែនលានដុល្លារ។ យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) ក្រុមហ៊ុនពហុជាតិទទួលបានប្រាក់ចំណេញប្រមាណ១សែន៥ម៉ឺនលានដុល្លារ ពីការធ្វើពាណិជ្ជកម្មលើផលិតផលដែលបានបង្កើតឡើងពីការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករជារៀងរាល់ឆ្នាំ។

អ្នកស្រី Karen Stauss នាយិកានៃគម្រោងរបស់អង្គការដោះលែងទាសករដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ច្បាប់នេះបានផ្ញើសារដ៏ផុសផុលមួយដល់ក្រុមហ៊ុនធំៗថា ផលិតផលដែលបានចេញពីការកេងប្រវ័ញ្ចកម្លាំងពលកម្មនឹងមិនត្រូវបានស្វាគមន៍តទៅទៀតទេនៅសហរដ្ឋអាមេរិក។ «ក្រុមហ៊ុនទាំងនោះត្រូវតែបំពេញទៅតាមដំណើរការផ្លូវច្បាប់នេះ ដើម្បីធានាថា អំពើទាសភាព ឬក៏ការជួញដូរមនុស្សមិនមានជាប់ពាក់ព័ន្ធនឹងផលិតផលដែលពួកគេចង់នាំយកមកលក់នៅសហរដ្ឋអាមេរិកនេះ»។ អ្នកស្រីបានបន្តថា ច្បាប់ថ្មីនេះនឹងជំរុញឲ្យក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុននាំចេញអាហារគ្រឿងសមុទ្ររបស់ប្រទេសថៃ ផ្លាស់ប្តូរឥរិយាបថក្នុងការធ្វើអាជីវកម្មរបស់ពួកគេ។ «ដូច្នេះ ក្រុមហ៊ុននឹងត្រូវបានលើកទឹកចិត្តឲ្យផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដើម្បីធានាថាពួកគេអាចបន្តលក់ផលិតផលរបស់ខ្លួននៅក្នុងទីផ្សារអាមេរិក ដែលនៅទីនេះអំពើទាសភាពដែលមានពាក់ព័ន្ធនឹងផលិតផលរបស់ពួកគេមិនត្រូវបានអត់ឱនតទៅទៀតឡើយ»។ ការទប់ស្កាត់ការនាំចូលផលិតផលដែលពឹងផ្អែកលើការកេងប្រវ័ញ្ចកម្លាំងពលកម្មនេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមលោក David Ambramowitz អនុប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយនៃអង្គការមនុស្សធម៌រួម និងជាអតីតប្រធានក្រុមប្រឹក្សាគណៈកម្មការទទួលបន្ទុកកិច្ចការការបរទេសនៃរដ្ឋសភាអាមេរិក។ «បញ្ហានេះគឺជាគោលដៅនៃកិច្ចការគាំពារមតិដ៏ចម្បងរបស់អង្គការសង្គមស៊ីវិលមួយចំនួនធំនៅសហរដ្ឋអាមេរិកនេះ។ បើសិនជារដ្ឋាភិបាលអនុវត្តច្បាប់នេះបានតឹងរ៉ឹងល្អ នោះវាអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅជុំវិញពិភពលោក»។

លោកបានសង្កត់ធ្ងន់ថា ច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិក«ដាក់សម្ពាធបន្ថែម» លើប្រទេសជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ឲ្យយកសេចក្តីថ្លៃថ្នូររបស់មនុស្សធ្វើជាគម្រូនៃការធ្វើអាជីវកម្មនៅជុំវិញពិភពលោក។ សម្ពាធនេះក៏បានកើតមានឡើងនៅក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងសមុទ្រប៉ាស៊ីហ្វិក ដែលប្រទេសសិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងវៀតណាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក។ «មាត្រាមួយនៃកិច្ចព្រមព្រៀង TPP ទាមទារឲ្យបណ្តាប្រទេសចូលជាសមាជិកបោះបង់ចោលការនាំចូលទំនិញដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។

រីឯ អ្នកស្រី Annick Febrey ជំនួយការជាន់ខ្ពស់នៃយុទ្ធនាការប្រឆាំងនឹងការជួញដូរមនុស្សរបស់អង្គការ Human Rights First យល់ថា ច្បាប់នេះនឹងរឹតបន្តឹងលើការត្រួតពិនិត្យទំនិញនាំចូលសហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង។ «ក្តីសង្ឃឹមរបស់យើងគឺថា នៅពេលដែលច្បាប់នេះត្រូវបានពង្រឹង នោះវានឹងកាត់បន្ថយប្រាក់ចំណូលរបស់ជនដៃដល់ ដែលជួញដូរមនុស្ស ឧទាហរណ៍ដូចជាករណីជួញដូរមនុស្សលើទូកនេសាទរបស់ប្រទេសថៃជាដើម»។ ប្រទេសថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំមុខគេខាងនាំចេញផលិតផលអាហារគ្រឿងសមុទ្រទៅកាន់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។ ការស៊ើបអង្កេតកាលពីឆ្នាំមុនបានរកឃើញ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស និងការបង្ខំឲ្យធ្វើការងារបែបទាសភាពមកលើពលករចំណាកស្រុកពីប្រទេសកម្ពុជា ភូមា ឬមីយ៉ាន់ម៉ា បង់ក្លាដេស និងជនជាតិភាគតិចរូហ៊ីងយ៉ា ដែលធ្វើការនៅលើទូកនេសាទនៅក្នុងប្រទេសថៃ។ ការស៊ើបអង្កេតនេះបានជំរុញឲ្យមានអន្តរាគមន៍ជាអន្តរជាតិ ដោយបានជួយរំដោះជនរងគ្រោះជាប់លើទូកនេសាទថៃ និងពីកោះមួយនៃប្រទេសឥណ្ឌូនេស៊ី។ លោក Ambramowitz នៃអង្គការមនុស្សធម៌រួម បានអះអាងថា ការពង្រឹងច្បាប់នាំចេញនាំចូលរបស់អាមេរិកឲ្យកាន់តែមានប្រសិទ្ធភាពនេះ ក៏នឹងបង្កើតជាសម្ពាធបន្ថែមដល់រដ្ឋាភិបាលថៃឲ្យពង្រឹងច្បាប់ពាណិជ្ជកម្មរបស់ខ្លួន។

«ច្បាប់ពាណិជ្ជកម្មអាមេរិកដែលកាន់តែមានប្រសិទ្ធភាពជាងមុននេះច្បាស់ជាដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលថៃ ឲ្យអនុវត្តច្បាប់របស់ខ្លួនក្នុងការលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ច្បាស់ណាស់ ប្រទេសថៃត្រូវតែធានាថាកម្មករ ពលករលើទូកនេសាទ ដែលជាជនចំណាកស្រុកទាំងអស់នោះមិនធ្វើការនៅក្នុងស្ថានភាពដ៏លំបាកតទៅទៀតឡើយ»។

លោក ជុំ ផល្លី អ្នកប្រឹក្សាខាងគោលនយោបាយ និងគាំពារមតិនៃគម្រោងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់អង្គការអន្តរជាតិ Winrock ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា ការធ្វើអន្តរាគមន៍ជាអន្តរជាតិលក្ខណៈរួមគ្នានេះ គឺជាវិធីសាស្ត្រនៃការពង្រឹងច្បាប់ត្រួតពិនិត្យដ៏មានប្រសិទ្ធភាពមួយ ក្នុងការលុបបំបាត់ខ្សែសង្វាក់ផលិតកម្មសកលលោក ដែលពឹងផ្អែកលើការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកបានបន្ថែមថា អន្តរាគមន៍បែបនេះមិនត្រូវបានកំណត់ជាអចិន្ត្រៃយ៍នៅឡើយទេ។ «យើងឃើញថា ការចាត់វិធានការជាអន្តរជាតិនេះ វាមានប្រសិទ្ធភាព ហើយវាជះឥទ្ធិពលជាវិជ្ជមានទៅដល់ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់ការការពារសិទ្ធិពលករ។ ខ្ញុំសង្ឃឹមថា ច្បាប់ពង្រឹងការត្រួតពិនិត្យលើទំនិញនាំចូលមកសហរដ្ឋអាមេរិកនេះនឹងចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជាការជួញដូរកម្លាំងពលកម្ម»។

ក៏ប៉ុន្តែ លោកសង្កត់ធ្ងន់ថា កត្តាប្រឈមដ៏សំខាន់មួយទៀតគឺការផ្តន្ទាទោសជនដៃដល់ ដោយសារតែខ្សែសង្វាក់ផលិតកម្មសកលលោកមានទំហំធំពេក និងមានបណ្តាញច្រើន។ ការកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាឧក្រិដ្ឋកម្មដែលប្រឈមនឹងទោសតិចតួចបំផុត។ នេះបើយោងតាមការអះអាងរបស់អ្នកស្រី Annick Febrey នៃអង្គការ Human Rights First។ អ្នកស្រីឲ្យដឹងថា កាលពីឆ្នាំមុន ជនរងគ្រោះនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មមានចំនួនលើសពី២៣លាននាក់ នៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ ការផ្តន្ទាទោសលើជនដៃដល់មានចំនួនត្រឹមតែជាង៤០០០ករណីប៉ុណ្ណោះ។

«ដូច្នេះ យើងត្រូវតែធ្វើឲ្យឧក្រិដ្ឋកម្មនេះប្រឈមនឹងគ្រោះថ្នាក់ឲ្យខ្លាំងជាងនេះដល់ជនដៃដល់ ដើម្បីធ្វើឲ្យប្រាក់ចំណូលរបស់ពួកគេបាត់បង់ និងដើម្បីឲ្យមានជនដៃដល់កាន់តែច្រើនទៀតប្រឈមមុខនឹងច្បាប់»។ ច្បាប់ពង្រឹងការនាំចេញនាំចូលនេះមានគោលដៅចម្បងៗ ដើម្បីពង្រឹងការអនុវត្តច្បាប់របស់អាមេរិកក្នុងការត្រួតពិនិត្យផលិតផលនាំចូលអាមេរិក និងប្រព័ន្ធនិយតកម្មពាណិជ្ជកម្ម ដែលក្នុងនោះរួមមាន ការបង្កើតឲ្យមាន«ក្រុមត្រួតពិនិត្យថ្មីលើការអនុវត្តច្បាប់ពាណិជ្ជកម្មដោយតំណាងរាស្ត្រទទួលបន្ទុកផ្នែកពាណិជ្ជកម្មអាមេរិក ការបង្កើតមជ្ឈមណ្ឌលអន្តរភ្នាក់ងារស្តីពីការអនុវត្ត ត្រួតពិនិត្យ និងពង្រឹងច្បាប់ពាណិជ្ជកម្ម និងការបង្កើតឲ្យមានប្រព័ន្ធព្រមានទុកជាមុន ដែលកំណត់ការកើនឡើងនៃពាណិជ្ជកម្មដែលមិនស្របច្បាប់»។

យ៉ាងណាក៏ដោយ អ្នកជំនាញទាំងនេះថា សហរដ្ឋអាមេរិកត្រូវចាប់ផ្តើមអនុវត្តផែនការសកម្មភាពពិតប្រាកដរបស់ខ្លួន ដើម្បីធ្វើឲ្យច្បាប់នេះមានប្រសិទ្ធភាព៕

website_news/2016160306.txt · Last modified: 2017/02/28 11:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki