website_news:2016160601

គ្រួសារស្ត្រីចាញ់បោកមេខ្យល់រៀបការទៅចិនស្នើឲ្យរដ្ឋាភិបាលជួយសង្គ្រោះកូនស្រីមកវិញ

(http://www.rfa.org/khmer/news) គេហទំព័រវិទ្យុអាស៊ីសេរី 2016-06-15 ដោយ ថា កិត្យា

អាណាព្យាបាលស្ត្រីខ្មែរដែលអះអាងថា កូនស្រីបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ជួយសង្គ្រោះ និងបញ្ជូនកូនស្រីពីប្រទេសចិន វិលមកកម្ពុជា វិញ។ សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ថា កំពុងសហការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីមានវិធានការសង្គ្រោះឲ្យបានទាន់ពេលវេលា។ មូលហេតុបណ្ដាលឲ្យស្ត្រីខ្មែរដែលរៀបការ និងទៅរស់នៅប្រទេសចិន ចង់វិលត្រឡប់មកប្រទេសកំណើតវិញនោះ ដោយសារទទួលរងទារុណកម្ម និងធ្វើបាបស្ទើរសព្វបែបយ៉ាងពីសំណាក់ជនជាតិចិន ដែលបានយកទៅ។

លោកស្រី មឿក អាន រស់នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលត្រូវជាម្ដាយស្ត្រីខ្មែររងគ្រោះឈ្មោះ បួ សំអូន រៀបរាប់ថា កូនស្រីរបស់គាត់ត្រូវមេខ្យល់ឆបោកនាំទៅរៀបការជាមួយបុរសជនជាតិចិន រយៈពេលបីឆ្នាំហើយ។ លោកស្រីបន្តថា កូនស្រីរបស់គាត់បានបាត់ដំណឹងសូន្យឈឹង ហើយទើបមានទំនាក់ទំនងឡើងវិញ ដោយប្រាប់ឲ្យម្ដាយប្ដឹងទៅអាជ្ញាធរដើម្បីជួយសង្គ្រោះត្រឡប់មកស្រុកកំណើតវិញ៖ «ប្ដីធ្វើបាបណាស់ ហើយម្ដាយ និងឪក្មេកជាដើម វាយធ្វើបាបគ្នាមួយថ្ងៃបីដង ហើយខាំដៃ។ ឥឡូវនេះគ្នាឡេឡឺហើយ។ គេចាប់បញ្ច្រកថ្នាំអីទេ នាំឲ្យបាក់ធ្មេញមុខអស់ហើយ»។ លោកស្រីរៀបរាប់ថា មូលហេតុដែលកូនស្រីសម្រេចចិត្តទៅរៀបការជាមួយបុរសជនជាតិចិន នោះ ព្រោះលង់ជឿតាមមេខ្យល់ថា បានលុយកាក់ច្រើនសម្រាប់ជួយគ្រួសារ ខណៈពួកគាត់កំពុងមានជីវភាពក្រខ្សត់។

លោកស្រី មឿក អាន បានបញ្ជាក់ថា គាត់បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរតាំងពីភូមិ-ឃុំ រហូតដល់ខេត្ត និងដាក់ពាក្យប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សអាដហុក ផងដែរ ដើម្បីជួយពន្លឿនការសង្គ្រោះកូនស្រីរបស់គាត់ឲ្យបានមកស្រុកខ្មែរវិញ។

វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានការិយាល័យប្រឆាំងការជួញដូរខេត្តព្រៃវែង បានទេ នៅថ្ងៃទី១៥ ខែមិថុនា។

មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី មានប្រសាសន៍ថា អាដហុក កំពុងធ្វើការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីមានវិធានការសង្គ្រោះឲ្យបានទាន់ពេលវេលា៖ «អាដហុក នឹងទាក់ទងទៅស្ថាប័ននានា ដើម្បីជួយអន្តរាគមន៍ឲ្យជនរងគ្រោះបានត្រឡប់មកវិញឆាប់ៗ គឺយើង និងរដ្ឋាភិបាល ជួយជនរងគ្រោះដូចគ្នា។ ខាងរដ្ឋាភិបាលគាត់ជួយតាមរយៈខ្សែរយៈរបស់គាត់ ហើយខាងយើងក៏ទាក់ទងជាមួយគាត់ ដើម្បីរុញរឿងនេះ ធ្វើម៉េចដើម្បីឲ្យជនរងគ្រោះមកវិញរហ័សដោយសុវត្ថិភាព»។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា កត្តាសំខាន់ដែលនាំឲ្យស្ត្រីខ្មែរនៅតែចាញ់បោកមេខ្យល់ទៅធ្វើការ ឬយកប្ដីជនជាតិចិន នោះ គឺផ្ដើមចេញពីភាពក្រីក្រ ខ្វះការអប់រំ ការទួលយកព័ត៌មានមិនគ្រប់គ្រាន់ ខ្វះទីផ្សារការងារក្នុងស្រុក ការជំពាក់បំណុលធនាគារ និងមួយផ្នែកទៀត គឺការស្រមើស្រមៃរបស់ស្ត្រីទាំងនោះ ថានឹងបានប្ដីសមប្រកបជាដើម។

អ្នកស្រីបន្តថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាល់តែពលរដ្ឋមានជីវភាពធូរធារ និងមានចំណេះដឹងគ្រប់គ្រាន់៖ «សំខាន់ គឺធ្វើឲ្យគ្រួសារគាត់ល្អជាងមុន ហើយពួកគាត់មានប្រាក់ខែសមរម្យ ហើយតម្លៃកសិផល ហើយគាត់ធ្វើស្រែមិនធ្វើតាមយថាផល។ អ៊ីចឹងគឺកាលណាគាត់មានប្រាក់ចំណូលគ្រប់គ្រាន់ គឺពួកគាត់លែងចំណាកស្រុកហើយ»។

មន្ត្រីសិទ្ធិមនុស្សរាយការណ៍ថា ស្ត្រីខ្មែរភាគច្រើនដែលត្រូវបានមេខ្យល់លួងលោមនាំខ្លួនទៅលក់ឲ្យបុរសជនជាតិចិន ទិញធ្វើប្រពន្ធ ឬទិញទុកសម្រាប់ធ្វើខ្ញុំបម្រើនៅក្នុងគ្រួសារជនជាតិចិន តែងតែរងនូវការធ្វើទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ បង្អត់អាហារ ការឃុំខ្លួនឲ្យនៅតែក្នុងបន្ទប់ និងការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករ ជាដើម។

ជុំវិញបញ្ហានេះ ក្រសួងការបរទេស កន្លងមកបានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះ ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំបន្តចាញ់បោកតាមការអូសទាញបញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលប៉ុនប៉ងនាំមនុស្សទៅធ្វើការ ឬទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ដោយសន្យាថា នឹងទទួលបានលាភសក្ការៈ ប្រាក់កាសជាច្រើនឲ្យសោះ៕

website_news/2016160601.txt · Last modified: 2017/03/03 13:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki