website_news:2016160602

ជម្រះក្ដីចិនម្នាក់ខ្មែរ ៣ នាក់ ខណៈប្ដីប្រពន្ធ ១ គូប្ដីរួចខ្លួនប្រពន្ធជាប់ ៥ ឆ្នាំរឿងជួញដូរមនុស្ស

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Thu, 16 June 2016 នៀម ឆេង

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានជំនុំជម្រះក្តីជនជាតិចិនម្នាក់ និងខ្មែរ ៣ នាក់ពីបទនាំចេញដោយមិនស្របច្បាប់ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ ២០១៥ ខណៈគូស្វាមីមួយគូត្រូវបានតុលាការប្រកាសឲ្យប្រពន្ធជាប់គុក ៥ ឆ្នាំចំណែកប្តីរួចផុតពីបទចោទ។ ជនជាប់ចោទជាតិចិនមានឈ្មោះ Cao Wuhua ភេទប្រុសអាយុ ៤២ ឆ្នាំចំណែកជនជាតិខ្មែរ ៣ នាក់មានឈ្មោះ គី ឈាងអាង ភេទប្រុស អាយុ ៦០ ឆ្នាំឈ្មោះ ស្រី ហួរ អាយុ ៥៧ ឆ្នាំត្រូវជាប្រពន្ធរបស់ គី ឈាងអាង និងឈ្មោះ អ៊ីម ហ៊ាប ភេទស្រី អាយុ ៦០ ឆ្នាំ។

អ្នកទាំង ៤ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៥ នៅផ្ទះសំណាក់ ណាំ សុវណ្ណ ស្ថិតនៅផ្លូវលេខ ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រីឯជនរងគ្រោះក្នុងរឿងនេះមាន ៣ នាក់រួមមានឈ្មោះ វង់ សុខនី ឈ្មោះ អ៊ួច សុផល និងឈ្មោះ ស៊យ ចន្ធូ ដែលទាំងអស់គ្នាមកពីខេត្តតាកែវ។ ប៉ុន្តែ អ៊ួច សុផល និង ស៊យ ចន្ធូ បានដកពាក្យបណ្តឹងដោយអះអាងថាខ្លួនជាអ្នកស្ម័គ្រចិត្តចង់រៀបការជាមួយចិនដោយខ្លួនឯង។ ក្នុងសវនាការ គី ឈាងអាង ដែលជាអ្នករត់ម៉ូតូឌុបបានបដិសេធថាមិនពាក់ព័ន្ធក្នុងនេះទេប៉ុន្តែចម្លើយនៅប៉ូលិសគាត់ថាធ្លាប់បានដឹកមនុស្សទៅព្រលានយន្តហោះបាន ៤ នាក់ដោយដឹកម្តងៗឈ្មោះ Cao Wuhua បានឲ្យ ២០ ដុល្លារ។ គាត់ថាគាត់បានស្គាល់ជនជាតិចិននៅសួនច្បារហើយធ្លាប់បានញ៉ាំបាយជាមួយគ្នា ២ ឬ ៣ ដង។

ប៉ុន្តែនៅក្នុងរបាយការណ៍ប៉ូលិសប្រពន្ធរបស់គាត់ឈ្មោះ ស្រី ហួរ ឆ្លើយថាកាលពីថ្ងៃទី ៨ កញ្ញា ២០១៥ ពេលត្រឡប់ពីយកកូននៅសាលារៀនទៅផ្ទះនៅម្តុំផ្សារអូរឫស្សី គាត់ឃើញជនជាតិចិន Cao Wuhua កំពុងថតរូបក្មេងស្រីរងគ្រោះទាំង ៣ នាក់ហើយពេលនោះក៏ឃើញប្តីគាត់ គី ឈាងអាង និង អ៊ីម ហ៊ាប នៅទីនោះផងដែរ។ ទោះយ៉ាងណា ស្រី ហួរ បានបដិសេធថាមិនបានដឹងរឿងនាំមនុស្សទៅចិននោះទេលុះដល់ពេលព្រះរាជអាជ្ញាសួរដេញដោលទើបឆ្លើយថាធ្លាប់បាននាំជនរងគ្រោះទាំង ៣ នាក់ទៅញុំាបាយ។

ចំពោះជនជាប់ចោទ អ៊ីម ហ៊ាប ដែលរស់នៅខេត្តតាកែវត្រូវបានចោទថាជាអ្នកជួយរកមនុស្សនៅជនបទដើម្បីទៅរៀបការទៅចិន។ អ៊ីម ហ៊ាប បានប្រាប់តុលាការថាគាត់បាននាំក្មេងស្រី ២ នាក់គឺឈ្មោះ ស៊យ ចន្ធូ និង វង់ សុខនី ទៅជួប គី ឈាងអាង និង ស្រី ហួរ តាមរយៈការស្នើឲ្យជួយពីឈ្មោះ អ៊ួច សុផល (ជនរងគ្រោះ)។ បើតាមចម្លើយរបស់គាត់នៅដំណាក់កាលប៉ូលិសថាគាត់ទទួលបានប្រាក់ ៣០០ ដុល្លារសម្រាប់ការរកកូនក្រមុំបានម្នាក់។ ចំណែកម្តាយរបស់កូនក្រមុំទទួលបាន ១ ពាន់ដុល្លារថ្លៃទឹកដោះ។

ដោយឡែក Cao Wuhua បានបដិសេធរាល់សំណួររបស់ចៅក្រមដោយអះអាងថាខ្លួនមិនបានដឹងអ្វីទាំងអស់។ គាត់ថានៅពេលប៉ូលិសចាប់ខ្លួនគាត់កំពុងដេកនៅសណ្ឋាគារ។ ពេលចាប់ខ្លួនប៉ូលិសបានដកហូតប្រាក់ជាង ៦ ពាន់ដុល្លារ និងលិខិតឆ្លងដែនរបស់គាត់។ គាត់ថាបានស្គាល់ឈ្មោះ គី ឈាងអាង តាមរយៈមិត្តភក្ដិចិនដែលចូលលេងល្បែងនៅកាស៊ីណូណាហ្គាវើល។

ទោះបីជាជនសង្ស័យទាំង ៤ នាក់បានបដិសេធក៏ដោយតែចម្លើយជនរងគ្រោះទាំង ៣ នាក់នៅដំណាក់កាលប៉ូលិសស៊ីចង្វាក់គ្នាថ្វីបើពួកគេមិនមានវត្តមាននៅក្នុងសវនាការពីម្សិលមិញក្ដី។ ពួកគេធ្លាប់បានប្រាប់ប៉ូលិសថាស្រ្តីឈ្មោះ អ៊ីម ហ៊ាប ប្រាប់ពួកគេថា៖ «បើចង់រៀបការទៅស្រុកចិន គេនឹងចេញថ្លៃចំណាយទាំងអស់ហើយម្តាយកូនក្រមុំនឹងទទួលបាន ១ ពាន់ដុល្លារថ្លៃទឹកដោះ»។ ពួកគេក៏បានស្ម័គ្រចិត្តហើយបានមកភ្នំពេញ ២ ដងដើម្បីធ្វើឯកសារ និងទិញខោអាវ។ ពេលមកភ្នំពេញពួកគេបានមកជួប គី ឈាងអាង និងឈ្មោះ ស្រី ហួរ ដែលជាអ្នកជូនទៅទិញខោអាវ។ នៅថ្ងៃទី ៨ កញ្ញា គឺមួយថ្ងៃមុនពេលចាប់ខ្លួន គី ឈាងអាង បានទូរស័ព្ទហៅពួកគេឲ្យមកភ្នំពេញដើម្បីត្រៀមចេញដំណើរ។ ពួកគេក៏បានឡើងមកភ្នំពេញលុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

នៅពេលចប់សវនាការ គី ឈាងអាង បានសុំឲ្យតុលាការដោះលែងប្រពន្ធគាត់ដើម្បីឲ្យទៅថែទាំកូនតូចអាយុជាង ១០ ឆ្នាំហើយគាត់សុខចិត្តជាប់ទោសតាមការសម្រចរបស់តុលាការ។

មេធាវី ៤ នាក់ដែលការពារក្ដីជនជាប់ចោទទាំង ៤ បានស្នើឲ្យតុលាការទម្លាក់បទចោទប៉ុន្តែតំណាងអយ្យការលោកស្រី ស៊ឺ វណ្ណនី តម្កល់បទចោទដដែល។ ក្នុងសំណុំរឿងនេះបើតុលាការរកឃើញថាមានទោសពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ឆ្នាំទៅ ១៥ ឆ្នាំតាមមាត្រា ១១ នៃច្បាប់ស្តីពីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។ ក្រោយសវនាការចៅក្រម កៅ វណ្ឌី ថានឹងប្រកាសសាលក្រមរឿងនេះនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខ។ នៅក្នុងករណីដោយឡែកមួយទៀតកាលពីម្សិលមិញនេះដែរតុលាការក៏បានកាត់ទោសស្រ្តីខ្មែរម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនខណៈប្តីរបស់នាងត្រូវតុលាការឲ្យរួចផុតពីបទចោទ។ ស្រ្តីរូបនោះមានឈ្មោះ ណៃ ធារី អាយុ ២៤ ឆ្នាំចំណែកគាត់ឈ្មោះ គុយ តូម៉ា អាយុ ២៥ ឆ្នាំ។ អ្នកទាំង ២ ត្រូវបានជំនុំជម្រះកាលពីថ្ងៃទី ១៩ ឧសភា ២០១៦។

កាលពីថ្ងៃបើកសវនាការ ណៃ ធារី បានបដិសេធការចោទប្រកាន់ដោយអះអាងថានាងបានទៅជូនដំណើរមិត្តភក្ដិទៅចិនប៉ុន្តែជនរងគ្រោះ និងសាក្សីបានអះអាងថា ធារី បានជួយធ្វើលិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះហើយធ្លាប់បានជួយសម្រួលឲ្យស្រ្តីខ្មែរម្នាក់ឲ្យបានទៅរៀបការ និងរស់នៅប្រទេសចិនផងដែរ។

ទាំង ២ នាក់ប្តីប្រពន្ធត្រូវបានប៉ូលិសប្រឆាំងការជួញដូរមនុស្សចាប់ខ្លួននៅព្រលានយន្តហោះក្នុងពេល ធារី ហុច សំបុត្រយន្តហោះ និងលិខិតឆ្លងដែនឲ្យទៅស្ត្រីខ្មែរ ២ នាក់ដែលរៀបជិះយន្តហោះទៅប្រទេសចិន។ ចំណែក គុយ តូម៉ា គ្រាន់តែជាអ្នកជូនដំណើរប្រពន្ធប៉ុណ្ណោះ៕

website_news/2016160602.txt · Last modified: 2017/03/03 13:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki