website_news:2016160802

ថៃមានបំណងសង់មណ្ឌលចំនួន ៥ ដើម្បីបណ្តុះបណ្តាលពលករខ្មែរ

(http://www.postkhmer.com) Tue, 16 August 2016 សែន ដាវីត

ភ្នំពេញៈ រដ្ឋាភិបាលថៃបានជម្រាបមកខាងគណៈប្រតិភូសភាកម្ពុជាថា ភាគីថៃមានបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន ៥ កន្លែងនៅតាមព្រំដែនថៃកម្ពុជាសម្រាប់បណ្តុះបណ្តាលពលករខ្មែរមុននឹងអនុញ្ញាតឲ្យពួកគេទៅរកការងារធ្វើនៅប្រទេសថៃ។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភា កម្ពុជា-ថៃ បានដឹកនាំគណៈប្រតិភូរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រថៃពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ នេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរពិសេសគឺស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរ។

លោក ឈាង វុន បានថ្លែងថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសថៃគណៈប្រតិភូតំណាងរាស្រ្តបានចូលជួបប្រធានរដ្ឋសភាថៃ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាថៃ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ រដ្ឋមន្ត្រីក្រសួងការងារ ថៃ និង ប្រធានក្រុមមិត្តភាពសភាថៃ។ លោកថាក្នុងនោះភាគីថៃបានជម្រាបមកថា ខាងថៃមានបំណងបង្កើតមជ្ឈមណ្ឌលចំនួន ៥ តាមព្រំដែនដើម្បីបណ្តុះបណ្តាលពលករខ្មែរមុននឹងឲ្យពួកគេឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ លោកថា៖ «ខាងថៃគេជម្រាបមកយើងថាគេមានបំណងបង្កើតមជ្ឈមណ្ឌលចំនួន ៥ តាមព្រំដែនជួយបណ្តុះបណ្តាលពលករខ្មែរមិនត្រឹមតែបណ្តុះបណ្តាលទេគេនឹងត្រួតពិនិត្យ និងផ្តល់ភាពស្របច្បាប់ផងដែរ»។

លោក ឈាង វុន បានជួបពិភាក្សាការងារជាមួយលោក Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅទីស្តីការក្រសួងព្រមទាំងបានស្នើម្តងហើយម្តងទៀតដល់ភាគីថៃជួយគាំពារពលករកម្ពុជាដែលបានមកធ្វើការនៅប្រទេសថៃ ឲ្យទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ដូចជាការការពារសុខភាពគ្រោះថ្នាក់ការងារជាដើម។

លោក ឈាង វុន និងលោក Don Pramudwinai បានប្តេជ្ញារួមគ្នាក្នុងការធ្វើឲ្យទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីររីកចម្រើន និងរឹងមាំឡើងថែមទៀតដោយភាគីទំាងពីរនឹងខិតខំជំរុញឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិតរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាថៃ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថាខាងក្រសួងសង្គមកិច្ចក៏កំពុងរៀបចំបង្កើតមជ្ឈមណ្ឌលសំចតថ្មីមួយទៀតផងដែរនៅព្រំដែន កម្ពុជា-ថៃ ដើម្បីទទួលពលករខ្មែរដែលត្រូវថៃបញ្ជូនត្រឡប់មកវិញ៕

website_news/2016160802.txt · Last modified: 2017/03/11 18:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki