website_news:2016160901

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា កម្ពុជា បានកំពុងបន្តខិតខំទប់ស្កាត់អំពើជួញដូរមនុស្ស

(http://bayontv.com.kh) 16/09/2016

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បច្ចុប្បន្នបើទោះ សហរដ្ឋអាមេរិក វាយតម្លៃថាកម្ពុជាមានសកម្មភាពបង្ក្រាបអំពើជួញដូរមនុស្សល្អយ៉ាងណាក៏ដោយ ក៏កម្ពុជានៅ តែបន្តខិតខំប្រឹងប្រែងរកកិច្ចសហការពីដៃគូជាតិអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនោះឲ្យខាងតែបាន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ភូលី ដុនហ្វត នាយកកម្មវិធីទើបតែងតាំងថ្មីនៃ ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ល្ងាចថ្ងៃទី១៥ ខែកញ្ញា នៅទីស្ដីការក្រសួង សម្ដេច ក្រឡាហោម ស ខេង មានប្រសាសន៍ថា ការខិតខំធ្វើសកម្មភាព និងការខិតខំស្វែងរកដៃជាតិអន្តរជាតិ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសារការងារជាការងារសកល ហើយកម្ពុជា ក៏កំពុងមានពលរដ្ឋរងគ្រោះ ផងដែរលើបញ្ហានេះ។

លោកស្រី ភូលី ដុនហ្វត ថា ថ្មីៗកន្លងមកនេះ ស្ថាប័នអន្តររដ្ឋាភិបាលធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើ ជួញដូរ មនុស្សមួយនៅសហរដ្ឋអាមេរិក ឆ្នាំ២០១៦នេះ បានវាយតម្លៃព្រះរាជាណាចក្រកម្ពុជា និងផ្ដល់ចំណាត់ ថ្នាក់លេខ២ឈានទៅរកភាពល្អប្រសើរ និងរួចផុតពីឋានៈជាប្រទេសជាប់ការឃ្លាំមើល បន្ទាប់ពីកម្ពុជា បានកំពុង មានចំណាត់ការល្អ និងមានកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញមនុស្សនៅកម្ពុជា។ សម្រាប់ការវាយតម្លៃ ឲ្យចំណាត់ថ្នាក់នោះត្រូវបានគេធ្វើឡើងរៀងរាល់១៥ឆ្នាំម្ដង ហើយរៀងរាល់បីឆ្នាំគេចុះពិនិត្យតាមដានម្ដង។

ក្នុងជំនួបនោះ Polly Dunford ថានឹងបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្ដល់ជំនួយសម្រាប់ អភិវឌ្ឍន៍លើផ្នែកផ្សេងៗទៀត ខណៈមុននេះ មានគម្រោងថវិកាជាច្រើនបានកំពុងអនុវត្តដូចជា ការទប់ស្កាត់អំពើ ជួញដូរមនុស្ស អភិវឌ្ឍន៍របបវិមជ្ឈការ វិសហមជ្ឈការ ការពង្រឹងសមត្ថភាពកងកម្លាំងនគរបាលប្រឆាំងបទល្មើស ការចូលរូមចំណែករៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី និងការចូលរួមផ្សព្វផ្សាយច្បាប់អង្គការសង្គមស៊ីវិល ការរៀបចំ បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលនៅកម្ពុជា ជាដើម ៕

website_news/2016160901.txt · Last modified: 2017/03/12 16:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki