website_news:2016160902

ប្រធាន USAID មើលឃើញលទ្ធផលល្អរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

(http://www.cen.com.kh) ថ្ងៃទី 16 កញ្ញា 2016, ម៉ោង 12:31:PM) | ដោយ: ដាវុធ

ភ្នំពេញ: ប្រធាន USAID បានបញ្ជាក់សារជាថ្មី ចំពោះជំហបន្តជួយគាំទ្រ ដល់កម្ពុជា ជាបន្តទៀត លើផ្នែកនិងវិស័យជាច្រើន ក្នុងនោះមួយផ្នែក គឺជួយពង្រឹងសមត្ថភាព កងកម្លាំងអនុវត្តន៍ច្បាប់ ក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស សំដៅធ្វើយ៉ាងណា ឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើស។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី ប្លី ដាន់ហ្វត (Blly Dunford) នាយកកម្មវិធី ដែលទើបតែងតាំងថ្មី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ទីស្តីការក្រសួងមហាផ្ទៃ។

លោកស្រី ប្លី ដាន់ហ្វត បានមានប្រសាសន៍ កោតសរសើរ ចំពោះលទ្ធផលវិជ្ជាមាន ជាច្រើន ដែលកម្ពុជា សម្រេចបាន នៅក្នុងការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស នាពេលកន្លងមក។ លោកស្រី ប្លី ដាន់ហ្វត បានមានប្រសាសន៍ថា កាលពីពេលថ្មីៗ កន្លងមកនេះ USAID បានជួបជាមួយ គណៈកម្មាធិជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីពិភាក្សាថា តើអាចជួយលើផ្នែកណាមួយ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។ លោកស្រី បានឯកភាពនិងគាំទ្រផងដែរថា ការងារកំណែទម្រង់ គឺជាការងារដ៏សំខាន់របស់កម្ពុជា នឹងបន្តជួយលើផ្នែកនេះ ក្នុងនោះរាប់ទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ USAID ដែលបានជួយកម្ពុជា នាពេលកន្លងមក លើវិស័យជាច្រើន ហើយអរគុណ ចំពោះការប្តេជ្ញាជាថ្មី ក្នុងការជួយកម្ពុជាបន្តទៀត។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាបញ្ហាសកល ដែលទាមទារឲ្យមានការសហការ ចូលរួមយ៉ាងជិតស្និទ្ធ និងល្អប្រសើរ រវាងប្រទេសដែលពាក់ព័ន្ធ ហើយកម្ពុជា ថ្វីត្បិតតែទទួលបាន លទ្ធផលល្អក៏ដោយ ក៏នៅតែបន្តខិតខំធ្វើការងារនេះបន្តទៀត។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការងារនេះ គឺជាការងារថ្មី និងជាការងារយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាន នូវការរីកចម្រើន ទៅថ្ងៃមុខ ហើយនៅចុងឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចដាក់ឲ្យមានការផ្ទេរមុខងារ ការគ្រប់គ្រងបឋមសិក្សា និងជម្ឈមណ្ឌលគ្រប់គ្រងកុមារតូច ចាប់ផ្តើមពីខេត្តបាត់ដំបង មុនគេ៕N/S

website_news/2016160902.txt · Last modified: 2017/03/12 16:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki