website_news:2016160903

សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញកាន់តែច្រើនតាមច្រកទ្វារប៉ោយប៉ែត

(http://www.rfa.org/khmer/news) lដោយ ហ៊ុំ ចំរើន 2016-09-15

ន្ត្រីនៃគណៈកម្មការទទួលបន្ទុកពលករមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរដែលទៅធ្វើការខុសច្បាប់មកកម្ពុជាវិញកាន់តែច្រើនតាមច្រកនេះ។ មន្ត្រីដដែលឲ្យដឹងទៀតថា គិតជាមធ្យមនៅក្នុងខែសីហា និងដើមខែកញ្ញា មានពលករមិនតិចជាង ៣០០នាក់ទេនៅក្នុងមួយថ្ងៃ ដែលត្រូវអាជ្ញាធរថៃ បញ្ជូនមកវិញ។ មន្ត្រីគណៈកម្មការទទួលបន្ទុកពលករខ្មែរមកពីប្រទេសថៃ បញ្ជាក់ថា ពលករដែលសមត្ថកិច្ចថៃ បញ្ជូនមកតាមច្រកប៉ោយប៉ែត នោះ អ្នកខ្លះទៅស្វែងរកការងារដោយខ្លួនឯង និងខ្លះទៀតទៅតាមរយៈមេខ្យល់ដោយខុសច្បាប់។

អង្គុយនៅក្នុងស្នាក់ការភូមិប៉ោយប៉ែត អ្នកស្រី ស៊ឹម ណាំយ៉ុង ជាគណៈកម្មការទទួលបន្ទុកពលករមកពីប្រទេសថៃ តាមច្រកទ្វារប៉ោយប៉ែត ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី១៥ កញ្ញា ថា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរប្រគល់ឲ្យអាជ្ញាធរកម្ពុជា តាមច្រកនេះជារៀងរាល់ថ្ងៃ ជាពិសេសអំឡុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០១៦។ អ្នកស្រីអះអាងថា នៅខែសីហា ថៃ ចាប់បញ្ជូនពលករមកកម្ពុជា ជាង ៤ពាន់នាក់ ហើយនៅដើមខែកញ្ញា មានថ្ងៃខ្លះរហូតដល់ទៅជាង ៣០០នាក់ក្នុងមួយថ្ងៃ ដែលមានចំនួនច្រើនមិនធ្លាប់មាននៅឆ្នាំ២០១៦ នេះ៖ «អ្នកជាប់ពន្ធនាគារដែលថៃ បញ្ជូនមក ភាគច្រើនមកពីខេត្តស្រះកែវ។ ចំពោះពលករដែលត្រឡប់មកវិញ ពួកគាត់រស់នៅតាមបណ្ដាខេត្តក្នុងប្រទេស ប៉ុន្តែនៅខែកញ្ញា ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ច្រើនជាងគេ គឺប្រមាណ ៦០នាក់ហើយគិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦»។ អ្នកស្រីបន្ថែមថា ពលករដែលថៃ បញ្ជូនមកស្រុកកំណើតវិញនោះ ភាគច្រើនជាកម្មករសំណង់ទៅធ្វើការពីចន្លោះបីខែទៅជាង ១ឆ្នាំ ក្នុងនោះមានពលករខ្លះទើបតែចេញពីពន្ធនាគារក៏មាន។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរមកកម្ពុជា វិញ ភាគច្រើនដាក់នៅក្នុងឡានទ្រុងដូចគេដឹកជ្រូក ទាំងកុមារ និងមនុស្សចាស់ ណែនចង្អៀត ហើយពិបាកដកដង្ហើម។ លោកបន្ថែមថា អាជ្ញាធរខ្មែរដែលទទួលបន្ទុកពលករនៅតាមព្រំដែន ហាក់ខ្វះការយកចិត្តទុកដាក់លើការងារនេះ ដើម្បីជួយសម្រួលដល់ពលករធ្វើដំណើរឲ្យបានប្រសើរនៅឡើយ៖ «អាជ្ញាធរមានសមត្ថកិច្ចពុំមានការអន្តរាគមន៍ណាមួយ ដើម្បីចាប់មេខ្យល់ដែលនាំពលករទៅធ្វើការនៅប្រទេសថៃ ខុសច្បាប់ យកមកផ្ដន្ទាទោសនៅឡើយទេ»។ លោក ស៊ុំ ច័ន្ទគា បញ្ជាក់ថា កត្តាដែលពលករទៅធ្វើការនៅប្រទេសថៃ ទាំងប្រថុយប្រថានខុសច្បាប់នោះ គឺពួកគាត់មានជីវភាពក្រីក្រ ហើយនៅផ្ទះគ្មានការងារធ្វើ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារបាន។

សមត្ថកិច្ចថៃ ច្រើនបញ្ជូនពលករមកប្រគល់ឲ្យអាជ្ញាធរខ្មែរនៅពេលរសៀល ចន្លោះពីម៉ោង ២ ដល់ម៉ោង៥។ ក្រោយពីថៃ បញ្ជូនពលករមកដល់ទឹកដីខ្មែរហើយ អាជ្ញាធរខ្មែរបានអប់រំពួកគាត់ឲ្យយល់ដឹងពីការធ្វើចំណាកស្រុកខុសច្បាប់ប្រមាណពី ១៥ ទៅ ២០នាទី រួចឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។

អ្នកស្រី ស៊ឹម ណាំយ៉ុង បញ្ជាក់ថា ជាធម្មតា សមត្ថកិច្ចថៃ បញ្ជូនពលករតាមច្រកប៉ោយប៉ែត ប្រមាណ ៣ពាន់នាក់ក្នុងមួយខែ ដោយឡែកនៅក្នុងខែសីហា មានច្រើនជាងគេ គឺរហូតដល់ជាង ៤ពាន់នាក់៕

website_news/2016160903.txt · Last modified: 2017/03/12 16:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki