website_news:2016161102

រយៈពេល១០ខែឆ្នាំ២០១៦ ពលករកម្ពុជាទៅធ្វើការស្របច្បាប់នៅក្រៅប្រទេសជាង១ម៉ឺននាក់

(http://www.rasmeinews.com/local) ដោយ ៖នីកា ថ្ងៃទី 16 វិច្ឆិកា 2016 ម៉ោង 07:50:AM

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថារយៈពេល១០ខែ ឆ្នាំ២០១៦ ពលករទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេសមានចំនួន ១៥.៧៣៣នាក់ (ស្រីចំនួន៦.៧១៧នាក់)។ របាយការណ៍ដែលបានចែកជូនកាលពីពេលថ្មីៗនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពនិងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទបានបញ្ជាក់ថា ក្នុងចំណោមពលករដែលទៅធ្វើការស្របច្បាប់ជាង១ម៉ឺននាក់ ក្នុងនោះទៅតាមរយៈទីភ្នាក់ងារជ្រើសរើសពលករនិងតាមរយៈប្រព័ន្ធអនុញ្ញាតការងារទៅប្រទេសកូរ៉េរបស់រាជរដ្ឋាភិបាលមានដូចជាទៅប្រទេសម៉ាឡេស៊ីចំនួន១២០នាក់ (ស្រី៩១នាក់) ទៅប្រទេសថៃចំនួន៩.៦០៧នាក់(ស្រី៤.៥៣២នាក់),ទៅប្រទេសជប៉ុន នួន៨២៥នាក់(ស្រី៤៦៩នាក់) និងប្រទេសកូរ៉េ៥.១៨១នាក់(ស្រី១.៦២៥នាក់)។

ដោយឡែកតាមរបាយការណ៍ពីណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យរយៈពេល១០ខែឆ្នាំ២០១៦នេះក្រុមការងារទទួលជនទេសន្តរប្រវេសន៍បានឲ្យដឹងថា ថ្ងៃបានបញ្ជូនពលករត្រឡប់មកប្រទេសកម្ពុជាវិញក្រោមរូបភាព«និរទេស»តាមច្រកទ្វារអន្តរជាតិសរុបចំនួន៣៥.៨២៣នាក់ ក្នុងនោះស្រីចំនួន១១.៧៣០នាក់ កុមារ២.៨៩៣នាក់(កុមារី១.១៥២នាក់)។ ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ២០១៥មានចំនួន៤៥.២១៥គឺមានការថយចុះចំនួន៩.៣៩២នាក់ ស្មើនឹង២០,៧៧ភាគរយ៕

website_news/2016161102.txt · Last modified: 2017/03/16 11:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki