website_news:2016161105

ច្រករបៀងតាមព្រំដែន ថៃបើកវិញហើយព្រឹកនេះ

(https://kohsantepheapdaily.com.kh) ដោយ ៖ ម៉ុត សារុន ថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ច្រករបៀង (ពលរដ្ឋឆ្លងទៅព្រឹក វិលល្ងាច) តាមបន្ទាត់ព្រំដែន ក្នុងខេត្តស្រះកែវ ប្រទេសថៃ ឈមទឹកដីកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកន្លងមកត្រូវភាគីថៃបិទអស់មួយរយៈនោះ ពេលនេះ បានបើកឱ្យដំណើរជាធម្មតាឡើងវិញហើយ នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១៦ ។ នេះបើតាមការអះអាងប្រាប់តាមទូរស័ព្ទពីមន្ត្រីសមត្ថកិច្ចជួរមុខកម្ពុជា ខាងត្បូងនិងខាងជើងផ្លូវជាតិលេខ៥ ក្នុងខេត្ត ។ គួររំលឹកផងដែរថា ខាងភាគីថៃទាហានឈុតខ្មៅ កងរយ1205 ស្ថិតនៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ព្រៃគប់បានធ្វើការជូនដំណឹងថា ចាប់ពីថ្ងៃទី០៧ វិច្ឆិកា តទៅ គេត្រូវបិទច្រកជាបណ្តោះអាសន្ន ។

ចំពោះមូលហេតុ គឺអភិបាលខេត្តស្រះកែវ ត្រូវបានប្តូរផ្លាស់ ។ ហើយចំពោះការបើកច្រកវិញ គឺខាងទាហានឈុតខ្មៅថៃ នៅរង់ចាំបបញ្ជារបស់ថ្នាក់លើសិន ។ គួររំលឹកថា នៅតាមច្រករបៀងតាមបណ្តាស្រុក-ក្រុងក្នុងខេត្តបន្ទាយមានជ័យ ឈមទឹកដីថៃ ខេត្តស្រះកែវ ត្រូវបានប្រភពពីមន្ត្រីសមត្ថកិច្ចជូរមុខកម្ពុជា រាយការណ៍ថា ត្រូវបានភាគីថៃធ្វើការបិទទាំងអស់ ទោះជាពលរដ្ឋដែលឆ្លងទៅមកព្រឹក វិលល្ងាចក៏ដោយ។ តាមច្រករបៀងខាងជើងផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក គេឃើញហាក់មានសភាពស្ងប់ស្ងាត់ ខុសសព្វមួយដង ។

ហើយនៅតាមបារ៉ាស់ប៉ុស្តិ៍ឈរជើងរបស់យោធា និងនគរបាលការពារព្រំដែនគោកត្រូវបានទាញបិទ និងកន្លែងខ្លះមានទាំងសសេរអក្សរ ជាបំរាមនៅពាក្យខ្លីចងភ្ជាប់ និងបារ៉ាស់(បិទ) ខណៈខាងទឹកដីថៃកន្លែងខ្លះ ទាញបិទដោយលួសបន្លា ឯកន្លែងណាមានទ្វារព្រំដែន គេចាក់សោតែម្តង ។

មន្ត្រីកម្ពុជាប្រចាំនៅច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ បានប្រាប់កោះសន្តិភាពថា ការបិទច្រករបៀង ធ្វើឡើងដោយភាគីថៃចាប់ផ្តើម នៅថ្ងៃ៧ វិច្ឆិកា នេះ ហើយថា ការបិទលើលនេះ ក៏ខុសពីពេលមុនៗផងដែរ ។ សូម្បីតែពលរដ្ឋដែលត្រូវឆ្លងទៅមករកគ្នាឬរកការងារធ្វើព្រឹកវិលល្ងាច ក៏គេមិនអនុញ្ញាតដែរ ។

ជុំវិញបញ្ហាខាងលើនេះ ប្រភពពីសមត្ថកិច្ចជួរមុខខាងត្បូងផ្លូវជាតិលេខ៥ ក្នុងស្រុកម៉ាឡៃម្នាក់ សុំមិនបញ្ចេញឈ្មោះប្រាប់តាមទូរស័ព្ទថា យោងជំនួបប្រជុំជាមួយកម្លាំងទាហានឈុតខ្មៅថៃនៅស្រុកខ្លងហាតខេត្តស្រះកែវ កាលពីរសៀលថ្ងៃទី៥ វិច្ឆិកា ខាងភាគីថៃអះអាងថា នឹងមានការបិទច្រករបៀងទាំងអស់ ក្នុងភូមិសាស្ត្រភូមិភាគ១ របស់គេឈម និងភូមិភាគ៥កម្ពុជា ដោយមិនបញ្ជាក់ពីមូលហេតុឡើយ ។

website_news/2016161105.txt · Last modified: 2017/03/16 11:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki