website_news:2016170302

រដ្ឋមន្ត្រីការបរទេសឲ្យទូតកម្ពុជាជម្រុញសមត្ថកិច្ចថៃអោយដោះលែងពលករ១៥នាក់

(http://www.rasmeinews.com/) ដោយ ៖មុនីរ័ត្ន ថ្ងៃទី 17 មីនា 2016 ម៉ោង 07:30:AM

ភ្នំពេញៈ លោកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរថៃដើម្បីជំរុញឲ្យមានការដោះលែងពលករចំនួន១៥នាក់ ចាញ់បោកមេខ្យល់ធ្វើការលើទូកនេសាទ ឲ្យបានឆាប់រហ័ស ហើយនិងទាមទារសំណងពីក្រុមហ៊ុនទូកនេសាទថៃ ជូនដល់ពលករទាំងអស់។ ពលករខ្មែរចំនួន១៥នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃ ជួយសង្គ្រោះនៅលើទូកនេសាទថៃ ចំនួន២គ្រឿង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ អាជ្ញាធរថៃបានផ្តោតការសង្ស័យថា ពលករខ្មែរទាំង១៥នាក់ ជាជនរងគ្រោះដោយសារការជួញដូរមនុស្សក៏បាននាំយកទៅរក្សាទុកនៅមជ្ឈមណ្ឌលស្តារនិតិសម្បទាជនរងគ្រោះដោយការជួញដូរមនុស្សខេត្ត Ranong។

លោកបានបន្តថា បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ឲ្យចុះសួរសុខទុក្ខទំនាក់ទំនងជាមួយអាជ្ងាធរថៃជំរុញឲ្យមានការដោះលែងពលករទាំង១៥នាក់ បានឆាប់រហ័ស ហើយនិងទាមទារសំណងពីក្រុមហ៊ុនទូកនេសាទថៃ ជូនដល់ពលករទាំងអស់។ នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៦ ស្ថានឯកអគ្គរាជទូត បានទៅសួរសុខទុក្ខពលករទាំង១៥នាក់ នៅមជ្ឈមណ្ឌលខេត្ត Ranong និងបានជួបអាជ្ញាធរមូលដ្ឋានរបស់ថៃ ដើម្បីដោះស្រាយ តាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដោយទទួលបានលទ្ធផលដូចតទៅ៖ អាជ្ញាធរមូលដ្ឋានថៃ ស្នើសុំឲ្យពលករទាំងអស់ស្នាក់នៅក្នុងមជ្ឈមណ្ឌលមួយរយៈសិន ដើម្បីធ្វើសាក្សីក្នុងការចោទប្រកាន់ក្រុមហ៊ុនទូកនេសាទថៃពីបទជួញដូរកម្លាំងពលកម្មមនុស្ស។ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦ តុលាការនឹងកោះហៅសាក្សីទាំងអស់ទៅផ្តល់ចម្លើយ។

តុលាការអាចពិចារណាអនុញ្ញាតឲ្យពលករចាកចេញពីថៃ ក្នុងករណីទទួលបានចម្លើយគ្រប់គ្រាន់ហើយ។ នៅពេលនេះ ក្រុមហ៊ុនទូកនេសាទ បានយល់ព្រមទូទាត់ឲ្យពលករនូវទឹកប្រាក់ចំនួន២៥០០០បាតក្នុងម្នាក់ៗរួចហើយ ដោយប្រគល់ឲ្យមជ្ឈមណ្ឌលរក្សាទុកជូនដល់ជនរងគ្រោះ។ តាមការពនិត្យរបស់ស្ថានទូត ពលករខ្មែរទាំងនេះ ត្រូវបានមជ្ឈមណ្ឌលយកចិត្តទុកដាក់មើលយ៉ាងល្អ ដោយមានកន្លែងស្នាក់នៅសមរម្យ ការហូប-ចុក៣ពេលក្នុងមួយថ្ងៃ និងម្ហូប៣មុខក្នុង១ពេល ។ល។

ស្ថានទូត ក៏បានទំនាក់ទំនងជូនព័ត៌មានដល់គ្រួសារពលករទាំង ១៥ នាក់ រួចហើយ ដើម្បីកុំឲ្យមានការព្រួយបារម្ភហើយក៏បានជួយសម្រួលឲ្យសាច់ញាតិរបស់ពលករមួយចំនួន បាន ធ្វើដំណើរទៅសួរសុខទុក្ខដល់មជ្ឈមណ្ឌល៕

website_news/2016170302.txt · Last modified: 2017/02/28 11:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki