website_news:2016170303

ទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជួយពលការីនីកម្ពុជាចំនួន ០៥ នាក់ ទៀត ឲ្យបានវិលមកវិញ

(http://bayontv.com.kh/17/03/2016)

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការីនីកម្ពុជាចំនួន ០៥ រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មកមាតុប្រទេសវិញ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ថា ពលការិនីទាំង០៥ រូបនោះ រួមមាន

ទី១– ឈ្មោះអ៊ន មុំ អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងភេ ឃុំម្រាម ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៤ ធ្វើការជាអ្នកបោសសំអាត។ ដោយចង់ត្រឡប់មកផ្ទះ ពលការិនីរូបនេះ បានទៅស្ថានទូត នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦ ដើម្បីសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី អ៊ន មុំ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នឲ្យ។

ទី២– ឈ្មោះ ទឹម ចាន់ អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិមុនីព្រឹក្សា ឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង បានទៅប្រទេសម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត តាំងពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤។ ដោយចង់ត្រឡប់មកផ្ទះ ពលការិនីរូបនេះ បានទៅស្ថានទូត នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦ ដើម្បីសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ទឹម ចាន់ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នឲ្យ។

ទី៣– ឈ្មោះគាំ តុំ អាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦ តាមរយៈស្ត្រីជនជាតិម៉ាឡេស៊ី។ ដោយជួបប្រទះការលំបាកក្នុងការងារ ពលការិនីរូបនេះ បានទៅស្ថានទូត នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ត្រីជនជាតិម៉ាឡេស៊ីរូបនោះ បានសុខចិត្តបង់ពិន័យឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះឲ្យពលការិនី គាំ តុំ បន្ទាប់ពីស្ថានទូតបានធ្វើការអន្តរាគមន៍។

ទី៤– ឈ្មោះស្រ៊ី ផល្លីន អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នែកក្រសាំង ឃុំជីរគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ធ្វើការជា អ្នកបោសសំអាត។ ដោយធ្វើការលំបាកពេក ពលការិនីរូបនេះ បានទៅស្ថានទូត នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៦ ដើម្បីសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ស្រ៊ី ផល្លីន ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នឲ្យ។

ទី៥– ឈ្មោះ ឌុល ស្រីខួច អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នែកក្រសាំង ឃុំជីរគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី កាលពីខែ មករា ឆ្នាំ ២០១៦ ធ្វើការជាអ្នកបោសសំអាត។ លោកបន្តថា ដោយការងារលំបាក ពលការិនីរូបនេះ បានទៅស្ថានទូត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដើម្បីសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ឌុល ស្រីខួច ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នឲ្យ។

មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានបញ្ជាក់ដែរថា កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងហូប– ចុកជូនដល់ពលការិនីទាំង ០៥រូប ខាងលើ ហើយពលការិនីទាំង០៥រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧ និង៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦៕

website_news/2016170303.txt · Last modified: 2017/02/28 11:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki