website_news:2016170501

គេចពីតម្រួតថៃ ឆ្លងចូលដីខ្មែរជាន់មីនផ្ទុះដាច់ជើង

(http://www.postkhmer.com) គឹម សារុំ គេហទំព័រភ្នំពេញប៉ុស្តិ៍ Mon, 16 May 2016

ប៉ោយប៉ែតៈ បុរសម្នាក់ក្នុងចំណោមពលករខ្មែរ ១០ នាក់បានជាន់មីនផ្ទុះដាច់ជើងម្ខាងកាលពីថ្ងៃទី ១៤ ខែឧសភាខណៈគេចពីតម្រួតថៃហើយដើរចូលចម្ការមីនតាមច្រករបៀងនៅទំនប់ក៥ ក្នុងភូមិព្រៃគប់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សូរ ចាន់ណារី មន្រ្តីនគរបាលការពារព្រំដែនគោកវរៈ ៩១១ បានឲ្យដឹងថាបុរសជាពលករខ្មែរម្នាក់ដែលជាន់មីនដាច់ជើងនោះកំពុងត្រូវជួយសង្គ្រោះនៅមន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា៖ «ខ្ញុំបានទទួលរបាយការណ៍ពីករណីនេះដែរប៉ុន្តែរឿងនេះបានកើតឡើងនៅព្រំដែនដែលនគរបាលព្រំដែនជាអ្នកធ្វើការងារនេះ»។

បើតាមមន្រ្តីនគរបាលការពារព្រំដែន ៩១១ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ជ្រក់ សែត អាយុ ១៨ ឆ្នាំរស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាបបានរងរបួសដាច់កជើងខាងស្តាំ និងដៃស្តាំរងរបួសយ៉ាងធ្ងន់។ មន្រ្តីនគរបាលឲ្យដឹងទៀតថាហេតុការណ៍នោះបានកើតឡើងនៅម៉ោងជិត ១ រសៀលនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខណៈពលករកម្ពុជាចំនួន ១០ នាក់បានត្រឡប់ពីថៃវិញប៉ុន្តែដោយជួបនឹងតម្រួតថៃនៅទល់ដែនក៏នាំគ្នាគេចហើយក៏ដើរចូលក្នុងចំណុចកើតហេតុដែលជាចម្ការមីនតែម្ដង។ បន្ទាប់ពីឮស្នូរផ្ទុះនគរបាលការពារព្រំដែន ៩១១ ដែលមានទីតាំងនៅក្បែរនោះបានជួយអន្តរាគមន៍ដោយយកឧបករណ៍រាវមីនបើកផ្លូវទៅរំដោះជនរងគ្រោះ និងជួយមនុស្ស ៩ នាក់ទៀតក្នុងនោះមានកុមារម្នាក់ផង។

ទាក់ទងនឹងការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននេះដែរបើតាមលោក ឃីម ធន មន្រ្តីអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយគ្រាប់មីននៃអង្គភាពកម្ចាត់មីនកម្ពុជាបានឲ្យដឹងថាករណីនេះក្រុមការងារលោកបានផ្សព្វផ្សាយអប់រំដល់ពលរដ្ឋនៅតំបន់នោះតាមរយៈបណ្តាញមេភូមិ មេឃុំ ក្នុងក្រុងប៉ោយប៉ែត និងក្នុងស្រុកនានានៃខេត្តជាប្រចាំតាមការបណ្តុះបណ្តាលពីមន្រ្តីជំនាញស៊ីម៉ាក់។ លោកប្រាប់ថា៖ «យើងបានបណ្តុះបណ្តាលមេភូមិក្រុមប្រឹក្សាឃុំឲ្យពួកគាត់ចេះជំនាញតែដោយឡែកបងប្អូនចំណូលថ្មីគាត់មិនបានស្គាល់ភូមិសាស្រ្តដូច្នេះពួកគាត់តែងជួបគ្រោះថ្នាក់»។

លោកប្រាប់បន្តថាបញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីនក្នុងឆ្នាំ ២០១៥ នៅខេត្តបន្ទាយមានជ័យមានជាង ១៥០ នាក់បើប្រៀបធៀបនឹងឆ្នាំកន្លងៗទៅដែលមានដល់រាប់ពាន់នាក់។ តែឥឡូវធ្លាក់មកនៅខ្ទង់រយទេដោយសារតែមន្រ្តីខិតខំអប់រំផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់គ្រាប់មីនដល់ពលរដ្ឋ។ លោកបានបញ្ជាក់ប្រាប់ថា៖ «តំបន់ដែលជួបគ្រោះថ្នាក់នោះជាតំបន់សនៅជាប់នឹងព្រំដែនថៃផងជាប់ព្រំដែនខ្មែរផងហើយជនរងគ្រោះដើរកាត់ចំតំបន់មីនតែម្តង»៕

website_news/2016170501.txt · Last modified: 2017/03/02 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki