website_news:2016170502

ម្ពុជានៅតែជាគោលដៅនៃទេសចរណ៍ផ្លូវភេទលើកុមារ

(http://km.rfi.fr/cambodia) គេហទំព័រវិទ្យុបារាំង ដោយ ហេង ឧត្តម 15/05/2016

កម្ពុជា គឺប្រទេសមួយក្នុងចំណោមប្រទេសដែលជាគោលដៅនៃទេសចរណ៍ផ្លូវភេទលើកុមារ។ នេះបើតាមបណ្ដាញការពារកុមារពិភពលោកហៅកាត់ថា ECPAT ដែលបានបង្ហាញរបាយការណ៍ កាលពីថ្ងៃទី១២ឧសភា ថ្មីៗនេះ។ អង្គការ ECPAT នេះ រកឃើញផងដែរថា អាជ្ញាធរមានកិច្ចសហការមិនសូវសកម្មក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មនេះ ហើយការរីកចម្រើននៃប្រព័ន្ធទំនាក់ទំនង ក៏កាន់តែជំរុញឲ្យជនល្មើសមានភាពងាយស្រួលក្នុងការប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារនិងក្មេងតូចៗ។

បណ្តាញអង្គការដែលធ្វើការងារខាងប្រឆាំងនឹងការរកស៊ីផ្លូវភេទរបស់កុមារ និងការជួញដូរលើកុមារ ហៅការ ECPAT (End Child Prostitution, Pornography and Trafficking) បានបង្ហាញថា កម្ពុជា បានក្លាយជាគោលដៅរបស់ភ្ញៀវទេសចរបរទេសដែលចង់បំពានផ្លូវភេទលើកុមារ។ ក្មេងៗរងគ្រោះទាំងនោះ ខ្លះជាក្មេងអនាថាតាមចិញ្ចើមថ្នល់ និងក៏មានតិចតួចដែរក្មេងនៅក្នុងគ្រួសារមានជីវភាពមធ្យម។ អ្វីដែលជាការកត់សម្គាល់ របាយការណ៍បានឲ្យដឹងទៀតថា មានមណ្ឌលក្មេងកំព្រាខ្លះនៅកម្ពុជា បានក្លាយជាជម្រកនៃការរកស៊ីជួញដូរភេទលើកុមារ។ កន្លែងខ្លះ បានណែនាំឲ្យកុមារលេងភ្លេង ច្រៀងរាំ ដើម្បីរៃអង្គាសប្រាក់ទៀតផង ហើយក្នុងរនាំងសិល្បៈនេះ គឺមានការជួញដូរភេទលើក្មេងៗ។

ចំណែកឯជនបរទេសដែលមកធ្វើការងារស្មគ្រចិត្តនៅមណ្ឌលក្មេងកំព្រានិងអង្គការទាំងនោះ ក៏មានឱកាសប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារផងដែរ។ បណ្ដាញការពារកុមារពិភពលោកដដែលនេះ ក៏លើកឡើងដែរទៀតថា ជនរងគ្រោះ ខ្វះខាតការជួយគាំទ្រ ទាំងផ្លូវចិត្តនិងផ្លូវច្បាប់។ ចំណែកវិធានការទប់ស្កាត់ ឬតាមចាប់ជនល្មើស ក៏មិនសូវបានការសហការសកម្មពីសំណាក់អាជ្ញាធរ។ ការចែករំលែកព័ត៌មានរបស់ជនល្មើសក៏នៅតែមិនទាន់ទូលំលាយ។ ធ្ងន់ធ្ងរជាងនេះ សំណាញ់ច្បាប់គ្របមិនសូវជាប់ឧក្រិដ្ឋជន។ បន្ថែមពីនេះ ការរីកចម្រើននៃប្រព័ន្ធអ៊ិនធឺណិត និងបណ្តាញទំនាក់ទំនងផ្សេងៗ ក៏កាន់តែជំរុញឲ្យជនល្មើសមានភាពងាយស្រួលក្នុងការប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារ។ ពោលគឺពួកជនល្មើសអាចទាក់ទងទៅក្រុមឈ្មួញដោយផ្ទាល់ ឬទាក់ទងទៅកុមារដែលលក់ភេទបានគ្រប់ពេលវេលា។

ការសិក្សាដែលមានកម្រាស់១៥៤ទំព័រ ជាភាសាអង់គ្លេស និងមានដៃគូជិត៧០ស្ថាប័នលើពិភពលោកបានចូលរួមស្រាវជ្រាវនោះ បានរកឃើញទៀតថា ជនល្មើសភាគច្រើន គឺភ្ញៀវទេសចរបរទេស ដែលទៅទស្សនាប្រទេសក្រីក្រ។ អ្នកខ្លះទៀត ជាអ្នកជំនួញនិងអ្នកធ្វើការចល័ត ហើយក៏មានដែរ ក្រុមបុគ្គលស្មគ្រចិត្តដែលមកធ្វើការតាមអង្គការនានា។ ពួកជនល្មើស ភាគច្រើន នៅពេលថ្មីៗនេះ គឺជាក្រុមបទេសដែលរស់នៅក្នុងតំបន់ជាមួយគ្នា ឬប្រទេសក្បែរគ្នា។ ដោយឡែកមានភ្ញៀវទេសចរជនបរទេសខ្លះ មិនមានចេតនាបំណងចង់ទៅដើរលេងដើម្បីប្រព្រឹត្តល្មើសផ្លូវភេទលើកុមារនោះទេ តែគឺពេលដែលគេឃើញមានឱកាសល្អហុចឲ្យ ពួកគេក៏ប្រព្រឹត្តតែម្តង។

សូមបញ្ជាក់ថា បើនិយាយតែពីនៅតំបន់អាស៊ីអគ្នេយ៍ ប្រទេសថៃនិងហ្វីលីពីន ដែលគេធ្លាប់ស្គាល់ថា ជាជម្រុកទេសចរបរទេសទៅរកសេវាឬធ្វើបទល្មើសផ្លូវភេទលើកុមារ។ ក៏ប៉ុន្តែអាជ្ញាធរថៃបានទប់ស្ងាត់យ៉ាងសកម្ម ហើយករណីល្មើសបានធ្លាក់ចុះទៅវិញ។ តែពេលនេះ វាបានធ្លាក់ដល់វេន ប្រទេសកម្ពុជា ឡាវ វៀតណាម និងភូមាវិញម្តង៕

website_news/2016170502.txt · Last modified: 2017/03/02 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki