website_news:2016170504

កងកម្លាំងឆ្មាំសមុទ្រលីប៊ីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ១០០នាក់ពីតំបន់ឆ្នេរសមុទ្រ

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទស្សន៍បាយ័ន្ត 17/05/2016

លីប៊ី៖ ឆ្មាំសន្តិសុខរបស់ប្រទេសលីប៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍អាហ្វ្រិក ១០២នាក់នៅតំបន់ឆ្នេរសមុទ្រលីប៊ីកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីម៉ាស៊ីនទូករបស់ពួកគេឈប់ដំណើរការ និងរសាត់តាមខ្យល់នាំពួកគេមកកាន់ច្រាំងសមុទ្រ។

មន្ត្រីប្រចាំអង្គភាពឆ្មាំសមុទ្រមួយរូប លោក អាប់ដេល បារីសាឡឹម បាននិយាយថា នៅលើទូកនេះមានស្ត្រី ៥២នាក់, បុរស ៥៩នាក់ និងកុមារម្នាក់ផងដែរ។ ជនអន្តោប្រវេសន៍ម្នាក់ឈ្មោះ តាសេន បានប្រាប់សារព័ត៌មាន AP ថា លោកមកពីប្រទេសហ្គាណា ,មូលហេតុដែលបង្ខំចិត្តចាកចេញពីប្រទេសនេះ ដោយសារការវាយប្រយុទ្ធគ្នាក្នុងស្រុក។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់កំពុងស្វែងរកជីវិតល្អប្រសើរមួយ ក្នុងដែនដីប៉ែកអឺរ៉ុបបានធ្វើដំណើរតាមទូកកៅស៊ូ ផ្សងគ្រោះថ្នាក់ចេញពីប្រទេសលីប៊ីក្នុងក្ដីរំពឹងថា នឹងអាចទៅដល់ប្រទេសអ៊ីតាលីជាមួយការលិចទូក និងលង់ទឹកស្លាប់ជាច្រើននៅតាមផ្លូវ។

ក្រុមអ្នករត់ពន្ធមនុស្សបានកេងយកផលប្រយោជន៍ ពីភាពវឹកវរនៃសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសលីប៊ី ដោយចម្លងជនអន្តោប្រវេសន៍អស់សង្ឃឹមរាប់ពាន់នាក់ តាមសមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅកាន់អឺរ៉ុប ខណៈរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិកំពុងតតាំង ដើម្បីគ្រប់គ្រងការធ្វើចំណាកស្រុក៕ អត្ថបទ៖ សុខមាន

website_news/2016170504.txt · Last modified: 2017/03/02 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki