website_news:2016170601

សាលាដំបូងខេត្តជម្រះក្ដីឲ្យឥណ្ឌាលក់មុងជាប់ទោស ១៤ ខែពីបទប្រព្រឹត្តអាស

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Fri, 17 June 2016 នៀម ឆេង

សៀមរាបៈ សាលាដំបូងខេត្តសៀមរាបកាលពីម្សិលមិញបានបើកសវនាការ និងសម្រេចផ្ដន្តាទោសកំបាំងមុខជនជាតិឥណ្ឌាលក់មុង និងខោអាវម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ ខែ និងបង់ប្រាក់សងជំងឺចិត្តចំនួន ៣ លានរៀលដល់កុមារីរងគ្រោះម្នាក់ពីបទអំពើអាសខណៈបុរសរូបនេះទំនងជាកំពុងនៅក្រៅឃុំ។ នេះបើយោងតាមអ្នកនាំពាក្យតុលាការខេត្ត។

បើតាមលោក យិន ស្រ៊ាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថាបុរសជនជាតិឥណ្ឌាមានឈ្មោះ Ray Deo អាយុ ៤២ ឆ្នាំត្រូវបានលោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន បើកសវនាការជម្រះ និងសម្រេចឲ្យជាប់ទោសភ្លាមៗដោយកំបាំងមុខជនជាប់ចោទ។

លោក យិន ស៊្រាង បាននិយាយថា៖ «ព្រឹកមិញនេះលោកចៅក្រមប្រាប់ថាមិនមានវត្តមានជនជាប់ចោទទេមានតែខាងដើមបណ្តឹង។ គាត់ប្រហែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំពីព្រោះបើសិនគាត់នៅពន្ធនាគាររង់ចាំការកាត់ទោសច្បាស់ជាគេយកមកហើយព្រឹកមិញ»។ អ្នកនាំពាក្យរូបនេះបានបន្តថាតុលាការមិនទាន់ចេញដីកាចាប់ខ្លួននៅឡើយទេដោយសារសាលក្រមនេះមិនទាន់ចូលស្ថាពរ។ លោកថ្លែងថា៖ «ក្រោយពេលកាត់សេចក្តីគាត់មានពេល ៣០ ថ្ងៃតាមកំណត់ច្បាប់ដើម្បីប្តឹងទាស់នឹងសាលក្រម។ បើក្នុង ៣០ ថ្ងៃនេះគាត់មិនប្តឹងទេតុលាការនឹងចេញដីកាចាប់ខ្លួន»។

លោក ឃឹម វ៉ាន់ដូ នាយកគម្រោងនៃអង្គការការពារកុមារពីការរំលោភបំពានឈ្មោះ APLE បានឲ្យដឹងថាជនជាតិឥណ្ឌាដែលជាប់ចោទត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៥ ក្រោយពេលប៉ូលិសទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ លោកថ្លែងថា៖ «ជនជាប់ចោទមានមុខរបរលក់មុង និង ខោអាវចល័តគាត់នៅក្នុងសហគមន៍ជាមួយជនរងគ្រោះគឺនៅបន្ទប់ជួលជិតគ្នា។ ថ្ងៃមួយគាត់បានចាប់កុមារីនោះចូលក្នុងបន្ទប់របស់គាត់ដើម្បីព្យាយាមប្រព្រឹត្តអំពើអាស»។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់អំពើអាសនោះថាបែបណាទេ៕

website_news/2016170601.txt · Last modified: 2017/03/03 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki