website_news:2016170602

ស្ត្រីខ្មែរ ២ នាក់ត្រូវបានជួយសង្គ្រោះពីម៉ាឡេស៊ី

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Fri, 17 June 2016 សែន ដាវីត

ភ្នំពេញៈ ស្រ្តីខ្មែរ ២ នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីវិញបន្ទាប់ពីពួកគេត្រូវបានជាប់ឃុំរយៈពេល ៦ ខែពីបទធ្វើការ និងស្នាក់នៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។

លោក ឌីថេហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានឲ្យដឹងថាមន្ត្រីរបស់ (សង់ត្រាល់) និងស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីបានជួយស្ត្រីពលករខ្មែរ ២ នាក់ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសម៉ាឡេស៊ីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ១៦ និង ០៥ នាទី។ លោកថាពួកគេត្រូវថៅកែធ្វើបាបហើយរត់ចេញពីផ្ទះទៅកាន់ប៉ុស្តិ៍ប៉ូលិសរួចក៏ត្រូវបានគេចាប់ដាក់ក្នុងពន្ធនាគារអស់រយៈពេល ៦ ខែម្នាក់ និងម្នាក់ទៀត ៥ ខែដោយសារពួកគេគ្មានលិខិតឆ្លងដែន។ ស្រ្តីទាំងពីរមានឈ្មោះ គឹមសុភ័ណ និង សែន សុគុណ មកពីខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។ លោកបន្ថែមថាពួកគេបានចាកចេញទៅបម្រើការងារជាស្រ្តីបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីជាងមួយឆ្នាំមកហើយតែត្រូវថៅកែធ្វើបាប និងកេងប្រវ័ញ្ចទើបរត់គេចបណ្ដាលឲ្យប៉ូលិសចាប់ខ្លួន។

បច្ចុប្បន្នពួកគេទាំង ២ នាក់នោះត្រូវបានបញ្ជូនទៅកាន់ស្រុកកំណើតរៀងៗខ្លួនក្រោយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យោងតាមក្រសួងការបរទេសបានឲ្យដឹងថាកាលពីឆ្នាំ ២០១៥ ស្រ្តីខ្មែរចំនួន ៥៥ នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីវិញដែលចំនួននេះបានកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៤ ដែលមានស្រ្តីខ្មែរតែ ៣៤ នាក់ត្រូវបានជួយសង្គ្រោះឲ្យត្រឡប់មកវិញ៕

website_news/2016170602.txt · Last modified: 2017/03/03 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki