website_news:2016170603

ថៃសុំអឺរ៉ុបផ្តល់ពេលបន្ថែមសម្រាប់កំណែទម្រង់នេសាទ

(http://km.rfi.fr) គេហទំព័រវិទ្យុបារាំង ថ្ងៃទី 16/06/2016 ដោយ ព្រំ សឿន សូលីណា

នៅថ្ងៃព្រហស្បតិ៍១៦មិថុនានេះ ក្រសួងឧស្សាហកម្មថៃបានសុំសហភាពអឺរ៉ុបអោយអនុគ្រោះផ្តល់ពេលបន្ថែមដល់ថៃ ដើម្បីធ្វើកំណែទម្រង់វិស័យនេសាទ។ កាលពីខែមេសា ឆ្នាំ២០១៥ អឺរ៉ុបបានបញ្ចេញកាតលឿង តំរូវអោយថៃបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ និងពលកម្មដែលរងការបង្ខិតបង្ខំ។ សម្រាប់ថៃ កាតលឿងជាការប្រកាសអាសន្នដល់វិស័យនេសាទរបស់ខ្លួន។

សហភាពអឺរ៉ុបបានដាក់កំហិតថៃអោយធ្វើកំណែទម្រង់ឧស្សាហកម្មនេសាទ ច្រើនខែមកហើយ ហើយត្រូវតែធ្វើអោយឆាប់រហ័សបំផុត មិនដូច្នោះទេ ថៃនឹងទទួលទណ្ឌកម្ម។ អឺរ៉ុបចង់ឃើញជាក់ស្តែង ថាឧស្សាហកម្មនេសាទថៃមានលក្ខណៈប្រសើរជាងមុន ចៀសវាងរាល់សកម្មភាពនេសាទខុសច្បាប់ និងពលកម្មបង្ខិតបង្ខំ។ ប៉ុន្តែ រហូតពេលនេះ ថៃនៅមិនទាន់សម្រេចសំណើអឺរ៉ុបបាននៅឡើយទេ។

មន្ទីរទទួលបន្ទុកផ្នែកនេសាទថៃ បានពន្យល់ថា ការដែលថៃមិនទាន់អាចធ្វើកំណែទម្រង់ស៊ីជម្រៅបាន គឺដោយសារថៃជួបផលវិបាកនយោបាយ បង្កឡើងដោយរដ្ឋប្រហារកន្លងមក។ ទោះយ៉ាងនេះក្តី ថៃពន្យល់ដែរថា ប៉ុន្មានខែចុងក្រោយនេះ ថៃបានព្យាយាមបញ្ចូលកំណែទម្រង់ ក្នុងការអនុវត្តន៍ជាក់ស្តែង។ ថៃបាន ត្រួតពិនិត្យកប៉ាល់នេសាទរាប់ពាន់គ្រឿង បំពាក់ទៅដោយរ៉ាដា។ រ៉ាដាទាំងនេះ នឹងផ្តល់សញ្ញាអោយអាជ្ញាធរបានដឹង ករណីកប៉ាល់ណាមួយចូលទៅនេសាទក្នុងដែនទឹកបរទេស។

គួរបញ្ជាក់ថា ថៃជាប្រទេសទី៣នាំមុខគេ ក្នុងពិភពលោកក្នុងឧស្សាហកម្មគ្រឿងសមុទ្រ។ តាំងពីគណៈកម្មការអឺរ៉ុបចេញបញ្ជាអោយថៃកែទម្រង់វិស័យនេសាទមក ថៃបានព្យាយាមចរចាជាមួយអឺរ៉ុប ដើម្បីចៀសវាងទទួលទណ្ឌកម្ម៕

website_news/2016170603.txt · Last modified: 2017/03/03 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki