website_news:2016180301

ស្ត្រីអាយុក្រោម១៨ឆ្នាំដែលស្ម័គ្រចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសអាចនឹងជួបការប្រថុយប្រថាន

(http://bayontv.com.kh/17/03/2016)

ភ្នំពេញ ៖ ខណៈមានកូនខ្មែរជាច្រើនបានធ្វើស្ម័គ្រចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដោយហេតុផលចង់ទៅនៅក្រៅប្រទេស នៅថ្ងៃនេះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានអំពាវនាវឲ្យស្ត្រីខ្មែរ និងអាណាព្យាបាល ត្រូវព្យាយាមរកភាពស្របច្បាប់ពីជនបរទេស ដើម្បីបានរៀបអាពាហ៍ពិពាហ៍ និងការរស់នៅក្រៅប្រទេសប្រកបដោយសុខសុវត្ថិភាព។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី បែបបទនីតិវិធីរៀបចំអាពាហ៍ពិពាហ៍ទៅក្រៅប្រទេស នាព្រឹកថ្ងៃទី១៧ ខែមីនា នៅសាលប្រជុំ គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ស្ត្រីខ្មែរដែលបានរៀបចំអាពាហ៍ពិពាហ៍ជាមួយជនបរទេស មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ប៉ុន្តែស្ត្រីខ្លួនឯង ដែលមានបំណងរៀបការជាមួយជនបរទេស នោះត្រូវតែពិចារណាឲ្យបានត្រឹមត្រូវ ពិនិត្យសាវតារគ្នាទៅវិញទៅមក និងសមស្របទៅតាមនីតិច្បាប់ ពិសេសស្ត្រីខ្មែរអាយុក្រោម១៨ឆ្នាំ។

លោកជំទាវ បញ្ជាក់ថា ភាពស្របច្បាប់ដែលភាគីទាំងសងខាងត្រូវដឹងនោះរួមមាន៖ ទី១ភាគីជនបរទេសត្រូវមានលិខិតឆ្លងដែនមានទិដ្ឋាការដែលមានសុពលភាព ទី២ត្រូវមានលិខិតថ្កោលទោសថាជននោះគ្មានទោស និងបញ្ជាក់ពីការធ្វើអន្តោប្រវេសន៍ស្របច្បាប់ ទី៣មានលិខិតបញ្ជាក់មុខរបរ ទី៤លិខិតបញ្ជាក់សុខភាព ទី៥លិខិតបញ្ជាក់ភាពនៅលីវ ដែលមានការបញ្ជាក់ពីស្ថានទូត។ តាមប្រសាសន៍លោកជំទាវ ជូ ប៊ុនអេង នៅក្នុងកិច្ចប្រជុំនោះដែរ នៅក្នុងឆ្នាំ២០១៥ មានជនបរទេសជាច្រើនជនជាតិ បានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ជាមួយកូនខ្មែរក្រោមរូបភាពស្របច្បាប់មានប្រមាណ១០០០គូ ។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានបុរសប្រជាជនកូរ៉េជាច្រើន បានស្នើសុំរៀបការជាមួយស្ត្រីខ្មែរអាយុក្រោម១៨ឆ្នាំ ខណៈច្បាប់នៅកូរ៉េ មិនបានអនុញ្ញាតឲ្យស្ត្រីរៀបការនៅអាយុ១៨ឆ្នាំនោះទេ ដែលជាបញ្ហាប្រឈមមួយរបស់នារីខ្មែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ កិច្ចប្រជុំនោះ ក៏បានធ្វើការហាមប្រាមទៅដល់បណ្តាមេឃុំសង្កាត់នានា និងស្មៀនឃុំ សង្កាត់សូមពិនិត្យឲ្យដិតដល់ ធ្វើសំបុត្របញ្ជាក់កំណើតលើសមួយជូនបុគ្គលម្នាក់នៅក្នុងមូលដ្ឋាន ហើយពលរដ្ឋដែលមានសំបុត្រកំណើតពីរត្រូវទៅបញ្ជាក់មោឃភាពមួយចោល ដើម្បីជៀសឲ្យផុតភាពខុសច្បាប់៕

website_news/2016180301.txt · Last modified: 2017/02/28 11:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki