website_news:2016180302

ភាពស្របច្បាប់ ៥ចំណុច ពលរដ្ឋខ្មែរ អាចរៀបការ ជាមួយជនបរទេស

(http://www.dap-news.com/kh/) ព្រហស្បតិ៍, ១៧ មិនា ២០១៦ 20:37 ដោយ: បាន សុខរិទ្ធិ ID:055

ភ្នំពេញ៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរ ចង់រៀអាពាហ៍ពិពាហ៍ ស្របច្បាប់ជាមួយ ជនបរទេសនោះ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ពលរដ្ឋកម្ពុជា និងជនបរទេស ត្រូវបំពេញនូវ លក្ខខណ្ឌចំនួន ៥ចំណុច ។

យោងតាមអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានដកស្រងសម្តី របស់លោកស្រី ជូ ប៊ុនអេង ក្នុងកិច្ចប្រជុំ អន្តរក្រសួងស្តីពី បែបបទ នីតិវិធី រៀបចំអាពាហ៍ពិពាហ៍ ទៅក្រៅប្រទេស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បានមានប្រសាសន៍ថា ស្ត្រីខ្មែរដែលបាន រៀបចំ អាពាហ៍ពិពាហ៍ ជាមួយជនបរទេស មិនមែនសុទ្ធតែ អាក្រក់ទាំងអស់នោះទេ ប៉ុន្តែស្ត្រីខ្លួនឯងដែលមាន បំណងរៀបការ ជាមួយ ជនបរទេស នោះត្រូវតែពិចារណាឲ្យ បានត្រឹមត្រូវ ពិនិត្យសាវតាគ្នាទៅវិញទៅមក និងសមស្របទៅតាមនីតិច្បាប់ ពិសេស ស្ត្រីខ្មែរអាយុក្រោម១៨ឆ្នាំ។

លោកស្រី បានបន្តថា “ភាពស្របច្បាប់ដែលភាគី ទាំងសងខាង ត្រូវដឹងនោះរួមមាន ទី១. ភាគីជនបរទេស ត្រូវមានលិខិតឆ្លងដែន មានទិដ្ឋាការដែល មានសុពលភាព, ទី២. ត្រូវមានលិខិតថ្កោលទោស ថាជននោះគ្មានទោស និងបញ្ជាក់ពីការ ធ្វើអន្តោប្រវេសន៍ ស្របច្បាប់, ទី៣. មានលិខិតបញ្ជាក់មុខរបរ, ទី៤. លិខិតបញ្ជាក់សុខភាព និងទី៥. លិខិតបញ្ជាក់ភាពនៅលីវ ដែលមានការ បញ្ជាក់ពីស្ថានទូត”។

លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា នៅក្នុងឆ្នាំ២០១៥ មានជនបរទេសជាច្រើនជនជាតិបានដាក់ពាក្យ សុំរៀបអាពាហ៍ពិពាហ៍ ជាមួយកូនខ្មែរ ក្រោមរូបភាពស្របច្បាប់ មានប្រមាណ១០០០គូ ។ ដោយឡែកសម្រាប់ ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ប៉ុន្មាន ឆ្នាំចុងក្រោយនេះ គឺមានបុរសប្រជាជនកូរ៉េជាច្រើន បានស្នើសុំរៀបការជាមួយ ស្ត្រីខ្មែរអាយុក្រោម១៨ឆ្នាំ ខណៈច្បាប់នៅកូរ៉េ មិនបានអនុញ្ញាត្តិឲ្យ ស្ត្រីរៀបការនៅអាយុ១៨ឆ្នាំនោះទេ ដែលជាបញ្ហា ប្រឈមមួយរបស់នារីខ្មែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ កិច្ចប្រជុំនោះ ក៏បានធ្វើការហាម ប្រាមទៅដល់បណ្តា មេឃុំ-សង្កាត់នានា និងស្មៀនឃុំ-សង្កាត់ ពិនិត្យឲ្យបាន ដិតដល់ អំពីការធ្វើសំបុត្រ បញ្ជាក់កំណើតលើស មួយជូនបុគ្គលម្នាក់នៅ ក្នុងមូលដ្ឋាន ហើយពលរដ្ឋដែល មានសំបុត្រកំណើតពីរ ត្រូវទៅបញ្ជាក់ មោឃភាពមួយចោល ដើម្បីជៀសឲ្យផុតភាពខុសច្បាប់៕

website_news/2016180302.txt · Last modified: 2017/02/28 11:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki