website_news:2016180303

ស្ត្រីខ្មែរពីររូប នៅចិន និងម៉ាឡេស៊ី ត្រូវបានជួយអន្តរាគមន៍ វិលមកកម្ពុជាវិញ

(http://www.dap-news.com/kh/)សុក្រ, ១៨ មិនា ២០១៦ 11:30 ដោយ: ស៊ាន កុសល ID:039

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន និងម៉ាឡេសីន បាមជួយអន្តរាគមន៍ ដល់ស្ត្រីខ្មែរពីររូប អោយបានវិលត្រឡប់ មកប្រទេសកំណើតវិញ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជម្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយស្ត្រីខ្មែរ ០១ រូប ឈ្មោះ អ៊ុត ស៊ីអ៊ាម អាយុ ៣០ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះម្លូ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដែលបានទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៣ តាមរយៈការបោកបញ្ឆោតពីសំណាក់មេខ្យល់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ស្រ្តីខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅរសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:០០ តាមជើងយន្តហោះ K៦៦៥៩ ។

លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនី ខ្មែរ ០១ រូប ឈ្មោះ យន គន្ធា អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពុងចាម ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ពលការិនី យន គន្ធា បានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី ២៩ ខែ តុលា ឆ្នាំ ២០១៥ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ និងដោយធ្វើការលំបាកពេក ក៏បានរត់ទៅស្ថានទូត នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ថៅកែបានទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ បន្ទាប់ពីមានការ ទាមទារយ៉ាងស្វិតស្វាញរបស់ស្ថានទូត។ ពលការិនី យន គន្ធា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ១៦:០០ តាមជើងយន្តហោះ AK៥៣៤ ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប- ចុកជូនដល់ពលការិនីខាងលើ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានអន្តរាគមន៍ជួយពលករ-ពលការិនី និងស្ត្រីរងគ្រោះកម្ពុជា ឲ្យបានត្រឡប់មកស្រុកកំណើតវិញ ចំនួន ៥០រូប (គិតចាប់ពីខែ មករា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦ ៕

website_news/2016180303.txt · Last modified: 2017/02/28 11:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki