website_news:2016180304

កម្ពុជា ឥណ្ឌាគ្រោងនឹងចុះMoUជាមួយគ្នាបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

(http://bayontv.com.kh/18/03/2016)

ភ្នំពេញ ៖ ថ្វីបើប្រទេសកម្ពុជានិងប្រទេសឥណ្ឌា មិនសូវមានបទល្មើសជួញដូរកើតមានឡើងច្រើន ក៏ពិតមែន ក៏នៅថ្ងៃខាងមុខនេះកម្ពុជា និងឥណ្ឌា នឹងចុះហត្ថ លេខាព្រមព្រៀងលើអនុសារណៈយោគយល់គ្នាទៅវិញទៅមក MoUស្ដីពី កិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងដែននៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំមន្ត្រីជំនាញរៀបចំសេចក្តីព្រាងខ្លឹមសារអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជា ឥណ្ឌា ទប់ស្កាត់អំពើជួញដូរមនុស្ស ព្រឹកថ្ងៃទី១៨ ខែមីនា នៅសាលប្រជុំគ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ មានប្រសាសន៍ថា ភាគីទាំងពីរកម្ពុជា ឥណ្ឌា បន្ទាប់ពីមានការចុះ MoUជាមួយគ្នា ពេលខាងមុខ នឹងជួយដល់ការបង្កើតឲ្យមានទំនាក់ទំនងគ្នារវាងប្រជាជនកម្ពុជានិងឥណ្ឌា ពិសេសជួយដល់ការងារភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរទៅធ្វើការងារ ទៅធ្វើអាជីវកម្ម និងការទៅរស់នៅក្នុងប្រទេសឥណ្ឌាជាដើម ហើយឥណ្ឌាក៏នឹងជួយទៅដល់ប្រជាពលរដ្ឋគេដូចគ្នានោះដែរ។

ចំពោះការទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងឥណ្ឌា កន្លងមកត្រូវបានគេឃើញថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋខ្មែរធ្វើដំណើរទេសចរណ៍ប្រទេសឥណ្ឌាក្នុងវិស័យសាសនានិងជំនួញមានរាប់ម៉ឺននាក់ ដោយឡែកក្នុងឆ្នាំ២០១៥នេះដែរ ក្នុងចំណោមគូអាពាហ៍ពិពាហ៍ស្ត្រីខ្មែរជាមួយជនបរទេសជាង១០០០គូ ក្នុងនោះមានស្ត្រីខ្មែរស្ម័គ្រចិត្តរៀបការជាមួយបុរសជនជាតិឥណ្ឌា និងទៅនៅប្រទេសឥណ្ឌាមានតែមួយគូប៉ុណ្ណោះ។

នៅក្នុងកិច្ចប្រជុំនោះ ក៏បានឲ្យដឹងដែរថា បទល្មើសជួញដូរមនុស្សរវាងប្រទេសទាំងពីរ គឺភាគច្រើនកើតឡើងក្រោមរូបភាពចេញបោកមេខ្យល់ពីឥណ្ឌាមកកម្ពុជា មួយចំនួនកើតក្រោមរូបភាពក្រុមហ៊ុនទេសចរណ៍ ខ្លះចាញ់បោកគេរស់នៅកម្ពុជា ដើម្បីបន្តទៅប្រទេសទី៣ជាដើម។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាពេលកន្លងមក កម្ពុជា បានបង្កើតកិច្ចកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគីបង្ក្រាបអំពើជួញដូរមនុស្សជាមួយបណ្ដាប្រទេសជាច្រើន ក្នុងមានប្រទេសថៃ ប្រទេសវៀតណាម និងជាមួយបណ្ដាប្រទេសជាសមាជិកមហាអនុតំបន់ទន្លេមេគង្គដែលមានចំនួន៦ប្រទេសជាដើម ។ នៅថ្ងៃខាងមុខនេះ កម្ពុជា គ្រោងនឹងចុះហត្ថលេខា ព្រមព្រៀងគ្នាបង្ក្រាបអំពើជួញដូរមនុស្ស ជាមួយប្រទេសចិន ប្រទេសម៉ាឡេស៊ី ៕

website_news/2016180304.txt · Last modified: 2017/02/28 11:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki