website_news:2016180502

ស្ថានភាពអ្នកបម្រើតាមផ្ទះនៅអារ៉ាប៊ីសាអ៊ូឌីតខណៈកម្ពុជាគ្មានស្ថានទូត

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Wed, 18 May 2016 Vandy Muong

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសដែលសម្បូរដោយករណីរំលោភសិទ្ធិមនុស្ស និងគ្មានស្ថានទូតកម្ពុជានៅទីនោះទេហើយក៏ជាប្រទេសដែលធ្លាប់ទទួលស្រ្តីបម្រើតាមផ្ទះកម្ពុជាជាយូរមកហើយដែរ ដោយស្រ្តីបម្រើតាមផ្ទះភាគច្រើនមកពីសហគមន៍ខ្មែរអ៊ិស្លាម។

ខណៈដែលកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលគ្រប់គ្រងលើការងារកំពុងជាប់គាំងដោយសារបញ្ហាការិយាធិបតេយ្យពលករចំណាកស្រុកបានបន្តធ្វើដំណើរទៅប្រទេសមជ្ឈិមបូព៌ាមួយនេះតាមរយៈបណ្តាញក្រៅផ្លូវការព្រមទាំងបានជួបនូវផលវិបាកផ្សេងៗ។

នៅសប្តាហ៍មុននេះអ្នកស្រី វើត ពី បានព្រួយបារម្ភដោយអ្នកស្រីមានហេតុផលត្រឹមត្រូវ។ កូនស្រីអ្នកស្រីឈ្មោះ ម៉ាត់ សាវី ដែលបម្រើការតាមផ្ទះនៅទីក្រុង Ryadh ប្រទេស អារ៉ាប៊ីសាអ៊ូឌីត មិនសូវបានទាក់ទងគ្នាទេខណៈនាងគ្មានលិខិតឆ្លងដែន និងខានទូរស័ព្ទមកអ្នកស្រីអស់ ៤ ថ្ងៃ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលកំណត់មូលដ្ឋានផ្លូវច្បាប់សម្រាប់អ្នកបម្រើការតាមផ្ទះទៅធ្វើការនៅប្រទេសមជ្ឈិមបូព៌ានេះកាលពីបីខែមុនប៉ុន្តែយន្តការនេះមិនទាន់បានអនុវត្តទេ។ យោងតាមក្រសួងការងារបានឲ្យដឹងថា «ប្រការស្តីពីកិច្ចការពារ» សម្រាប់ស្ត្រីនៅមិនទាន់រៀបចំទេ។ កាលពីសប្តាហ៍មុននេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ បានឲ្យដឹងថា៖ «មិនមានពលករស្របច្បាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតទេ» ហើយក៏គ្មានឋានៈផ្លូវច្បាប់ដែរដោយពលករបម្រើនៅផ្ទះត្រូវពឹងផ្អែកលើខ្លួនឯង។ លោកបានបន្តថា៖ «បុគ្គលណាដែលទៅទីនោះដោយខ្លួនឯងត្រូវទទួលខុសត្រូវខ្លួនឯង»។ លោក សួរ បានបន្ថែមថាក្រសួងការងារបានលើកទឹកចិត្តពលរដ្ឋកម្ពុជាណាដែលកំពុងជួបប្រទះនូវ «បញ្ហា» ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតឲ្យដាក់ពាក្យបណ្តឹង។

ប៉ុន្តែនាង សាវី អាយុ ២៨ ឆ្នាំ មិនមានវិធីច្រើនដើម្បីដាក់ពាក្យបណ្តឹងឡើយខណៈគ្មានស្ថានទូតកម្ពុជាប្រចាំទីក្រុង Ryadh។ រហូតមកទល់ពេលនេះនាងមានវិធីតែមួយគត់ដែលអាចទាក់ទងមកផ្ទះតាមរយៈហ្វេសប៊ុកហើយមានតែពេលដ៏កម្រប៉ុណ្ណោះដែលនាងអាចនិយាយតាមទូរស័ព្ទជាឯកជនបាន។ គ្រួសារនាងរួមទាំងកូនស្រីម្នាក់បានឃើញមុខនាង សាវី ចុងក្រោយកាលពី ១៨ ខែមុនពេលនាងធ្វើដំណើរទៅព្រលានយន្តហោះជាមួយស្ត្រីពីរនាក់ផ្សេងទៀតដែលពីរនាក់នោះបានវិលមកកម្ពុជាវិញហើយ។ ក្នុងរយៈពេល ១ ឆ្នាំកន្លះដែលនាងបានរស់នៅក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត នាងផ្លាស់ប្តូរកន្លែងធ្វើការចំនួនពីរដងហើយដោយការផ្លាស់ប្តូរលើកទី ១ គឺធ្វើឡើងដោយមានជំនួយពីក្រុមហ៊ុនជ្រើសរើសពលករហើយក្រោយមកនាងបានរត់គេចខ្លួនឯងពីការកេងប្រវ័ញ្ច។ ចៅហ្វាយទីពីររបស់នាងបានទុកលិខិតឆ្លងដែនរបស់នាង។ ដោយគ្មានឯកសារសម្គាល់ខ្លួន នាង សាវី មិនអាចទៅណារួចទេដោយនិយោជកថ្មីរបស់នាងបានគំរាមទាក់ទងទៅអាជ្ញាធរប៉ុន្មានថ្ងៃទៀត។ ពេលនេះម្តាយនាងមានតែរង់ចាំដំណឹងប៉ុណ្ណោះ។

បណ្តាញសាសនាជ្រើសរើសពលករ

វិហារអ៊ិស្លាមមួយនៅក្នុងភូមិចាមលើជាកន្លែងដែលនាង សាវី ធំឡើងគឺជាវិហារសាមញ្ញមួយមានសញ្ញាបង្ហាញពីផែនការកែលម្អឡើងវិញដែលឧបត្ថម្ភដោយរដ្ឋ អារ៉ាប់ប៊ីសាអ៊ូឌីត។ កាលពីចុងឆ្នាំ ២០១៤ អ្នកជ្រើសរើសពលករ ៣ នាក់បានបង្ហាញខ្លួននៅមាត់ទ្វារវិហារនេះព្រមទាំងមានវត្តមានរបស់ម្ចាស់ជំនួយមកពីរដ្ឋ អារ៉ាប់ប៊ីសាអ៊ូឌីត។ ពួកគេបានប្រកាសថាម្ចាស់ជំនួយម្នាក់នោះចង់បានស្ត្រីម្នាក់ទៅបម្រើការនៅផ្ទះរបស់គាត់។ យោងតាមអ្នកស្រី វើត ពី បានឲ្យដឹងថាពួកគេបានមកភូមិពីមុនប៉ុន្តែបានតែប្រកាសពីជំនួយសម្រាប់ធម្មយាត្រាប្រចាំឆ្នាំទៅឱ្យ Mecca ប៉ុណ្ណោះ។ ពេលនោះពួកគេបានស្នើឲ្យ អ៊ីម៉ាំ ក្នុងព្រះវិហារវាស់ស្ទង់ការចាប់អារម្មណ៍ក្នុងចំណោមស្ត្រីនៅក្នុងភូមិនេះសម្រាប់តំណែងជាពលករបម្រើតាមផ្ទះ។ នាង សាវី ចង់ទៅខ្លាំងណាស់បើទោះបីជាមានការជំទាស់ពីក្រុមគ្រួសារក៏ដោយ។ នាងទើបតែលែងលះគ្នា និងបានក្លាយជាម្តាយម្នាក់ហើយធ្លាប់រកប្រាក់ចិញ្ចឹមគ្រួសារក្នុងរោងចក្រមួយនៅប្រទេសថៃ។ នាងចង់ចាកចេញទៅក្រៅប្រទេសម្តងទៀត។ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនាង សាវី បានទៅបាត់។ អ្នកស្រី ពី បានថ្លែងក្នុងបទសម្ភាសនៅឯផ្ទះរបស់អ្នកស្រីកាលពីសប្តាហ៍មុននេះថា៖ «ខ្ញុំមានតែកូនស្រីម្នាក់ទេ។ ខ្ញុំបានប្រាប់នាងកុំឲ្យទៅប៉ុន្តែនាងមិនស្តាប់យើងទេ»។

យោងតាមអ្នកស្រី Farinas So អ្នកស្រាវជ្រាវដែលដឹកនាំគម្រោងប្រវត្តិផ្ទាល់មាត់របស់ខ្មែរអ៊ិស្លាមនៅមជ្ឈមណ្ឌលឯកសារកម្ពុជា DCCAM បានឲ្យដឹងថាចំណាប់អារម្មណ៍របស់ខ្មែរអ៊ិស្លាមក្នុងការធ្វើចំណាកស្រុកទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងតែកើនឡើង។ អ្នកស្រី ប៉ាន់ប្រមាណថាមានស្ត្រីត្រឹមតែពីរបីរយនាក់ប៉ុណ្ណោះដែលកំពុងធ្វើការនៅទីនោះទោះបីជាគ្មានកំណត់ត្រាផ្លូវការក៏ដោយ។ ប៉ុន្តែដោយមានព័ត៌មានពីអនុស្សរណៈនៃការយោគយល់នាពេលថ្មីៗនេះអ្នកស្រី So រំពឹងថាចំនួននេះនឹងកើនឡើងស្របនឹងចំនួនកើនឡើងនៃក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុក។

អ្នកនាង ម៉ាត់ សាវី ដែលកំពុងបម្រើការតាមផ្ទះនៅអារ៉ាប៊ីសាអ៊ូឌីត។

អ្នកស្រី So បានបន្ថែមថាស្ត្រីចង់ស្វែងរកការងារបម្រើតាមផ្ទះនៅអារ៉ាប៊ីសាអ៊ូឌីតដោយសារហេតុផលជាច្រើនដូចជាប្រាក់ សាសនា ព្រមទាំងនាឱកាសធ្វើធម្មយាត្រា hajj។ សម្រាប់អ្នកដែលផ្គត់ផ្គង់មូលនិធិដោយខ្លួនឯងធម្មយាត្រាពីកម្ពុជាអាចចំណាយប្រាក់លើសពី ៣៥០០ ដុល្លារអាមេរិក។ អ្នកស្រីបានបន្ថែមថា៖ «យុវជន [ចាម]ច្រើននាក់បានចេញទៅក្រៅប្រទេសជាពិសេសនៅតំបន់ឈូងសមុទ្រដើម្បីសិក្សារៀនសូត្រ។ ជារឿងគួរឱ្យចាប់អារម្មណ៍ដែលស្រ្តីមើលឃើញឱកាសនេះបើកចំហ»។

ប៉ុន្តែមេខ្យល់ក្នុងស្រុកដែលបានជួយស្ត្រីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតប៉ុន្មានឆ្នាំមុនគឺមុនពេលដែលប្រទេសទាំងពីរចាប់ផ្តើមចរចាកិច្ចព្រមព្រៀងដោយពួកគេកំពុងបញ្ចូលបន្ថែមនូវកេរ្តិ៍ឈ្មោះអាក្រក់របស់ប្រទេសមជ្ឈិមបូព៌ាមួយនេះជាទិសដៅការងារ។ អ្នកជ្រើសរើសពលករដែលមកភូមិរបស់នាងបានសន្យាផ្តល់ការងារជាជំនួយការនៅផ្ទះម្ចាស់អ្នកជួលទៅឲ្យនាង សាវី ដែលទទួលបានប្រាក់ខែ ៣០០ ដុល្លារអាមេរិកព្រមទាំងការថែទាំម្ដាយ និងកូនស្រីក្មេងរបស់់នាង និងជំនួយក្នុងការធ្វើធម្មយាត្រា hajj នៅពេលដែលនាងបានរស់នៅទីនោះរយៈពេលមួយឆ្នាំ។ ប៉ុន្តែពេលដែលនាងបានទៅដល់ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត នាងត្រូវបានកំណត់ឲ្យទៅធ្វើការងារនៅផ្ទះផ្សេងដោយត្រូវធ្វើការលំបាកនឿយហត់ជាហេតុធ្វើឱ្យនាងផ្លាស់ប្តូរការងារលើកទី ១។

ប្រាក់ជាច្រើនដែលនាង សាវី រកបានពុំបានដល់ដៃគ្រួសាររបស់នាងទេ។ អ្នកស្រី ពី ជាម្ដាយបានទទួលតែ ១០០ ដុល្លារអាមេរិកប៉ុណ្ណោះបន្ទាប់ពីកូនស្រីបានធ្វើការមួយខែដំបូងបន្ទាប់មកអ្នកស្រីមិនអាចទាក់ទងបុរសដែលតែងតែផ្ញើប្រាក់នោះបានទេ។ អ្នកស្រីបានលើកឡើងថា៖ «ពួកគេបានក្បត់ពាក្យសន្យា»។

នៅពេលទាក់ទងកាលពីសប្ដាហ៍មុននាង សាវី បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់នាងទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ដោយគ្មានឯកសារនាងពុំអាចចាកចេញពីប្រទេសនេះបានទេហើយនាងភ័យខ្លាចត្រូវគេបញ្ជូនទៅពន្ធនាគារ។ ចាប់តាំងពីបានផ្លាស់ទៅធ្វើការនៅកន្លែងថ្មីកាលពី ៦ ខែមុននាងមិនអាចទាក់ទងបុរសដែលបានជ្រើសរើសនាងឲ្យធ្វើការងារនេះបានទេជាអ្នកដែលនាងគិតថានាងអាចពឹងពាក់ឲ្យជួយបាន។ ក្នុងសារជាសំឡេងនាងបាននិយាយថា៖ «ខ្ញុំពិតជាចង់មកផ្ទះវិញ។ ខ្ញុំអស់សង្ឃឹមណាស់»។

ចំណុចផ្លូវច្បាប់ «ដែលពុំទាន់បានកំណត់»

ដោយអនុស្សរណៈនៃការយោគយល់គ្នាស្ថិតក្នុងស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់។ ក្រុមហ៊ុនជ្រើសរើសពលករដែលបានចុះបញ្ជីនៅក្រសួងការងារកម្ពុជាមិនត្រូវបានអនុញ្ញាតតាមច្បាប់ឲ្យជ្រើសរើស បណ្តុះបណ្តាល ឬបញ្ជូនពលករទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតទេ។

យោងតាមលោក សួរ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថាពុំមានការកំណត់ពេលវេលាសម្រាប់អនុវត្តកិច្ចព្រមព្រៀងស្តីពីអ្នកបម្រើការតាមផ្ទះទេហើយវាមិនត្រូវបានចេញផ្សាយជាសាធារណៈទេ។ អនុស្សរណៈនៃការយោគយល់គ្នាមួយដែលបានចុះហត្ថលេខាជាមួយនឹងប្រទេសម៉ាឡេស៊ីកាលពីខែធ្នូដែលបានលុបចោលការហាមឃាត់រយៈពេលបួនឆ្នាំមកលើពលករបម្រើការតាមផ្ទះកម្ពុជាក្នុងប្រទេសនេះក៏ជួបបញ្ហាផ្លូវច្បាប់ស្រដៀងគ្នានេះផងដែរ។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនជ្រើសរើសពលករចំនួន ៦៥ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមានតែក្រុមហ៊ុន ១៦ ប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណបញ្ជូនពលករទៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមឯកសាររបស់ក្រសួង។

ពេលភ្នំពេញ ប៉ុស្តិ៍ ទាក់ទងក្រុមហ៊ុនទាំងនេះបានបដិសេធថា មិនបានជ្រើសរើសពលករក្នុងស្រុកសម្រាប់បញ្ជូនទៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត នោះទេ។ ក្រុមហ៊ុនជ្រើសរើសពលករត្រូវបានគេចោទប្រកាន់ថាជាយូរមកហើយទាក់ទងនឹងទំនាស់នៃផលប្រយោជន៍។ ក្រុមហ៊ុនមួយចំនួនមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងសមាជិកដែលមានអំណាចក្នុងសហគមន៍ខ្មែរអ៊ិស្លាម។ ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ដែលមានអាជ្ញាប័ណ្ណសម្រាប់តំបន់ឈូងសមុទ្រ និងក្រុមហ៊ុន Formis Manpower Co Ltd សុទ្ធតែគ្រប់គ្រងដោយលោក Ismail Hassan និងលោក Imran Hassan ដែលបងប្អូនទាំងពីររបស់លោក អូស្មានហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារដែលបានធ្វើដំណើរទៅទីក្រុង Riyadh នៅពេលចុះអនុស្សរណៈនៃការយោគយល់គ្នា។ លោក អូស្មាន ហាស្សាន់ បានបដិសេធដោយមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ។ លោក ImranHassan នៃក្រុមហ៊ុន Formis Manpower បាននិយាយថាលោកត្រូវបានពលករច្រើននាក់ទាក់ទងដែលពួកគេចាប់អារម្មណ៍ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាប៉ុន្មានខែចុងក្រោយនេះប៉ុន្តែលោកមិនទទួលពាក្យសុំរបស់ពួកគេទេ។ លោកបានបន្ថែមថា៖ «យើងមិនបានទទួលដំណឹងពីកិច្ចប្រជុំក្រុមការងារទេ»។

លោក William Conklin នាយកប្រចាំប្រទេសនៃក្រុមតស៊ូមតិដើម្បីពលករនៃមជ្ឈមណ្ឌលសាមគ្គីភាពបានឱ្យដឹងថាអ្នកជ្រើសរើសពលករទោះផ្លូវការ និងមិនផ្លូវការក្តីជាញឹកញាប់ដំណើរការត្រូវចំចំណុចខ្វះខាតនៃច្បាប់។ ជាធម្មតាពួកគេគិតថ្លៃបណ្ដុះបណ្ដាលច្រើនហើយផ្តល់ «ប្រាក់កម្ចី» ដល់ពលករធ្វើឲ្យពួកគេជាប់ជំពាក់បំណុលដែលពួកគេត្រូវតែសងវិញពីការងារ។ ចំពោះកិច្ចព្រមព្រៀងថ្មីនេះការបារម្ភចម្បងរបស់ពួកគេមិនមែនសុវត្ថិភាពរបស់ពលករទេ។ លោកបានថ្លែងថា៖ «ទាំងនេះមិនមែនអង្គការសង្គមកិច្ច។ ចំណុចសំខាន់គឺប្រាក់ចំណេញ»។ សម្រាប់អ្នកដែលកំពុងស្វះស្វែងការការពារកម្មករដោយផ្ដោតអាទិភាពលើសុវត្ថិភាពរបស់ស្ត្រីគឺជាការព្រួយបារម្ភ។

លោក De The Hoya មន្រ្តីកម្មវិធីសិទ្ធិការងារនៅអង្គការ Central បានថ្លែងថា៖ «គ្មានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូក្នុងការព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះទេហើយគ្មានយន្តការច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងចំពោះកម្មករទេ»។

ផ្លូវជ្រើសរើសពលករក្រៅផ្លូវការ

គេអាចមើលឃើញការិយាល័យក្រុមហ៊ុនជ្រើសរើសពលករជាច្រើនដែលមិនមានស្លាកសម្គាល់នៅជុំវិញវិហារអ៊ិស្លាម al-Serkal នៅតំបន់បឹងកក់។ នេះបើយោងតាមអ្នកស្រី Farinas So នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ អ្នកស្រីបានពន្យល់ថា៖ «ការពិតក្រុមហ៊ុនភាគច្រើនមានមូលដ្ឋានជុំវិញទីនោះ»។ តំបន់នេះបានឆ្លុះបញ្ចាំងពីភាពស្មុគស្មាញជុំវិញការធ្វើដំណើររវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនដែលមានការិយាល័យក្បែរនោះអាចរៀបចំស្នើសុំទិដ្ឋាការទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាន។ តែពួកគេផ្សព្វផ្សាយជាចម្បងសម្រាប់ពិធីធម្មយាត្រា hajj ប៉ុណ្ណោះ។ នាយកក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងតាមទូរស័ព្ទនៅសប្តាហ៍មុនថាទីភ្នាក់ងាររបស់លោកអាចជួយ «ស្ត្រីទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាន»។ លោកបានបន្ថែមថាក្រុមហ៊ុនបានផ្ញើលិខិតឆ្លងដែនទៅស្ថានទូតនៅទីក្រុងហាណូយដើម្បីសុំទិដ្ឋាការ។ ប៉ុន្តែនៅពេលទៅដល់ការិយាល័យនៃទីភ្នាក់ងារនៅសប្តាហ៍នេះនាយករូបនោះបានបដិសេធថាមិនបានជួយសម្រួលដល់ការទៅបម្រើការងារនៅក្រៅប្រទេសទេ។ អ្នកទាំងឡាយដែលបានធ្វើដំណើរទៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតដូចនាង សាវី ជាញឹកញាប់ត្រូវបានមេខ្យល់ក្នុងខេត្តជួយ។ មេខ្យល់ទាំងនេះពេលខ្លះត្រូវបានជួលដោយក្រុមហ៊ុនជ្រើសរើសពលករឲ្យធ្វើជាភ្នាក់ងារបន្ត។

នេះបើយោងតាមលោក Conklin នៃមជ្ឈមណ្ឌលសាមគ្គីភាព។ លោកបានបន្ថែមថា៖ «ពួកគេអាចបាត់ខ្លួនងាយជាងអ្នកជ្រើសរើសពលករ» ។ ដោយមានប្រតិបត្ដិការក្រៅផ្លូវការបែបនេះពលករអាចគ្មានអ្នកដែលអាចពឹងពាក់បាននៅពេលពួកគេមានបញ្ហា។ លោក Phil Robertson នាយករងនៃតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា៖ «តាមផ្លូវជ្រើសរើសពលករក្រៅផ្លូវការកិច្ចការពារតែមួយគត់ដែលអាចពឹងពាក់បានគឺអ្នកទាំងឡាយដែលអ្នកស្គាល់ហើយថាពួកគេនឹងជួយអ្នកដែរឬទេប្រសិនបើអ្នកជួបនិយោជកដែលរំលោភបំពានសិទិ្ធ»។

ករណីនាង សាវី នាងហើយគ្រួសារនាងមិនស្គាល់ថាតើក្រុមហ៊ុនណាដែលអ្នកជ្រើសរើសពលករធ្វើការឲ្យទេឬថាតើពួកគេមានសម្ព័ន្ធនឹងក្រុមហ៊ុនណា ឬអត់ទេ? ម្តាយរបស់នាងជឿជាក់ថាពួកគេមកពីកំពង់ចាមប៉ុន្តែពួកគេមិនបានប្រាប់ព័ត៌មានលម្អិតរបស់ពួកគេច្រើនទេ។ នាង សាវី បានធ្វើដំណើរដំបូងពីភូមិទៅការិយាល័យមួយក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដោយបន្លំខ្លួនជាអ្នកម៉ាស្សា។ មួយសប្តាហ៍ក្រោយមកនាងបានជិះយន្តហោះទៅទីក្រុងបាងកកដើម្បីរង់ចាំទិដ្ឋាការរបស់នាងពីស្ថានទូតអារ៉ាប់ប៊ីសាអ៊ូឌីតនៅទីនេះរយៈពេល ១ ខែ។ បន្ទាប់មកនាងបានធ្វើដំណើរទៅទីក្រុង Riyadh។ នាងពុំធ្លាប់ទទួលបាននូវការបណ្តុះបណ្តាលទេ។

យោងតាមគ្រួសាររបស់នាង សាវី បានឲ្យដឹងថាអ្នកជ្រើសរើសពលករបានធ្វើដំណើរពីកម្ពុជាទៅអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីពេលនោះ។ នៅពេលអ្នកស្រី វើត ពី ធ្វើដំណើរទៅហាងម៉ាស្សានៅរាជធានីភ្នំពេញដើម្បីយកលុយជាលើកទីពីរអ្នកស្រីមើលឃើញថាពុំមានហាងម៉ាស្សានៅទីនោះទៀតទេ។

ប្រទេសជាគោលដៅដ៏គ្រោះថ្នាក់

កេរ្តិ៍ឈ្មោះរបស់អារ៉ាប៊ីសាអ៊ូឌីត ជាកន្លែងគ្រោះថ្នាក់សម្រាប់អ្នកបម្រើតាមផ្ទះត្រូវបានចងក្រងជាឯកសារយ៉ាងស្អាត ។ បើទោះបីជាពុំសូវមានអង្គការក្រៅរដ្ឋាភិបាលធ្វើសកម្មភាពនៅទីនោះក៏ដោយ ក៏ប៉ុន្តែពួកគេបានកត់ត្រាករណីរំលោភបំពានរាងកាយការធ្វើទារុណកម្ម និងការសម្លាប់បុគ្គលិកបរទេស។ ប្រទេសចំនួន ៤ ក្នុងនោះមានប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីន បានហាមឃាត់ពលរដ្ឋរបស់ខ្លួនមិនឲ្យទៅធ្វើការនៅប្រទេសមជ្ឈិមបូព៌ានេះទេដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។

កាលពីខែតុលាឆ្នាំមុន អារ៉ាប់ប៊ីសាអ៊ូឌីត បានធ្វើវិសោធនកម្មបន្ថែម ៣៨ មាត្រាក្នុងច្បាប់ការងាររបស់ខ្លួនក្នុងគោលបំណងបង្ក្រាបអំពើល្មើសរបស់និយោជក។ ច្បាប់នេះពុំអនុវត្តចំពោះពលករបម្រើតាមផ្ទះទេ។ លើសពីនេះទៀតប្រទេសនេះប្រើប្រព័ន្ធទិដ្ឋាការផ្អែកលើការឧបត្ថម្ភគឺតាមរយៈប្រព័ន្ធនេះនិយោជកទទួលខុសត្រូវលើឋានៈទិដា្ឋការរបស់កម្មករដែលជាហេតុធ្វើឲ្យនាង សាវី បាត់លិខិតឆ្លងដែនរបស់នាង។ ថ្វីបើក្រុមហ៊ុនជ្រើសរើសពលករមួយចំនួនរារែកដោយសារតែកេរ្តិ៍ឈ្មោះរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយក៏លោក អាន ប៊ុនហាក់ ប្រធានក្រុមហ៊ុន Top Manpower Ltd បានថ្លែងថាលោកមិនគ្រោងសុំអាជ្ញាប័ណ្ណទេ។ លោកបានឲ្យដឹងតាមទូរស័ព្ទថា៖ «តាមរបាយការណ៍ពី [អារ៉ាប៊ីសាអ៊ូឌីត] នេះខ្ញុំមិនមានទំនុកចិត្តក្នុងការបញ្ជូនកម្មកររបស់ខ្ញុំនៅទីនោះទេ»។ ប៉ុន្តែអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាហើយបញ្ហាទាំងនេះកាន់តែរីកធំដោយសារតែគ្មានស្ថានតំណាងរបស់កម្ពុជានៅក្នុងប្រទេសនេះ។

លោក Hoya បានឱ្យដឹងថា៖ «ក្តីបារម្ភធំបំផុតគឺគ្មានស្ថានទូតកម្ពុជានៅទីនោះ។ តើមានកិច្ចអន្តរាគមន៍ពីមន្រ្តីកម្ពុជាយ៉ាងដូចម្តេចនៅពេលដែលពួកគេមានបញ្ហា?»៕ TK

website_news/2016180502.txt · Last modified: 2017/03/02 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki