website_news:2016180801

ស្រោមអនាម័យ មិនគួរជាភស្តុតាង នៃបទចោទលើអំពើពេស្យាចារ

(http://bayontv.com.kh) 18/08/2016

សៀមរាប ៖ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សុំកិច្ចសហការពីអង្គភាពសមត្ថកិច្ចនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ កុំដាក់ទម្ងន់ លើស្រោមអនាម័យ ជាភស្តុតាង នៃបទចោទប្រកាន់ទៅលើការប្រព្រឹត្តិអំពើពេស្យាចារ និងការជួញដូរមនុស្ស ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា ការកំណត់យកស្រោមអនាម័យជា ភស្តុតាង នៃបទចោទលើអំពើពេស្យាចារ និង ការជួញដូរមនុស្ស ជារបាំងនៃការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០ ភាគរយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍ ។ ឯកឧត្តម អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ នៅក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ម្សិលម៉ិញ ដែលមានការចូលរួមពីសំណាក់ប្រតិបត្តិករ ក្លឹបកម្សាន្ត ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមស្រីស្រស់ ក្រុមបុរសស្រឡាញ់បុរស និង ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ។ ឯកឧត្តម បានស្នើសុំកិច្ចសហការពីអង្គភាពសមត្ថកិច្ចនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ កុំដាក់ទម្ងន់លើស្រោមអនាម័យជាភស្តុតាងនៃបទចោទប្រកាន់ទៅលើការប្រព្រឹត្តិអំពើពេស្យាចារ និងការជួញដូរមនុស្ស ។

ឯកឧត្តមបាន បញ្ជាក់ថា កន្លងមកមានក្លឹបកម្សាន្ត និង ផ្ទះសំណាក់ខ្លះ មិនហ៊ានដាក់លក់ស្រោមអនាម័យនោះទេ ដោយបារម្ភថា អាចរងការចោទពីបទបើកទីតាំងបម្រើសេវាផ្លូវភេទ ដែលច្បាប់ហាមឃាត់។ ប៉ុន្តែសេចក្តីជូនដំណឹងលេខ៦៦ សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៩ និង គោលនយោបាយ៧ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ បានជំរុញឲ្យមានការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ព្រោះថា វាជាវិធានការមានប្រសិទ្ធភាពមួយជួយកាត់បន្ថយអត្រារីករាលដាលនៃជំងឺអេដស៍ ៕

website_news/2016180801.txt · Last modified: 2017/03/11 18:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki