website_news:2016180802

កម្ពុជា-ថៃ ពង្រឹងសហប្រតិបត្តិការនិងសម្រួលការឆ្លងដែន របស់ពលរដ្ឋនៃប្រទេសទាំងពីរ

(http://bayontv.com.kh) 18/08/2016

បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជានិងអាជ្ញាធរថៃ នៅថ្ងៃទី១៧ ខែសីហា បានជួបពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងសម្រួលការឆ្លងដែន របស់ពលរដ្ឋនៃប្រទេសទាំង២។

លោកឧត្តមសេនីយ៍ ទឹម ទុំ មេបញ្ជាការរងគណៈបញ្ជាការនគរបាលជាតិ កម្ពុជាប្រចាំទិសភូមិភាគ៥ និងលោកឧត្តមសេនីយ៍ ប្រាក់ សុភ័ណ្ឌ នាយរងសេនាធិការយោធភូមិភាគទី៥-ទិសបន្ទាយមានជ័យ នៅថ្ងៃទី ១៧ ខែសីហា បានលើកឡើងស្រដៀងគ្នាថា ការជួបប្រជុំពិភាក្សាគ្នាក្នុងរយៈខ្លីនៅការិយាល័យទាហាន ឈុតខ្មៅ ច្រកខ្លងលឹកថា ពួកគេបន្តធ្វើការជាមួយគ្នាអោយរិតតែជិតស្និតជឿទុកចិត្តគ្នា។

លោកទាំងពីរ បានបន្ថែមថា ការពិភាក្សាគ្នានេះ គឺផ្តោតសំខាន់លើផលប្រយោជន៍ស្មើភាពគ្នាដល់ភាគីទាំង២ ពិសេសពលរដ្ឋនៃប្រទេសទាំង២ដូចជាការឆ្លងចេញចូលការដឹកជញ្ជូនទំនិញនិងប្រកបរបរនានា នៅសងខាងព្រំដែនប្រកបដោយការអនុគ្រោះ និងយោគយល់គ្នា។ លោក បញ្ជាក់ថា សព្វថ្ងៃមានប្រជាពលរដ្ឋកម្ពុជាឆ្លងដែនទៅប្រទេសថៃ ក្នុងបំណងទំនាក់ទំនងទិញទំនិញ រៀនសូត្រ ព្យាបាលជម្ងឺ និងទៅធ្វើការ ដោយចេញទៅពេលព្រឹក ពេលល្ងាចត្រឡប់មកវិញ ឬអ្នកខ្លះទៀតស្នាក់នៅប្រទេសថៃ ដើម្បីធ្វើការតែម្ដង ក្នុងលក្ខខណ្ឌទិញលិខិតអនុញ្ញាតក្នុងភូមិសាស្ត្រមិនចាំបាច់ប្រើប្រាស់ លិខិតឆ្លងដែន។

លោកឧត្តមសេនីយ៍យោធាថៃ លោក សាន់ ធីភុង បានស្នើអោយអាជ្ញាធរ និងប្រជាពលរដ្ឋកម្ពុជាភ្ជាប់ទំនាក់ទំនងជិតស្និតបន្ថែមទៀតដើម្បីផ្តល់ព័ត៌មាន សមត្ថកិច្ចគ្រប់ប្រភេទរបស់ថៃតាមព្រំដែន។ លោក បន្តថា ភាគីថៃ សង្ឃឹថា សមត្ថកិច្ច និងពលរដ្ឋកម្ពុជា នឹងសហការល្អ ជាមួយភាគីថៃ ចាប់ពីថ្ងៃនេះតទៅ។ ម្យ៉ាងទៀត ភាគីថៃ នឹងព្យាយាមជួយសម្រួលដល់ការឆ្លងដែន របស់ពលរដ្ឋទាំងពីរ ឲ្យអស់លទ្ធភាព៕

website_news/2016180802.txt · Last modified: 2017/03/11 18:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki