website_news:2016180804

លេខាព្រំដែនកម្ពុជា-ថៃ ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ-បាត់ដំបង-ស្រះកែវ លើកពង្រាងរបៀបវារ:

(http://www.cen.com.kh) ថ្ងៃទី 17 សីហា 2016, ម៉ោង 12:03:PM) | ដោយ: បន្ទាយ បន្ទាយមានជ័យ: មន្ត្រីលេខាធិការ គណ:កម្មការព្រំដែនកម្ពុជា-ថៃ ថ្នាក់មូលដ្ឋាន នៃខេត្តបន្ទាយមានជ័យ-បាត់ដំបង ប្រទេសកម្ពុជា -ស្រះកែវ ប្រទេសថៃ បានជួបប្រជុំគ្នា លើកឡើងពីរបៀបវារ: ៣ចំណុចធំៗ មកពិភាក្សាគ្នា ដើម្បីត្រៀមដាក់បញ្ចូល ក្នុងខ្លឹមសារសំខាន់ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ គណ:កម្មាធិការព្រំដែន ថ្នាក់តំបន់ នាថ្ងៃទី២៦ សីហា ខាងមុខ។

លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ, លោកហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ប្រទេសកម្ពុជា និងលោកធម្មសាត រតនៈថាន់យ៉ា អភិបាលរងខេត្តស្រះកែវ ប្រទេសថៃ បានដឹកនាំកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦ នៅសណ្ឋាគារឥណ្ឌូចិន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើរបៀបវារៈ ៣ សំខាន់។

ប្រភពនេះ បានបញ្ជាក់ថា: របៀបវារៈសំខាន់ ៣ នោះ រួមមាន:១-ប្រតិបត្តិការ តាមការចុះបញ្ជី និងការយល់ព្រម របស់រដ្ឋបាលខេត្តស្រះកែវ និងខេត្តនៃប្រទេសកម្ពុជា គឺការពិនិត្យឡើងវិញ នៃ អនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការចុះបញ្ជីលើការចេញ ចូល រវាងប្រទេសទាំង ២ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ ២-ប្រជុំពិភាក្សា ស្តីពីការតភ្ជាប់ច្រកតំបន់ ព្រំដែនលេខ៤៣ (ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ)-ណូនម៉ាក់មុន (ភូមិ-ឃុំណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ) និង៣-ពិភាក្សាតម្កើងកម្រិតច្រកតំបន់ ព្រំដែនខាវឌិន ខេត្តស្រះកែវ - ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅជាច្រកព្រំដែនអន្តរជាតិ (ច្រកដែលអ្នកមានលិខិតឆ្លងដែន អាចចេញ-ចូលបាន)៕N/S

website_news/2016180804.txt · Last modified: 2017/03/11 18:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki