website_news:2016180807

អ្នកនាំពាក្យបដិសេធចំពោះការផ្សាយរបស់កាសែត Cambodia Daily ក្នុងករណីអ្នកស្លាប់នៅគុកប្រទេសម៉ាឡេស៊ី

(http://bayontv.com.kh) 17/08/2016

ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបដិសេធចំពោះការផ្សាយរបស់កាសែតTheCambodia Daily ដែលបានលើកឡើងថា ពលការិនីដែលបានស្លាប់នៅប្រទេសម៉ាស៊ី គឺដោយសារតែឆ្មាំពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ីធ្វើទារុណកម្មដល់គេ។ យោងតាមលិខិតបំភ្លឺរបស់ក្រសួងការបរទេស ដែលបានចេញកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះបានឲ្យដឹងថា ក្រសួងការបរទេសសូមធ្វើការបំភ្លឺចំពោះករណីពលរដ្ឋខ្មែរនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី ដែលបានលើកឡើងក្នុង Cambodia Daily នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងអត្ថបទ “Maids Claim Fatal Abuse at Malaysian Depot” ។

លិខិតបំភ្លឺបានលើកឡើងទៀតថា បន្ទាប់ពីមានការលេចចេញនូវព័ត៌មានថា មានពលរដ្ឋខ្មែរ កំពុងជាប់នៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានណែនាំដោយផ្ទាល់ អោយឯកអគ្គរាជទូតកម្ពុជាធ្វើការស្រាវជ្រាវពីករណីនេះ។ តាមរបាយការណ៍ដែលក្រសួងការបរទេស ទទួលបានពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីអាជ្ញាធរពន្ធនាគារ Juru បានផ្តល់ព័ត៌មានជូនស្ថានទូតថា ក្នុងឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចំនួន៣៣នាក់ ក្នុងនោះមាននារី១៩នាក់ ជាប់នៅពន្ធនាគារJuru ដែលក្នុងចំណោមនោះ ពលរដ្ឋខ្មែរ៣១នាក់ ត្រូវបានដោះលែង ហើយបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។

ដោយឡែកពលការិនីខ្មែរម្នាក់ដែលមានឈ្មោះ សាំង ផ្លាត បានស្លាប់កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅដោយសារជំងឺនៅមន្ទីរពេទ្យម៉ាឡេស៊ី។ (តាមសំណើរបស់បងស្រីបង្កើតរបស់នារីឈ្មោះ សាំង ផ្លាត ក្រសួងការបរទេស បានណែនាំអោយស្ថានទូតជួយរៀបចំបូជាសព ហើយប្រគល់ធាតុជូនតំណាងសាច់ញាតិរបស់សព កាលពីដើមខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ លិខិតបំភ្លឺបានបន្តទៀតថា ចំណែកឯពលរដ្ឋខ្មែរឈ្មោះសុខខា មកពីខេត្តកំពង់ចាមកំពុងត្រូវបានអង្គការអន្តរជាតិទេសអន្តោប្រវេសន៍ (IOM) រៀបចំសំបុត្រយន្តហោះអោយតាមការស្នើសុំរបស់ស្ថានទូត។ នៅពេលពលរដ្ឋឈ្មោះ សុខ ខា ត្រឡប់មកកម្ពុជាវិញ គឺពុំមានពលរដ្ឋខ្មែរជាប់នៅពន្ធនាគារJuruទៀតទេ។

ចំពោះករណីនារីខ្មែរចំនួន២នាក់ដែលបានលើកឡើងក្នុងCambodia Daily នោះស្ថានទូតបានគូសបញ្ជាក់ថា នារីទាំង២នាក់នោះត្រូវបានជាប់នៅមន្ទីរឃុំឃាំង Juru រយៈពេល៧ខែ ពីបទធ្វើការងារគ្មានច្បាប់អនុញ្ញាត និងគ្មានលិខិតឆ្លងដែន។ នារីទាំងពីរត្រូវបានដោះលែង និងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។ តែយ៉ាងណាក្តីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានចេញលិខិតបើកផ្លូវជូនហើយអង្គការ“មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស”នៅកម្ពុជាបានផ្ដល់សំបុត្រយន្តហោះសម្រាប់នារីទាំងពីរហើយនារីទាំងពីរ ពុំបានលើកឡើងជាមួយស្ថានទូតពីករណីការធ្វើទារុណកម្មណាមួយនៅក្នុងមន្ទីរឃុំឃាំងនេះឡើយក្រៅតែពីបានស្នើស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាបានឆាប់បំផុតនោះ។

ចំពោះករណីការស្លាប់របស់ពលការិនីម្នាក់ មន្ទីរឃុំឃាំងJuruបានបដិសេធការចោទប្រកាន់ដែលថាមានការវាយធ្វើបាបចំពោះអ្នកជាប់ឃុំឃាំងនៅទីនោះនិងថាមានពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ដោយសារការវាយធ្វើបាបនោះ៕

website_news/2016180807.txt · Last modified: 2017/03/11 18:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki