website_news:2016181001

ឥទ្ធិពលអាក្រក់នៃរឿងអាសអាភាសដល់សង្គមខ្មែរ

(http://www.postkhmer.com) Mon, 17 October 2016

ច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទត្រូវបានរដ្ឋសភាជាតិអនុម័តកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៧។ ចាប់តាំងពីពេលនោះមករាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តច្បាប់ខាងលើដោយបានចេញបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។ មហាជនបានសង្កេតឃើញថាចាប់តាំងពីការអនុវត្តច្បាប់នេះមកទីកន្លែងបម្រើសេវាផ្លូវភេទត្រូវបានបង្ក្រាប និងបិទហើយជនល្មើសត្រូវបានបញ្ជូនទៅទទួលទោសទណ្ឌទៅតាមច្បាប់ជាធរមាន។ ជាពិសេសផងដែរមហាជនក៏មើលឃើញថាទីតាំងនានាដែលបានចាក់បញ្ចាំងវីដេអូអាសអភាសក៏ត្រូវបានបង្ក្រាប និងបិទផងដែរហើយម្ចាស់អាជីវកម្មមួយចំនួនដែលជ្រកក្រោមយីហោហាងកាហ្វេក៏បានលាឈប់ពីការប្រកបអាជីវកម្មខាងលើ។ ការធ្វើអាជីវកម្មថតចម្លង លក់ដូរ និងចែកចាយស៊ីឌីរឿងអាសអាភាសក៏ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងនៅទូទាំងប្រទេស។ ការចាក់បញ្ចាំងមើលរឿងអាសអាភាសសូម្បីតែជាលក្ខណៈបុគ្គល គ្រួសារ ឬសាធារណៈក៏ដោយវាជាទង្វើមួយដែលមិនសមរម្យ និងគួរតែមានវិធានការលុបបំបាត់ខណៈពេលដែលខ្មែរមានវប្បធម៌ និងប្រពៃណីដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរ។

ស្ថាប័នដែលតាក់តែងច្បាប់ខាងលើពិតជាយល់ឃើញថាការធ្វើឲ្យមានចរាចរណ៍វីដេអូអាសអាភាសដូចបានរៀបរាប់ខាងលើជាកត្តាមួយជំរុញឲ្យមានសកម្មភាពអសីលធម៌នានាខុសប្រពៃណីយដ៏ផូរផង់របស់ខ្មែរជាពិសេសអាចនាំមកនូវបទឧក្រិដ្ឋផ្សេងៗក្នុងសង្គម។ បើសិនយើងក្រឡេកទៅមើលការវិវត្តរបស់ប្រព័ន្ធបច្ចេកវិទ្យាវិញការធ្វើចរាចរណ៍វីដេអូអាសអាភាសកើតឡើងក្នុងរូបភាពថ្មីមួយដែលសេរី និងទាមទារឲ្យមានចំណាត់ការពិសេស។ នៅតាមប្រព័ន្ធអ៊ីនធឺណិតមនុស្សគ្រប់រូបអាចបើកមើលរឿងអាសអាភាសនៅគ្រប់ទីកន្លែងបានដោយមិនគិតថ្លៃដោយគ្រាន់តែភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិតរួចជាស្រេច។ ជាក់ស្តែងមានមនុស្សដែលប្រកាន់ឥរិយាបថអសីលធម៌មួយចំនួនបើកមើលរឿងអាសអាភាសតាមរយៈទូរស័ព្ទដៃ និងកុំព្យូទ័រនៅក្នុងសាលារៀននៅតាមការិយាល័យធ្វើការនៅតាមហាងអ៊ីនធឺណិតដែលជាទីកន្លែងសាធារណៈហើយវាកំពុងវាយលុកចូលតាមទីសក្ការបូជាមួយចំនួនផងដែរ។

នៅពេលដែលវីដេអូអាសអាភាសអាចចាក់បញ្ចាំងបាននៅគ្រប់ទីកន្លែង និងពេលវេលាយ៉ាងដូច្នេះហើយមនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង ប្រុស ឬស្រី ព្រះសង្ឃ ឬឧបាសករួមទាំងក្មេងអាយុក្រោម ១៥ ឆ្នាំអាចទទួលបានរឿងអាសអាភាស និងបើកមើលដោយគ្មានការរឹតត្បិតទេនោះវាជាគ្រោះថ្នាក់មួយដល់សង្គមជាមិនខានជាពិសេសដល់យុវជន និងកុមារជាអនីតិជន។

ហាងបើកសេវាអ៊ីនធឺណិតជាច្រើនមិនសូវជាមានមនុស្សប្រើប្រាស់អ៊ីនធឺណិតដើម្បីប្រយោជន៍នៃការសិក្សា និងស្រាវជ្រាវប៉ុន្មានទេតែផ្ទុយទៅវិញវាសម្បូរទៅដោយយុវជន និងក្មេងតូចៗយកធ្វើជាទីកន្លែងលេងហ្គេម និងបើកមើលរឿងអាសអាភាសជាដើម។ ខ្លះទៀតគេចសាលាដោយកុហកឪពុកម្តាយថាទៅរៀននេះរៀននោះតែបែរជាអង្គុយក្នុងហាងអ៊ីនធឺណិតរាប់ម៉ោងទៅវិញ។

សំណួរសួរថាតើវាជារឿងរបស់បុគ្គល ឬជារឿងរបស់គ្រួសារ ឬជារឿងរបស់សង្គមទាំងមូលដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត? នៅពេលដែលសង្គមខ្មែរមានបទល្មើសដូចជាឪពុកចាប់រំលោភកូនចុង ឬកូនស្រីបង្កើតមនុស្សប្រុសចាប់រំលោភក្មេងស្រីដែលជាអនីតិជនកូនប្រសារំលោភម្តាយក្មេក ជីតារំលោភចៅខ្លួនឯងជាដើម។

មុននឹងឆ្លើយនឹងសំណួរទាំងនេះ និងសូមក្រឡេកមកមើលទិន្នន័យមួយចំនួនជាមុនសិន។ យោងតាមរបាយការណ៍នៅឆ្នាំ ២០១១ ដែលចេញដោយអង្គការមួយឈ្មោះថា United Family International បានឲ្យដឹងថានៅលើពិភពលោកមានប្រមាណ ២៥ លានគេហទំព័រអនឡាញដែលមានបម្រើរូបភាពអាសអាភាស។

របាយការណ៍មួយរបស់អង្គការអាដហុកនៅឆ្នាំ ២០១៥ បង្ហាញថាក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ ២០១៥ មានករណីរំលោភដែលអង្គការអាដហុកបានចុះបញ្ជីចំនួន ១៣១ ករណីហើយភាគច្រើនវាកើតឡើងលើក្មេងស្រីជាអនីតិជន។ របាយការណ៍នោះបញ្ជាក់ផងដែរថាការមើលរឿងអាសអាភាសរួមផ្សំជាមួយនឹងគ្រឿងស្រវឹង និងគ្រឿងញៀនជាកត្តាមួយដែលជំរុញឲ្យមានការរំលោភសេពសន្ថវៈយ៉ាងដូច្នេះ។ដោយឃើញថាសីលធម៌របស់ខ្មែរមានការធ្លាក់ចុះយ៉ាងដូច្នេះរបាយការណ៍នេះអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាធ្វើការបិទចរាចណ៍គេហទំព័រអនឡាញបែបអាសអាភាសផងដែរ។ ម្យ៉ាងវិញទៀតវីដេអូអាសអាភាសមិនត្រឹមតែបន្ទាបបន្ថោកតម្លៃ និងសីលធម៌រស់នៅរបស់បុរសនោះទេក្រោយពីមើលជាប្រចាំវាបង្កប់នូវការមើលងាយ និងបន្ទាបបន្ថោកតម្លៃស្ត្រីជាទូទៅ និងបង្ហាញថាស្ត្រីជាឧបករណ៍សម្រាប់បម្រើ សេវាផ្លូវភេទ និងចំណង់ផ្លូវភេទរបស់បុរសតែប៉ុណ្ណោះ។

បើក្រឡេកទៅមើលខាងក្រៅវិញរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានតាក់តែងច្បាប់ និងដាក់វិធានការពាក់ព័ន្ធដើម្បីទប់ស្កាត់ការចាក់បញ្ចាំងរឿងអាសអាភាសនៅតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញនៅក្នុងបណ្តាញអាកាសរបស់ពួកគេ។ រដ្ឋាភិបាលខ្លះទៀតក៏ប្លុក ឬបិទចោលទាំងស្រុងនូវគេហទំព័រអាសអាភាសនានាដែលចរាចរណ៍នៅតាមអនឡាញក្នុងគោលបំណងថែរក្សា និងលើកកម្ពស់សីលធម៌ និងតម្លៃសង្គម។ ម្យ៉ាងវិញទៀតនៅតាមសាលារៀនមួយចំនួនប្រព័ន្ធការពារមិនឲ្យចូលទៅបើកមើលរឿងអាសអាភាសតាមអ៊ីនធឺណិតត្រូវបានដំឡើងដើម្បីការពារផលប្រយោជន៍ និងសីលធម៌សិស្សនិស្សិតដែលជាកង្វល់មួយរបស់អាណាព្យាបាលរបស់ពួកគេ។

ដោយយោងទៅតាមស្ថានភាពសង្គមបច្ចុប្បន្ននេះ និងការធ្លាក់ចុះសីលធម៌ក្នុងការរស់នៅជាពិសេសក្នុងចំណោមយុវជនរាជរដ្ឋាភិបាលកម្ពុជាគួរពិចារណានូវចំណាត់ការសមស្រប និងឲ្យទាន់ពេលវេលា។ ជាដំណាក់កាលខ្លីរដ្ឋាភិបាលគួរប្លុកចោលនូវការធ្វើចរាចរណ៍គេហទំព័រអាសអាភាសទាំងស្រុងនៅក្នុងប្រព័ន្ធកណ្តាលរបស់រដ្ឋ ឬមួយតម្រូវឲ្យប្រតិបត្តិករសេវាអ៊ីនធឺណិតទាំងអស់ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជាធ្វើការប្លុកចោលនូវគេហទំព័រអាសអាភាសទាំងនោះនៅក្នុងប្រព័ន្ធសេវារបស់ខ្លួន។ ធ្វើយ៉ាងដូច្នេះរដ្ឋាភិបាលមិនចាំបាច់ពិបាកចិត្ត និងហត់នឿយចុះបង្ក្រាបការចាក់បញ្ចាំងរឿងអាសអាភាសអនឡាញនៅតាមកន្លែងសាធារណៈ និងហាងអ៊ីនធឺណិតមួយចំនួន។

ជាដំណាក់កាលវែងរាជរដ្ឋាភិបាលគួរពិចារណាដាក់បញ្ចូលបញ្ហាខាងលើទៅក្នុងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងករណីដែលមិនទាន់ហួសពេល។ ទន្ទឹមនឹងនោះរដ្ឋាភិបាលគួរមានការអប់រំដល់ប្រជាពលរដ្ឋជាពិសេសយុវជននៅក្នុងនិងក្រៅសាលារៀនអំពីផលប៉ះពាល់ទូទៅនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារួមទាំងរូបភាព និងវីដេអូអាសអាភាសនានា។ ដើម្បីអនាគតរបស់ជាតិ និងយុវជនខ្មែរលើកសីលធម៌រស់នៅប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិដែលយកសាសនាជាបាវចនាជាតិផងដែរនោះវាជាការសមស្របដែលរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការក្ដៅចំពោះបញ្ហាខាងលើនេះ៕ សុខ មង្គល

website_news/2016181001.txt · Last modified: 2017/03/13 11:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki