website_news:2016181102

មន្រ្តីក្រសួងការបរទេស ៖ គ្មានមួយវិនាទីណា ដែលរដ្ឋាភិបាល ធ្វេសប្រហែស ចំពោះពលករ ខ្មែរ ក្រៅប្រទេសនោះទេ

(http://dap-news.com/kh) សុក្រ, ១៨ វិច្ឆិកា ២០១៦ 11:57 ដោយ: ខា ដា ID:012

ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស តែងតែយកចិត្តទុកដាក់ និងគ្មានការធ្វេសប្រហែស ក្នុងការជួយពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេសនោះទេ នៅពេលដែលមានបញ្ហាអ្វីមួយ កើតឡើងលើពួកគាត់។

លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ក្រោយបញ្ចប់ជំនួប រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី Ulrika Modéer រដ្ឋមន្រ្តីក្រសួងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ នៃប្រទេស ស៊ុយអែត នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថា “បញ្ហានេះ(ពលករខ្មែរ) គឺសូមជម្រាបជូន បងប្អូនយើង ទាំងអស់ រួមទាំងបងប្អូនយើង នៅទូទាំងប្រទេស គ្មានវិនាទីណាមួយ ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួង ការបរទេស គេហៅថាធ្វេសប្រហែស មិនយកចិត្តទុកដាក់ ចំពោះពលករ ចំពោះពលរដ្ឋយើងដែលកំពុងរស់នៅ ឬធ្វើការនៅឯក្រៅប្រទេសទេ” ។

លោកបន្តថា ក្នុងរយៈកាលកន្លងទៅ បានឃើញស្រាប់ហើយ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ក៏ដូចស្ថានទូតខ្មែរ នៅបាងកក និងបណ្ដាទូតខ្មែរ នៅប្រទេសផ្សេងៗទៀត គឺបានដុតដៃដុតជើង និងមានសកម្មយកចិត្តទុកដាក់ ក្នុងការដោះស្រាយគ្រប់បញ្ហាដែលពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមានបញ្ហា ។ លោកថា បើសិនជាមានបញ្ហា អ្វីមួយកើតឡើង ចំពោះពលករខ្មែរក្រៅប្រទេស គឺស្ថានទូតមិនដែលព្រងើយ កន្តើយនោះទេ ហើយតែងតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយទាន់ពេលវេលា និងដោះស្រាយជា បន្ទាន់ផងដែរ ៕

website_news/2016181102.txt · Last modified: 2017/03/16 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki