website_news:2016181104

ថៃគ្រោងបណ្តេញកូនៗរបស់ពលករចំណាកស្រុកខុសច្បាប់ត្រឹមឆ្នាំ២០២០

(http://www.cambodiadailykhmer.com) ថ្ងៃសុក្រ ទី 18 ខែវិច្ឆិកា ឆ្នាំ2016

យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ប្រទេសថៃមានផែនការកាត់បន្ថយចំនួនកុមារ ចំណាកស្រុកខុសច្បាប់ ដែលរស់នៅក្នុងប្រទេសនេះឲ្យអស់ត្រឹមឆ្នាំ២០២០ ជាចំណាត់ការមួយដែលក្រុម សកម្មជនបារម្ភថា អាចធ្វើឲ្យមានផលប៉ះពាល់ដល់កុមារកម្ពុជារាប់ពាន់នាក់។ ប្រទេសថៃគឺជាគោលដៅចម្បងសម្រាប់ពលរដ្ឋកម្ពុជាដែលស្វែងរកការធ្វើនៅក្រៅប្រទេស ដោយក្រសួង ការងារថៃបានបូកសរុបថាមានពលករ៦៨១.៥៧១នាក់នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៤ក្នុងនោះភាគច្រើនមិនមានឯកសារគ្រប់គ្រាន់ទេ។

លោក Waranont Pitiwan លេខាអចិន្ត្រៃយ៍រងនៅក្រសួងការងារបានប្រាប់កាសែតបាងកក ប៉ុស្តិ៍ថា រដ្ឋាភិបាលកំពុងរៀបចំវិធានការមួយចំនួនដើម្បីកាត់បន្ថយកុមារជាង១១៨.០០០នាក់ ដែលមកជាមួយឪពុកម្តាយរបស់ខ្លួនពីប្រទេសកម្ពុជា ឡាវ និងភូមា មកធ្វើការនៅក្នុងទីផ្សារការងារក្រៅផ្លូវការក្នុងប្រទេសថៃ។

កាសែតដដែលនេះបានរាយការណ៍ថា វិធានការទាំងនេះរួមមាន “ការបញ្ចប់ការចុះឈ្មោះពលករចំណាក ស្រុកខុសច្បាប់” ជាការគាំទ្រដល់កិច្ចព្រមព្រៀងមួយទល់មួយជាមួយប្រទេសនីមួយៗ ដោយបង្ខំឲ្យពលករចំណាក ស្រុកត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនៅពេលពួកគេបញ្ចប់កិច្ចសន្យា ដោយជំរុញឱ្យមានការពន្យារកំណើតក្នុង ចំណោមពលករចំណាកស្រុក និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

ក្រសួងការងារ និងស្ថានទូតថៃនៅក្នុងរាជធានីភ្នំពេញមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។ សកម្មជនចំណាកស្រុកកម្ពុជានិយាយថា ច្បាប់ថ្មីនេះនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ប្រជាពលរដ្ឋដែលងាយរង គ្រោះស្រាប់ទៅហើយ។

លោក មឿន តុលា ប្រធានអង្គការសិទ្ធិការងារ Centralបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះ កុមារចំណាកស្រុកមិនបានចូលរៀនទេ។ វាគ្រោះថ្នាក់ណាស់សម្រាប់ពួកគេ ពីព្រោះកុមារទាំងនោះត្រូវបានទុកនៅ ក្នុងផ្ទះ ឬបន្ទប់ដេកនៅពេលឪពុកម្តាយរបស់ពួកគេទៅធ្វើការ។ លោកបានបន្ថែមថា “ពួកគេក៏ជាមនុស្សដែរ។ កុមារគួរត្រូវបានគាំទ្រ”។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វាមាន “ផលប៉ះពាល់ ផ្នែកសង្គមយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារទាំងនោះ”។ ដោយអំពាវនាវឱ្យប្រទេសថៃចុះហត្ថលេខា និងអនុវត្ត អនុសញ្ញារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រីបានថ្លែងថា “ប្រសិនបើឪពុកម្តាយរបស់ពួកគេមិនមានលិខិតស្នាម ពួកគេរស់នៅក្នុងភាពភ័យខ្លាច។

មិនមានសាលារៀន ឬមិន មានសេវាសង្គមឡើយ”។លោកស្រីបានថ្លែងថា “សេនារីយោកាន់តែអាក្រក់ទៅគឺនៅពេលដែលកុមារទាំងនោះត្រូវភៀសខ្លួនចេញឬត្រូវបណ្តេញចេញ”។ នៅពេលពលរដ្ឋខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសថៃកាលពី ឆ្នាំ២០១៤ដោយសារតែភ័យខ្លាចអំពើហិង្សានៅទីនោះអង្គការទស្សនៈពិភពលោកបានលើកឡើងថា កុមារជាច្រើនបានបែកពីក្រុមគ្រួសាររបស់ខ្លួននៅក្នុងភាពចលាចលនោះ។

លោក Steve Cook ប្រធានផ្នែកតស៊ូមតិរបស់អង្គការនេះបានសរសេរថា”កុមារដែលរស់នៅឆ្ងាយពី សហគមន៍ ឬក្រុមគ្រួសាររបស់ខ្លួន កាន់តែងាយរងគ្រោះដោយសារការរំលោភបំពាន និងការប្រើអំពើហិង្សាគ្រប់ បែបយ៉ាង ព្រមទាំងផលប៉ះពាល់រយៈពេលយូរដោយសារការផ្លាស់ប្តូរការអប់រំរបស់ពួកគេ ការផ្លាស់ប្តូរបណ្តាញ សុវត្ថិភាពសង្គម និងអសន្តិសុខផ្នែកច្បាប់”។

លោក មឿន តុលា បានមានប្រសាសន៍ថា ចំណាត់ការរបស់រដ្ឋាភិបាលថៃទំនងជាមិនអាចធ្វើឲ្យពលករ ទាំងនោះ ដែលមិនអាចពឹងផ្អែកលើសាច់ញាតិនៅប្រទេសកំណើតមើលថែកូនៗរបស់ខ្លួន ខ្លាចរអានោះឡើយ។ លោកថ្លែងថា “ពលករចំណាកស្រុកយល់យ៉ាងច្បាស់ថា វាមិនមែនជាគំនិតល្អទេ។ វាមិនមានសុវត្ថិភាពសម្រាប់ កុមារទាល់តែសោះ ប៉ុន្តែ ពួកគាត់គ្មានជម្រើស”៕ សារុន

website_news/2016181104.txt · Last modified: 2017/03/16 11:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki