website_news:2016181105

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ពីស្ថានភាពរបស់ពលករខ្មែរ១៨នាក់ ដែលកំពុងជាប់ឃុំនៅឥណ្ឌូនេស៊ី

(http://www.rasmeinews.com) ដោយ ៖មុនី ថ្ងៃទី 17 វិច្ឆិកា 2016 ម៉ោង 04:20:PM

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងស្ថានភាពរបស់ពលករខ្មែរចំនួន១៨នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួននៅការិយាល័យអន្តោប្រវេសន៍ Immigration Class III Tarempa ប្រចាំកោះ Riau កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ពីបទចូលនេសាទខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈទូកនេសាទ ឈ្មោះ KM.JHF 6525 T ដូចខាងក្រោម៖

- តបតាមការស្នើសុំពីស្ថានទូត និងដោយមានការសម្របសម្រួលពីអង្គការ IOM កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ការិយាល័យអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានឯកភាពបញ្ជូនពលករខ្មែរចំនួន១៦នាក់ ក្នុងចំណោម១៨នាក់ ទៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុងTanjung Pinang ដើម្បីងាយស្រួលក្នុងការ កំណត់អត្តសញ្ញាណ។ ដោយឡែកជនរងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានការិយាល័យអន្តោប្រវេសន៍ប្រចាំកោះRiau ស្នើទុកសម្រាប់ធ្វើជាសាក្សី ដើម្បីកាត់ទោសម្ចាស់ទូកនេសាទ។

- ពីថ្ងៃទី១០ ដល់ទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តំណាងស្ថានទូតនិងអង្គការIOM បានធ្វើការ សម្ភាសន៍ផ្ទាល់ជាមួយពលករខ្មែរទាំង១៦នាក់ និងកំណត់បានថា ពួកគេជាជនរងគ្រោះជនជាតិខ្មែរពិត ប្រាកដមែន (មានលិខិតឆ្លងដែនកម្ពុជាគ្រប់គ្នា)។ បច្ចុប្បន្ន ពួកគេមានសុខភាពធម្មតា មានកន្លែងស្នាក់នៅ សមរម្យ និងមានអាហារបរិភោគគ្រប់គ្រាន់។

- ពលករទាំង១៦នាក់ មានអាយុចន្លោះពី១៧ឆ្នាំ ទៅ៥៨ឆ្នាំ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងកំពង់ធំ បានចូលក្នុងប្រទេសថៃនៅចុងខែមិថុនា ឆ្នាំ២០១៦ ស្នាក់នៅក្នុងខេត្តប៉ាតានី ជាមួយមិត្ត ភក្តិនិងបងប្អូន ហើយបន្ទាប់មកត្រូវបានម្ចាស់ទូកនេសាទនាំទៅនេសាទនៅខេត្ត Endau ប្រទេសម៉ាឡេស៊ី។ ម្ចាស់ទូកនេសាទ បានសន្យាជាមួយពួកគាត់ថា នឹងផ្តល់ប្រាក់ខែយ៉ាងតិច៥ពាន់បាត ក្នុង១ខែ និងច្រើនជាងនេះ ប្រសិនបើរកត្រីបានច្រើន និងធ្វើការនេសាទនៅក្នុងដែនសមុទ្រម៉ាឡេស៊ីតែប៉ុណ្ណោះ។ ពួកគេត្រូវធ្វើការយ៉ាងតិច១៥ម៉ោងក្នុង១ថ្ងៃ ហើយការសម្រាកនិងអាហារបរិភោគ មិនបានគ្រប់គ្រាន់ឡើយ។ ក្រោយពីនេសាទបានជាង២០ថ្ងៃ ទូកនេសាទនោះបានចូលនេសាទដោយគ្មានការអនុញ្ញាតក្នុងដែនទឹកឥណ្ឌូនេស៊ី រួចត្រូវបានឃាត់ដោយឆ្មាំសមុទ្រឥណ្ឌូនេស៊ី។

- ស្ថានទូតនឹងបន្តសម្ភាសន៍កំណត់អត្តសញ្ញាណពលករដែលនៅសល់២នាក់ទៀត ហើយប្រសិនបើកំណត់បានថាពិតជាជនជាតិខ្មែរ ស្ថានទូតនឹងសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការIOM ដើម្បីរៀបចំមាតុភូមិនិវត្តន៍មកកម្ពុជាវិញ៕

website_news/2016181105.txt · Last modified: 2017/03/16 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki