website_news:2016190203

តួលេខពលករខ្មែរធ្វើការនៅក្រៅប្រទេស ធ្លាក់ចុះជាង១០ម៉ឺននាក់ នៅឆ្នាំ២០១៥

(http://www.freshnewsasia.com/ 2016-02-18-)

ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៥ កន្លងទៅនេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស មានចំនួនសរុប ៦១៩,៣៥៩នាក់ ដែលចំនួននេះបានធ្លាក់ចុះខុសពីឆ្នាំ មុន ប្រមាណ១០ម៉ឺននាក់។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលប្រកាសបន្ទាប់ពីបូកសរុប លទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ពលករ កម្ពុជាដែលកំពុងធ្វើការនៅបរទេស នាបច្ចុប្បន្នមានចំនួន ៦១៩,៣៥៩នាក់ ក្នុងនោះមាននៅប្រទេស ថៃ ៥៣៣,៧០៧នាក់ ម៉ាឡេស៊ី ៣៨,៦៣៣នាក់ ប្រទេសកូរ៉េខាងត្បូង ៤៤,៣៣០នាក់ ជប៉ុន ២,២៨៨នាក់ និងនៅប្រទេសសិង្ហបុរី ៤០១នាក់ ។ ទោះជាយ៉ាងនេះក្តី បើតាមរបាយការណ៍កាល ពីឆ្នាំមុន បានឱ្យដឹងថា ពលករខ្មែរដែលធ្វើការស្របច្បាប់នៅក្រៅប្រទេសមានរហូតដល់៧២ម៉ឺននាក់ ក្នុងនោះនៅប្រទេសថៃ មានចំនួន៦៤ម៉ឺននាក់ ដែលជាចំនួនច្រើនជាងគេ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ Fresh News ឱ្យដឹងថា ការធ្លាក់ចុះនេះត្រូវបានរកឃើញបន្ទាប់ពីប្រទេសថៃធ្វើជំរឿនជាថ្មី កាលពី ឆ្នាំមុន។ លោកថា កន្លងមកកម្ពុជាបានប្រើប្រាស់តួលេខរបស់ថៃដែលធ្វើជំរឿន កាលពីឆ្នាំ២០០៤ ប៉ុន្តែនៅ ពេលធ្វើជំរឿនជាថ្មីនេះ ឃើញថាពលករខ្មែរមានការប្រែប្រួល។ លោកថា «វាមានការថយចុះដោយ សារមានការពាក់ព័ន្ធនឹងពលករដែលបានទៅធ្វើការនៅប្រទេសថៃ ដែលកន្លងមកយើងបានប្រើប្រាស់ តួលេខជំរឿនរបស់ក្រសួងការងារថៃ កាលពីខែ១០ ឆ្នាំ២០០៤ គឺប្រទេសថៃគាត់ធ្វើជំរឿន ទៅមាន ពលករយើងនៅទីនោះជាង៦០ម៉ឺននាក់ក៏ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០១៥ គឺខាងប្រទេសថៃ គាត់បាន ធ្វើជំរឿនឡើងវិញ គឺឃើញថាប្រជាពលករយើងដែលនៅប្រទេសថៃនេះ មានចំនួនត្រឹមតែ ជាង៤០ ម៉ឺននាក់ប៉ុណ្ណោះ អញ្ចឹងហើយបានជាយើងឃើញថា ចំនួននេះមានការប្រែប្រួល» ។

ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា ការថយចុះតួលេខនៃពលករខ្មែរនៅក្រៅប្រទេសនេះ មានតែប្រទេសថៃប៉ុណ្ណោះ ចំណែកប្រទេសផ្សេងៗទៀតមិនមានការធ្លាក់ចុះទេ។ បច្ចុប្បន្នក្រៅពីការ បញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី កម្ពុជាក៏បានចុះកិច្ច ព្រមព្រៀងដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអូឌីតផងដែរ ហើយឆ្នាំ២០១៥ កន្លង ទៅ នេះ កម្ពុជាបានទទួលចំណូលជាង១ពាន់លានដុល្លារ ពីការបញ្ជូនពលករទៅក្រៅប្រទេស៕

website_news/2016190203.txt · Last modified: 2017/02/27 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki