website_news:2016190204

ស្ថានទូតខ្មែរអន្តរាគមន៍ជួយដល់ ពលការិនីខ្មែរ២រូបទៀត ដែលជួបការលំបាកក្នុងការបំពេញការងារ នៅប្រទេសម៉ាឡេស៊ី

(http://www.freshnewsasia.com/-2016-02-18-)

ភ្នំពេញ)៖ ស្ថានឯកទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី នាថ្មីៗនេះ បានអន្តរាគមន៍ជួយពលការិនីខ្មែរ០២នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយ ជួបប្រទះការលំបាកក្នុងការងារ ដើម្បីឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ក្រសួងការបរទេសបានបញ្ជាក់ថា ពលការិនីខ្មែរទាំង០២នាក់នោះ មានទី១- ប៊ុន ចាន់ដេត អាយុ២៥ឆ្នាំ នៅភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របូរី ខេត្តក្រចេះ ដែលបានទៅធ្វើការជាស្រ្តីជំនួយការ មេផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ និងបានមកស្ថានទូត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែនៅសេសសល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រោយពីមានការអន្តរាគមន៍យ៉ាងស្វិតស្វាញរបស់ស្ថានទូត ថៅកែបានយល់ព្រមបើក ប្រាក់ខែដែល នៅសេសសល់គ្រប់ចំនួនឲ្យពលការិនី ប៊ុន ចាន់ដេត ព្រមទាំងបានបង់ប្រាក់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងបានទិញសំបុត្រយន្តហោះឲ្យទៀតផង និងទី២- ឌី ស៊ីណេត អាយុ២៥ ឆ្នាំ នៅភូមិបិទ ស្លាស្នាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅធ្វើការជាអ្នកបោសសំអាតនៅ ប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ និងបានមកស្ថានទូត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ សុំអោយជួយបានត្រឡប់មកកម្ពុជាវិញ។ តាមការប្រកាសរបស់ក្រសួងនេះ, ពលការិនីទាំង ពីរនាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១៦៖០០ តាមជើងយន្តហោះ AK ៥៣៤៕

website_news/2016190204.txt · Last modified: 2017/02/27 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki