website_news:2016190401

ពលករខ្មែរជាង ៤០០នាក់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួន

(http://www.dap-news.com/kh/) អង្គារ, ១៩ មេសា ២០១៦ 09:34 ដោយ: តឹក សុខលាង ID:039

ភ្នំពេញ៖ របាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា សភាពការណ៍នៅតាមព្រំដែន នៅទូទាំង ២៥ រាជធានី-ខេត្ត មានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរ ប៉ុន្តែទោះបីជាស្ងប់ស្ងាត់ក្តី ក៏ខាងភាគីថៃនៅតែបន្ត ឃាត់ខ្លួនពលករខ្មែរចំនួន ៤០៤នាក់ផងដែរ។ បើយោងតាមរបាយការណ៍ដដែល ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានបង្ហាញថា នៅតាមច្រកព្រំដែន កម្ពុជា-ថៃ នៅតែមានសកម្មភាព នៃការឃាត់ខ្លួន ពលករខ្មែរខុសច្បាប់ ដែលកំពុងបំរើការងារ នៅក្នុងប្រទេសថៃ។ ពលករទាំងនោះ ក៏ត្រូវបានភាគីថៃធ្វើការចាប់ខ្លួន និងបញ្ជូនត្រឡប់មក កម្ពុជាវិញស្ទើររាល់ថ្ងៃ។

ជាក់ស្តែងក្នុងរយៈពេល៤ថ្ងៃ នៃពិធីចូលឆ្នាំខ្មែរកន្លងមកនេះ មានពលករខ្មែរសរុបជាង៤០៤នាក់ ត្រូវបានភាគីថៃចាប់បញ្ជូនខ្លួន ឲ្យត្រឡប់មកកម្ពុជាវិញ ក្នុងនោះស្រីចំនួន ១៣៥នាក់ និងកុមារ ៣៥នាក់។

ចំនួនពលករទាំងនោះ ត្រូវបានមន្ត្រីអង្គការសង្គម ស៊ីវិលប៉ាន់ប្រមាណថា ពួកគេអាចនិងត្រឡប់ទៅ ប្រទេសថៃវិញទាំងខុសច្បាប់ តាមច្រករបៀងព្រំដែនតូចៗ ជាច្រើនកន្លែង ក្រោយពេលដែលពិធី បុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់៕

website_news/2016190401.txt · Last modified: 2017/02/28 12:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki