website_news:2016190402

កម្ពុជា មានកម្លាំងពលកម្មប្រមាណ ៧០ម៉ឺននាក់ កំពុងធ្វើការនៅក្រៅប្រទេស

(http://www.dap-news.com/kh/) ថ្ងៃច័ន្ទ, ១៨ មេសា ២០១៦ 12:16 ដោយ: ប៊ុត ប្រយុទ្ធ ID:004

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះ កម្លាំងពលកម្មរបស់កម្ពុជា មានប្រមាណ ៧០ម៉ឺននាក់ ដែលបានចេញទៅធ្វើការ នៅក្រៅប្រទេស ក្នុងនោះមានប្រទេសថៃ ច្រើនជាងគេ ដែលមានចំនួន ៥០ម៉ឺននាក់ បន្ទាប់មកមានសាធារណៈរដ្ឋកូរ៉េ ជិត ៦ម៉ឺននាក់ និងម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត។

លោករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការបម្រើការងារ នៅក្រៅប្រទេសគឺជាបញ្ហា ប្រឈមនឹងជាឱកាសផងដែរ ហើយឱកាសនៅត្រង់ថា ការងារដែលពលក ទៅធ្វើនោះគឺប្រាក់ឈ្នួល អាចច្រើនជាងក្នុងស្រុក នឹងលក្ខខណ្ឌការងារប្រសើរជាង ហើយក្រៅពីនេះ ពលករនឹងទទួលបាន ផលចំណេញច្រើន ទាំងផ្នែកជំនាញ និងទាំងបច្ចេកទេស។ លោករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា ថ្វីបើកន្លងមកប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅក្រៅប្រទេសមានបញ្ហាប្រឈមមួយចំនួន ដូចជា ការរំលោភបំពានសិទ្ធិ នឹងការកេញប្រវញ្ចផ្សេងៗក៏ដោយ ប៉ុន្តែខាងរាជរដ្ឋាភិបាល និងក្រសួងការងារ បានឆ្លើយតបតាមប្រព័ន្ធការទូត និងផ្សេងៗ ដើម្បីជួយសង្រ្គោះដល់ពួកគាត់ ឲ្យរួចផុតពីភាពងាយរងគ្រោះ។ លោករដ្ឋមន្រ្តី បានប្រៀបធៀបថា ប្រជាពលរដ្ឋដែលបានចេញទៅបម្រើការ នៅក្រៅប្រទេសនោះ ប្រៀបបានពួកគាត់ ជាវីរបុរស នឹងបើគិតត្រឹមតែ ៣០% ដែលប្រជាពលរដ្ឋ ធ្វើការក្រៅប្រទេស ផ្ញើលុយមកស្រុកវិញ ជូនឳពុកម្តាយ មានប្រមាណ ១ពាន់លានដុល្លារ ក្នុង១ឆ្នាំដែលបាន រួមចំណែក យ៉ាងច្រើន ជួយសេដ្ឋកិច្ចជាតិ។

កន្លងមកមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលសម្ដែងការបារម្ភពីបញ្ហាសុវត្ថិភាពពលករចំណាកស្រុក ទៅក្រៅប្រទេស ដែលមិនទាន់អាចកាត់បន្ថយ បានហើយស្នើឲ្យរដ្ឋាភិបាល និងប្រទេសជាសមាជិកអាស៊ានឲ្យមានវិធានការថ្មីទៀតសម្រាប់ឆ្នាំ២០១៦នេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា ក្រសួងការងារ ក៏មានផែនការក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស បង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរ ហើយចំពោះការងារក្រៅប្រទេស មិនមែនមានតែពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ សូម្បីតែប្រទេសក្នុងតំបន់ និងលើពិភពលោក តែងមានលំហូរពលកម្ម ដូចគ្នាដែរ៕

website_news/2016190402.txt · Last modified: 2017/02/28 12:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki