website_news:2016190501

អាជ្ញាធរចាប់ផ្ដើមរឹតបន្តឹងករណីលួចឆ្លងដែនខុសច្បាប់ចូលដីថៃ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Thu, 19 May 2016 ឃុត សុភចរិយា

បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានដាក់ចេញនូវវិធានការមួយចំនួនរួមទាំងការដាក់ពង្រាយកម្លាំងល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ជនចំណាកស្រុកដែលព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារនៅប្រទេសថៃ។ ការដាក់វិធានការនេះធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានជនចំណាកស្រុកមួយចំនួនបានលួចឆ្លងដែនខុសច្បាប់ទៅថៃហើយបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួសជាច្រើននាក់ និងមួយចំនួនទៀតបានជាន់មីនរបួសនៅតាមព្រំដែនដោយសារតែរត់គេចពីការតាមចាប់ពីសមត្ថកិច្ចថៃ។

លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានថ្លែងថា ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅតាមព្រំដែនក្នុងនោះមានបទល្មើសរត់ពន្ធអំពើជួញដូរមនុស្ស និងគ្រឿងញៀន និងការលួចឆ្លងដែនទៅរកការងារដោយខុសច្បាប់នៅថៃ នោះសមត្ថកិច្ចទាំងអស់ត្រូវដាក់ពង្រាយកម្លាំងឈរជើងនៅច្រកព្រំដែន និងចុះល្បាតជាប្រចាំតាមបន្ទាត់ព្រំដែនពិសេសត្រូវលុបបំបាត់ច្រករបៀងខុសច្បាប់។ លោកបានព្រមានថានឹងដាក់ពិន័យឲ្យបានធ្ងន់តាមច្បាប់ទៅលើមន្ត្រីកងកម្លាំងណាដែលឃុបឃិតជាមួយក្រុមឈ្មួញទុច្ចរិតលួចបើកច្រករបៀងល្មើសច្បាប់ដើម្បីរំដោះទំនិញគេចពន្ធគយ និងអនុញ្ញាតឲ្យមានការលួចឆ្លងដែនខុសច្បាប់។

លោកបានបញ្ជាក់ថា៖ «មន្ត្រីកងកម្លាំងណាម្នាក់ដែលលួចបើកឲ្យចរាចរណ៍នូវច្រករបៀងនឹងត្រូវប្រឈមនឹងការដាក់ពិន័យធ្ងន់ធ្ងរតាមច្បាប់រដ្ឋបាល និងអាចឈានដល់ការបកស័ក្ដិដាក់គុកផងដែរ ព្រោះច្រករបៀងមិនគ្រាន់តែជាកន្លែងដែលក្រុមឈ្មួញទុច្ចរិតរំដោះទំនិញគេចពន្ធប៉ុណ្ណោះទេតែវាក៏ជាកន្លែងពួកក្រុមឧក្រិដ្ឋជនព្រៃឈើ និងគ្រឿងញៀនឆ្លងកាត់ និងដោះដូរទំនិញផងដែរ»។

ជាមួយគ្នានេះលោក សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យបានដាក់បញ្ជាឲ្យស៊ើបអង្កេតរកមុខសញ្ញាមេខ្យល់ដែលតែងកៀរគរពលរដ្ឋតាមមូលដ្ឋានឲ្យធ្វើចំណាកស្រុកខុសច្បាប់ដើម្បីចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថាពលករខ្មែរចំណាកស្រុកទៅរកការងារធ្វើក្នុងប្រទេស ថៃ ដោយខុសច្បាប់រាប់រយនាក់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញជារៀងរាល់ថ្ងៃតាមច្រកអន្តរជាតិ ប៉ោយប៉ែត និងច្រកមួយចំនួនទៀតក្នុងស្រុក ស្វាយចេក អូរជ្រៅ ម៉ាឡៃ និងស្រុកថ្មពួកក្នុងខេត្តបន្ទាយមានជ័យ៕

website_news/2016190501.txt · Last modified: 2017/03/02 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki