website_news:2016190802

អាជ្ញាធរកម្ពុជានឹងបិទច្រករបៀងទាំងអស់ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅថៃ

(http://vayofm.com/news) 16-08-2016 11:44 am

បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃជាញឹកញាប់នៅដើមខែសីហានេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅប្រទេសថៃ បាននាំគ្នាចាកចេញពីប្រទេសថៃ សម្រុកចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរទាំងនោះ អភិបាលខេត្តបន្ទាយមានជ័យ លោកសួន បវរ ថា នឹងបង្កើនការយកចិត្តទុកដាក់ ការពារសុវត្ថិភាពអ្នកទេសចរ ជាពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតំបន់រមណីយដ្ឋានទេសចរណ៍ ឲ្យបានកាន់តែប្រសើរថែមទៀត ហើយច្រករបៀងទាំងអស់នឹងត្រូវបិទ ព្រោះអាចមានការប្រព្រឹត្តបទល្មើសឆ្លងដែន ការជួញដួរខុសច្បាប់ផ្សេងៗ។

ជាការគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រទេសថៃដែលដឹកនាំដោយរបបយោធា នៅរយៈកាលចុងក្រោយនេះ មានការបំផ្ទុះគ្រាប់បែក បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅប្រទេសនេះ។ដើម្បីកាពារសុវត្ថិភាពផ្ទាល់ខ្លួន ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បាននាំគ្នាចាកចេញពីប្រទេសថៃ សម្រុកចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តបន្ទាយមានជ័យ លោកសួន បវរ បានលើកឡើងថា អាជ្ញាធរខេត្តនឹងបង្កើនការយកចិត្តទុកដាក់ ការពារសុវត្ថិភាពអ្នកទេសចរ ជាពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតំបន់រមណីយដ្ឋានទេសចរណ៍ ឲ្យបានកាន់តែប្រសើរថែមទៀត។

ដោយឡែកច្រករបៀង ដែលជាច្រកខុសច្បាប់ លោកសួន បវរ បញ្ជាក់ថា នឹងត្រូវបិទទាំងអស់ ព្រោះអាចមានការប្រព្រឹត្តបទល្មើសឆ្លងដែន ការជួញដួរខុសច្បាប់ផ្សេងៗ។ លោក សួន បវរ ឲ្យដឹងទៀតថា រហូតមកទល់ពេលនេះស្ថានភាព នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលជាធម្មតា ពោលគឺចេញមួយពាន់នាក់ ចូលមួយពាន់នាក់ក្នុងមួយថ្ងៃជាប្រក្រតី។ប៉ុន្តែយ៉ាងណា នៅរយៈកាលចុងក្រោយ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ជាញឹកញាប់នៅប្រទេសថៃ លោកទទួលស្គាល់ថា អាចមានកំណើនអ្នកទេសចរអន្តរជាតិ ចេញពីថៃចូលមកកម្ពុជា តាមច្រកអន្តរជាតិមួយនេះ។តែលោកថា តួលេខយ៉ាងណានៅមិនទាន់ជាក់លាក់នៅឡើយទេ ព្រោះមិនទាន់បានទទួលរបាយការណ៍ពីមន្ត្រីច្រកទ្វារ។

សូមបញ្ជាក់ថា ក្នុងសប្តាហ៍ទី២ នៃខែសីហានេះ ប្រទេសថៃកើតមានបញ្ហាអសន្តិសុខ ដោយមានការបំផ្ទុះគ្រាប់ ជាច្រើនលើកនៅកន្លែងផ្សេងគ្នា បង្កការភ័យខ្លាចដល់អ្នកទេសចរអន្តរជាតិ ហើយពួកគេ បាននាំគ្នាសម្រុកចាកចេញពីប្រទេសនេះ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ បញ្ហានេះ អាជ្ញាធរកម្ពុជាត្រូវតែបង្កើនការយកចិត្តទុកដាក់ ការពារសុវត្ថិភាពដល់អ្នកទាំងនោះ ដើម្បីបង្កើនទំនុកចិត្ត ទាក់ទាញកំណើនទេសចរមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕ ដោយ៖ខាត់ សុធី

website_news/2016190802.txt · Last modified: 2017/03/11 18:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki