website_news:2016190803

គ្មានការបិទច្រកព្រំដែនជាឯកត្តោភាគី និងគ្មានហឹង្សាលើពលករកម្ពុជា: ជឿទាំងបុកពោះ?

(http://www.cen.com.kh) ថ្ងៃទី 19 សីហា 2016, ម៉ោង 10:01:AM ដោយ: បន្ទាយ

បន្ទាយមានជ័យ: មន្ត្រីលេខាធិការនៃគណ:កម្មាធិការព្រំដែនថ្នាក់តំបន់ឬថ្នាក់ខេត្តបន្ទាយមានជ័យ បាត់ដំបងប្រទេសកម្ពុជានិងខេត្តស្រះកែវប្រទេសថៃកាលពីថ្ងៃទី១៧សីហាបានអះអាងជាថ្មី ថាភាគីទាំង២បានដាក់ខ្លឹមសាររបៀបវារ:ជាច្រើនចូលក្នុងស្មារតីអង្គប្រជុំថ្នាក់ដឹកនាំរបស់ខ្លួននាកិច្ចប្រជុំពេលខាងមុខ។ ក្នុងនោះមានខ្លឹមសារទាក់ទិនជម្រុញកុំអោយបិទច្រកព្រំដែនជាឯកតោភាគី,ការបាញ់ប្រហារ ប្រើអំពើហឹង្សារឬរំលោភបំពានសិទ្ធិមនុស្សលើពលករខ្មែរ…ដូចថៃធ្លាប់ធ្វើកន្លងមក។

មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ ជំនាញស៊ីវិល និងកងកម្លាំងថៃបានលើឡើងពីការជម្រុញ ពង្រីកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិល្អនិងជិតស្និតលើច្រើនវិស័យ។ ក្នុងនោះមាន:ជម្រុញកំណើនធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ មនុស្ស វិនិយោគ ការបង្កើតតំបន់សេដ្ឋកិច្ច ទេសចរណ៍។ ជម្រុញការតភ្ជាប់ផ្លូវដែកអារញ្ញា-ប៉ោយប៉ែតសល់៦គ.មអោយបានឆាប់។ ឯវិស័យការងារវិញ ថៃត្រូវប្តូរប័ណ្ណអនុញ្ញាតស្របច្បាប់ពណ៍ស៊ីជម្ពូមកជាពណ៍ផ្កាឈូកមានសុពលភាព២ឆ្នាំជូនពលរដ្ឋកម្ពុជាធ្វើការនិងប្រកបរបរនៅខេត្តស្រះកែវជាង៥.០០០នាក់និងធ្វើប័ណ្ណព្រំដែនជូនពលរដ្ឋកម្ពុជាជាង១៥.០០០នាក់។

ចំណែកវិស័យការពារ សន្តិសុខព្រំដែនវិញ ភាគីកម្ពុជាបានស្នើបញ្ចូលខ្លឹមសារថា ការបិទច្រកព្រំដែនមិនត្រូវធ្វើឡើងជាឯកត្តោភាគីដូចភាគីថៃធ្លាប់ធ្វើទៀតទេ។ ភាគីថៃក៏សន្យាជាថ្មីថានឹងមិនប្រើកម្លាំង ការគំរាមកំហែងដោយអាវុធឬសេដ្ឋកិច្ចនៅព្រំដែន។ ហើយក៏មិនប្រើហឹង្សា រំលោភច្បាប់ រំលោភសិទ្ធិមនុស្ស មិនបាញ់សម្លាប់ឬវាយដំពលរដ្ឋកម្ពុជាទៀតទេ។ ផ្តល់ព៍ត័មាននិងទប់ស្កាត់បទល្មើសឆ្លងដែន បទល្មើសឧក្រិដ្ឋកម្ម ភេរវកម្ម គ្រឿងញៀនតាមព្រំដែន។ ជម្រុញសហប្រតិបត្តិការវិស័យគ្រប់គ្រង់ អភិរក្សព្រៃឈើ បរិស្ថាន គ្រោះមហន្តរាយ ។លើកកម្ពស់ជីវភាព សុខភាព ការសិក្សាអប់រំកីឡា វប្បធម៍សិល្ប: ប្រពៃណី កីឡាបាល់ទាត់មន្ត្រីរាជការ កងកម្លាំង និងយុវវ័យនិងបាល់ទះសិស្ស ការប្រគល់សម្ភារ:កីឡា។

លោកធម្មសាត រតន:ថាន់យ៉ា អភិបាលរងខេត្តស្រះកែវប្រទេសថៃជាម្ចាស់ផ្ទះនិងលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំនោះបានគាំទ្រពង្រាងខ្លឹមសារទាំងនោះដាក់ក្នុងរបៀបវារ:ប្រជុំថ្នាក់ដឹកនាំគណ:កម្មាធិការព្រំដែនតំបន់នាថ្ងៃទី២៦ សីហា។ លោកក៏លើកដែរពីខ្លឹមសារត្រូវលើកស្នើដើម្បីបើកច្រកព្រំដែនថ្មីៗដូចជាច្រកតំបន់៤៣-ណូនម៉ាក់មុន។ ច្រកតំបន់តេជោសែនភ្នំឆ័ត្រ។ ច្រកព្រំដែនអន្តរជាតិអូរនាង-ប៉ារ៉ៃ។ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន និងច្រកព្រដែនរទេះអូសនៅអមច្រកអន្តរជាតិប៉ោយប៉ែត និងការឡើងកម្រិតជាច្រកព្រំដែនអន្តរជាតិភ្នំដី-ខាវឌិន។

ប៉ុន្តែមន្ត្រីយោធានិងអាជ្ញាធរកម្ពុជាប្រាប់CEN ថ្ងៃទី១៨សីហាដោយបានរិះគន់ថា: ខ្លឹមសាររបៀបវារ:នោះ អាចគ្រាន់តែលើកឡើង តែមិនដែលអនុវត្តន៍ជាការពិតឡើយ។ ហើយករណីចាំបាច់និងក្តៅគគុក ថៃពង្វាងចោលដូចជាបញ្ហាការធ្វើទុក្ខម្នេញអាជីវករខ្មែររនៅផ្សាររោងក្លឿ រឿងទំនិញរំលោភកម្មសិទ្ធិបញ្ញា និងម៉ាកយីហោ,ការចាប់និងវាយដំពលករខ្មែរនិងដាក់គុក….ជាដើម៕S/S

website_news/2016190803.txt · Last modified: 2017/03/11 18:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki