website_news:2016190807

ស្ថានឯកអគ្គរាជទូតកម្ពុជានៅម៉ាឡេស៊ីអន្តរាគមន៍ជួយពលការិនីខ្មែរ៣នាក់

(http://www.cen.com.kh) (ថ្ងៃទី 18 សីហា 2016, ម៉ោង 07:08:PM)

ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់។ ពលការិនីទាំង៣រូប នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ ម៉ោង៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខAK542។ អំឡុងពេលរង់ចាំការត្រឡប់មកវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារទទួលទាន ដល់ពលការិនីទាំង៣រូប ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ពលការិនីទាំង៣រូប ដែលវិលត្រឡប់មកកម្ពុជាវិញមានដូចជាៈ ១-ពលការិនី មាស ខួច (កើតឆ្នាំ១៩៩១) មកពីខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ចូលប្រទេស ម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការជាអ្នកបោសសំអាត។ ដោយទ្រាំទ្រនឹងការងារលំបាកពុំបាន នាងបានស្នើសុំស្ថានទូតជួយអោយនាងអាចត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានធ្វើលិខិតបើកផ្លូវ ហើយនាងចេញថ្លៃសំបុត្រយន្តហោះ និងបង់ពិន័យអោយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីដោយខ្លួនឯង។

២-ពលការិនី ហេង ធារី (កើតនៅឆ្នាំ១៩៩៥) មកពីខេត្តកំពង់ចាម បានចូលប្រទេសម៉ាឡេស៊ី កាល ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយធ្វើការងារនៅផ្ទះរបស់ស្ត្រីខ្មែរឈ្មោះ ចាន់ ស្រីនាង។ ដោយរងការវាយធ្វើបាបពីម្ចាស់ផ្ទះ ពលការិនី ហេង ធារី បានស្វែងរកជំនួយពីស្ថានទូត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ស្ត្រីឈ្មោះ ចាន់ ស្រីនាង បានយល់ព្រមផ្តល់ប្រាក់ខែដែលនៅសល់ បូក រួមនឹងប្រាក់សងជំងឺចិត្តសរុប១០០០ដុល្លារអាមេរិក និងទិញសំបុត្រយន្តហោះសម្រាប់ពលការិនីរងគ្រោះ ព្រមទាំងបង់ថ្លៃពិន័យអោយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីផងដែរ។

៣-ពលការិនី បាវ សុខអេង (កើតឆ្នាំ១៩៨៩) មកពីខេត្តកំពង់ចាម បានធ្វើដំណើរចូលប្រទេស ម៉ាឡេស៊ីដោយខ្លួនឯង កាលពីខែឧសភា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នាងបានស្នើស្ថានទូត ជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានធ្វើលិខិតបើកផ្លូវ ហើយនាងបានទិញសំបុត្រយន្តហោះ និងបង់ពិន័យអោយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីដោយខ្លួនឯង៕s/e

website_news/2016190807.txt · Last modified: 2017/03/11 18:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki